អានតួអត្ថបទ
កម្ពុជា សង្គម

ពលករខ្មែរចំនួន២៩នាក់ត្រូវមកដល់កម្ពុជាវិញនៅថ្ងៃនេះ បន្ទាប់ពីជាប់គាំង៥ខែនៅប្រទេសហ៊្សកដានី

ពលករ​ខ្មែរ​ចំនួន​២៨​នាក់​និង​ទារក​ម្នាក់​ផង​នាក់​ ត្រូវ​មក​ដល់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ ​បន្ទាប់​ពី​ជាប់​គាំង​នៅ​ប្រទេស​ហ៊្សកដានី​រយៈពេល​៥​ខែ​ក្រោយ​ពី​រោង​ចក្រ​វាយនភណ្ឌ​ចំនួន​០២​នៅ​ប្រទេស​នេះ​បញ្ឈប់​កិច្ច​សន្យា​ការងារ​។ ការ​មក​ដល់​នៃ​ពលករ​ខ្មែរ​ទាំងនេះ​គឺ​បន្ទាប់​ពី​មាន​ការ​អន្តរាគមន៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​ តាមរយៈ​ស្ថានទូត​កម្ពុជា​នៅ​ប្រទេស​អេហ្ស៊ីប​ ក្រោយ​ពី​មាន​ការ​អំពាវនាវ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​ និង​ សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​១​កក្កដា។

ពលករ​ខ្មែរ​ដែលជាប់គាំងនៅប្រទេស​ហ៊្សកដានី ដែលនឹងត្រលប់មកកម្ពុជាវិញ
ពលករ​ខ្មែរ​ដែលជាប់គាំងនៅប្រទេស​ហ៊្សកដានី ដែលនឹងត្រលប់មកកម្ពុជាវិញ © សហការី
ផ្សាយពាណិជ្ជកម្ម

ពលករ​ខ្មែរទាំង២៩នាក់នេះ បានចេញដំណើរដោយជោគជ័យពីទីក្រុង Amman ត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣:៥០ ត្រូវទៅដល់កម្ពុជានៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៨:១៥​ តាមជើងយន្តហោះជម្លៀសពិសេសរបស់ មីយ៉ាន់ម៉ា ​លេខ​ 8M 1105។ នេះបើតាម​ស្ថានកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប។

 ពលករខ្មែរទាំងនោះ​ត្រូវបាន​រោងចក្រកាត់ដេរនៅទីក្រុងអាល់ការ៉ាក់ (Al-Karak) នៅប្រទេសហ៊្សកដានី បញ្ចប់កិច្ចសន្យាការងារកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។ នេះយោងតាមមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់។

យោងតាមកិច្ចសន្យាសម្រាប់ពលករចំណាកស្រុកក្នុងប្រទេសហ៊្សកដានី និង កិច្ចព្រមព្រៀងដោយផ្ទាល់មាត់របស់ពលករជាមួយក្រុមហ៊ុន មុនពេលដែលពួកគេបានចេញដំណើរពីប្រទេសកម្ពុជា ក្រុមហ៊ុន Vega Textile  និង Camel Textile ជាអ្នកទទួលខុសត្រូវក្នុងការទិញសំបុត្រយន្តហោះឱ្យពួកគេត្រឡប់មកប្រទេសកម្ពុជាវិញ នៅពេលកិច្ចសន្យាការងារត្រូវបានបញ្ចប់។ ប៉ុន្តែក្រុមហ៊ុនទាំងពីរនេះ ខកខានមិនបានទិញសំបុត្រយន្តហោះ ព្រមទាំងមិនបានជូនដំណឹងដល់ពលករខ្មែរអំពីពេលវេលាដែលក្រុមហ៊ុនគ្រោងទិញសំបុត្រយន្តហោះនោះទេ។

លើសពីនេះទៀត ក្រុមហ៊ុន Vega Textile និង Camel Textile មិនបានផ្តល់អត្ថប្រយោជន៍ផ្នែកគាំពារសង្គមដែលកន្លងមកក្រុមហ៊ុនបានកាត់ពីប្រាក់ឈ្នួលរបស់ពលករជារៀងរាល់ខែដែលអត្ថប្រយោជន៍ទាំងនោះយ៉ាងហោចណាស់ប្រមាណ ១០០០ ដុល្លារអាមេរិកសម្រាប់ពលករម្នាក់ៗ ។ នេះ​បើតាម​អង្គការដដែលនេះ។

សូមបញ្ជាក់ថា ការមកដល់​របស់ពលករខ្មែរទាំងនេះ គឺជួនចំពេល​ដែល​កម្ពុជា​ត្រូវផ្អាកជើង​ហោះហើរ​ពីប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១​សីហា តទៅ ដោយសារតែ​អ្នក​ដំណើរមកពីប្រទេសទាំង​ពីរ​នេះ ត្រូវបានរកឃើញថាមានឆ្លងជំងឺកូវីដ១៩ច្រើនជាងគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ