អានតួអត្ថបទ
កម្ពុជា សង្គម

កម្ពុជា-វៀតណាម បោះពុម្ពផែនទីព្រំដែនខ្នាត១លើ២៥ពាន់ ខណៈអ្នករិះគន់ថាជាផែនទីសម្ងាត់

ផែនទី​ព្រំដែន​ថ្មី​ខ្នាត​១/២៥ ០០០ ​ត្រូវ​បាន​មន្ត្រី​កិច្ចការ​ព្រំដែន​កម្ពុជា​ទៅ​ទទួល​យក​ផ្ទាល់​ដៃ​ពី​មន្ត្រី​កិច្ចការ​ព្រំដែន​វៀតណាម​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ុក​បាយ ខេត្ត​តៃនិញ ​ប្រទេស​វៀតណាម ​កាល​ពី​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០២០​នេះ។ សម្រាប់​មន្ត្រី​ជាន់ខ្ពស់​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ហៅ​ផែនទី​ថ្មី​នេះ​ថា​ជា​ផែនទី​«សម័យទំនើប» ប៉ុន្តែ​មន្ត្រី​ជំនាញ​ព្រំដែន​របស់​អតីត​គណបក្ស​ប្រឆាំង​បាន​ហៅ​ផែនទី​ថ្មី​ខ្នាត​១/២៥ ០០០​នេះ​ថា​ជា​«ផែនទី​សម្ងាត់​ដែល​គូស​វាស​ដោយ​វៀតណាម»ឲ្យ​កម្ពុជា​ប្រើប្រាស់។

ពិធីប្រគល់-ទទួល ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម
ពិធីប្រគល់-ទទួល ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម © FB
ផ្សាយពាណិជ្ជកម្ម

ការ​ប្រគល់​ និងទទួលយក​ផែនទី​ខ្នាត១/២៥ ០០០ សម្រាប់​កំណត់ព្រំដែន​កម្ពុជា និង​វៀតណាមនេះ ត្រូវបានធ្វើឡើង​នៅចំពោះមុខ​ ​គណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក​ វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី ក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកភាគីវៀតណាម។

លោកស្រី កុយ ពិសី អនុប្រធាន លេខាធិការដ្ឋានអចិន្រ្តៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែកម្ពុជា និង លោក ហ៊្វូង ថេឡុង អនុប្រធានគណៈកម្មការព្រំដែនរដ្ឋនៃក្រសួងការបរទេសវៀតណាមគឺជាអ្នកធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងឯកភាពទទួលយក សៀវភៅផែនទីឋានលេខាព្រំដែន ដែលបានចងក្រងរួច ចំនួន ៥០០ច្បាប់ដើម។ ក្នុងនោះភាសាខ្មែរ-វៀតណាមចំនួន២៥០ច្បាប់ និងភាសាវៀតណាម-ខ្មែរចំនួន ២៥០ច្បាប់ ដែលបានចងជាអាល់ប៊ុម (album) ត្រូវតាមបទដ្ឋានបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួន។ នេះបើតាមហ្វេសប៊ុក​របស់លោកស្រី កុយ ពិសី។

បើតាម​មន្ត្រីជាន់ខ្ពស់​កិច្ចការព្រំដែនដដែលនេះ ផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម មាត្រដ្ឋាន ១/២៥ ០០០ នេះ បានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែលប្រទេសទាំងពីសម្រេចបាន។ ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមមិសាស្រ្តនៅ លើដីជាក់ស្តែងបានយ៉ាងជាក់លាក់ ងាយស្រួលក្នុងការ ប្រើប្រាស់ មិនដូចផែនទីបោនខ្នាត ១/១00 ០០០ នោះទេ។

ប៉ុន្តែលោក អ៊ុំ សំអាន មន្ត្រីជំនាញ​​ ព្រំដែន​របស់​អតីតគណបក្សសង្រ្គោះជាតិ បានហៅ​ផែនថ្មី​ខ្នាត១/២៥ ០០០នេះថាជា«ផែនទីសម្ងាត់​ដែលគូសវាសដោយវៀតណាម»ឲ្យកម្ពុជា។ អ្នករិះគន់ព្រំដែនដែលធ្លាប់​ជាប់ពន្ធនាគាររូបនេះ បានជំរុញឲ្យរដ្ឋាភិបាល​កម្ពុជាបង្ហាញផែនទីខ្នាត១/២៥ ០០០នេះជាសាធារណៈដើម្បីឲ្យកូនខ្មែរបានមើលនិងបានដឹង ព្រមទាំងធ្វើការផ្ទៀងផ្ទាត់ផែនទីថ្មីនេះជាមួយផែនទីបោន ខ្នាត ១/១០០ ០០០ របស់បារាំង ថាតើមានភាពខុសគ្នាឬយ៉ាងណា?

យ៉ាងណាក៏ដោយ លោកស្រី កុយ ពិសី គូសបញ្ជាក់ថា ផែនទីខ្នាត ១/២៥ ០០០នេះ គឺមិនមែន​គូស​ដោយ​វៀតណាមនោះទេ គឺគូសដោយភាគីទាំងពីរ ហើយបោះពុម្ភដោយក្រុមហ៊ុននៅប្រទេសដាណឺម៉ាក តាមសំណើរបស់កម្ពុជានិងវៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ