អានតួអត្ថបទ
កម្ពុជា សង្គម

ក្រុមអ្នកគាំទ្រប្រើប្រាស់យុទ្ធនាការតាមហ្វេសប៊ុក និងផ្តុំការតវ៉ាផ្ទាល់ ដើម្បីទាមទារឱ្យដោះលែងលោករ៉ុង ឈុន

គិត​មក​ដល់​ថ្ងៃនេះ​ គឺ​ថ្ងៃ​ទី​៤​ហើយ​ដែល​លោក​រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ក្រោយ​និយាយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​។ ការ​ចាប់​ខ្លួន​នេះ​ បង្ក​ជា​ភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង​។ ក្រុម​អ្នក​គាំទ្រ​ អ្នក​នយោបាយ​ អ្នក​វិភាគ​ អ្នក​ឃ្លាំមើល​ និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ប្រើប្រាស់​គណនី​ ឬ​ ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ទាមទារ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ ក៏​ដូចជា​តុលាការ​កម្ពុជា​ដោះលែង​លោក​រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។ ចំណែក​ អ្នក​គាំទ្រ​មួយ​ចំនួន​ទៀត​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​ក្នុង​គោល​បំណង​ទាមទារ​ឱ្យ​ដោះលែង​ដូច​គ្នា​នេះ​។

លោក រ៉ុង ឈុន
លោក រ៉ុង ឈុន © RFI
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការទាមទារឱ្យដោះលែងនេះ ធ្វើឡើងចាប់តាំងពីអាជ្ញាធររដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនលោករ៉ុង ឈុន ភ្លាមៗមកម្លេះ។ ការប្រមូលផ្តុំតវ៉ាដោយផ្ទាល់ទាមទារឱ្យដោះលែងលោករ៉ុង ឈុននេះ បានចេញរូបរាងកាន់តែច្បាស់នៅពេលដែលអាជ្ញាធរបញ្ជូនលោករ៉ុង ឈុន ទៅកាន់តុលាការសាលារាជធានីភ្នំពេញ ដើម្បីសួរចម្លើយ និង ចោទប្រកាន់កាលពីថ្ងៃទី១ ខែសីហា។ ក្រុមអ្នកគាំទ្រក្នុងចំនួនមិនច្រើនប៉ុន្មាន បានទៅប្រមូលផ្តុំគ្នានៅពីមុខតុលាការ ដោយបានលើកបដាជាហូរហែរផង ដោយសរសេរជាភាសាខ្មែរ និងអង់គ្លេសទាមទារដោះលែងលោករ៉ុង ឈុន។ ក្រៅពីលើកបដាទាំងនេះ ក៏បានស្រែកទាមទារឱ្យដោះលែងលោករ៉ុង ឈុន តាមឧឃោសនស័ព្ទថែមទៀតផងដែរ។ មកដល់ថ្ងៃទី៣ ខែសីហានេះ ការធ្វើប្រមូលផ្តុំតវ៉ានៅតែបន្តធ្វើ។

បន្ថែមពីលើការជួបជុំគ្នាទាមទារដោយផ្ទាល់នេះ អ្នកគាំទ្រមួយចំនួន ជាពិសេស អ្នកនយោបាយ អ្នកវិភាគ អ្នកឃ្លាំមើល អ្នកតាមដាន ក៏ដូចជាមន្រ្តីអង្គការសង្គមស៊ីវីលខ្លះបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាមទារឱ្យដោះលែងលោករ៉ុង ឈុន។ យុទ្ធនាការតាមបណ្តាញសង្គមនេះ គឺអ្នកខ្លះបានបន្ថែមរូបលោករ៉ុង ឈុន អមដោយឃ្លាជាភាសាខ្មែរ និងអង់​គ្លេស«ដោះលែងរ៉ុង ឈុន»ភ្ជាប់ជាមួយរូបភាពចាស់លើគណនីហ្វេសប៊ុករបស់ខ្លួន។ ខ្លះទៀតមិនបានធ្វើដូច្នេះទេ គឺគ្រាន់តែសរសេរទាមទារឱ្យដោះលែងលោករ៉ុង ឈុន។ រីឯមួយចំនួនទៀត មិនបានទាមទារឱ្យដោះលែងលោករ៉ុង ឈុនចំៗនោះឡើយ ប៉ុន្តែសរសេរបែបផ្សេងវិញ។

ជាក់ស្តែង លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយកម្ពុជាបានសរសេរលើទំព័រហ្វរសប៊ុកថា បើលោករ៉ុង ឈុន និយាយការពិត គឺមិនមានអីសម្រាប់ចោទថា គាត់ញុះញង់ និងចាប់ខ្លួនគាត់នោះទេ។ ចំណែក លោកពេជ្រ ស្រស់ ដែ​លជាប្រធានគណបក្សយុវជនកម្ពុជាវិញ លោកបានទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ដើម្បីខ្មែរគ្រប់ភាគី​រឹងមាំ និងបង្ហាញនូវភាពខ្លាំងខ្មែរតែមួយ។ លោកក៏បានចាត់ទុកការចាប់ខ្លួនលោករ៉ុង ឈុនថា ប្រៀបបានផ្តល់កាដូឱ្យប្រទេសវៀតណាម ហើយកាន់តែធ្វើឲ្យខ្មែរមានការប្រេះឆាផ្ទៃក្នុងបន្ថែមទៀត បើទោះបីជាលោក រ៉ុង ឈុន និយាយលើស ឬគ្មាន​មូលដ្ឋាន​ច្បាស់លាស់ក៏ពិតមែន ប៉ុន្តែភាគីរដ្ឋាភិបាលអាចចេញសេចក្តីថ្លែងការណ៍បដិសេធបាន។

សូមបញ្ជាក់ថា លោករ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជាត្រូវបានអាជ្ញាធរចាប់ខ្លួនកាល​ពី​វេលា​ម៉ោងប្រមាណជាង ០៩យប់ នាថ្ងៃទី ៣១ កក្កដា ឆ្នាំ ២០២០។ ការចាប់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីរូបលោកតាមរយៈវិទ្យុអាស៊ីសេរីបាននិយាយពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាកម្ពុជា និងវៀតណាមនៅក្នុងខេត្តត្បូងឃ្មុំ។ ក្រោយមក លោករ៉ុង ឈុន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បានឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ