អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វីគេត្រូវធ្វើរ៉ុកកែតអវកាសជាកំណាត់ៗ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូម​លើកឡើង អំពីបច្ចេកវិទ្យារ៉ុកកែត ដែល​គេប្រើដើម្បី​ធ្វើដំណើរ​ទៅ​ទីអវកាស ជាពិសេស​ ផ្តោត​លើ​សំណួរ​មួយ ដែល​គេតែងតែ​ចោទសួរ​ញឹកញាប់​ជាងគេថា​តើហេតុអ្វី​បានជា​គេ​ចាំបាច់​ធ្វើ​រ៉ុកកែត​អវកាស​ជាច្រើន​កំណាត់?

Artist impression of SpaceX's Starship
Artist impression of SpaceX's Starship © SpaceX
ផ្សាយពាណិជ្ជកម្ម

​បច្ចេកវិទ្យារ៉ុកកែត​មាន​មូលដ្ឋានគ្រឹះ​ចេញ​ពី ​ទ្រឹស្តីទី៣ នៃ​ច្បាប់​ចលនា​របស់​អ៊ីសាក់ ញូតុន ដែល​ចែងថា “គ្រប់សកម្មភាព​ទាំងអស់ តែងតែ​មាន​ប្រតិកម្ម​បញ្ច្រាសមកវិញ ក្នុង​កម្លាំង​ស្មើគ្នា”។

រ៉ុកកែត​អាច​មាន​កម្លាំង​ហោះចេញ​ពី​ដី ​យក​ឈ្នះ​កម្លាំងទំនាញ​ផែនដី ហើយ​អាច​ហោះ​ចេញ​ទៅដល់​ទីអវកាសបាន គឺ​ដោយសារ​តែ​មាន​កម្លាំង​ដំណោល​មួយ ដែល​ជា​កម្លាំងប្រតិកម្ម​បញ្ច្រាស​ពី​កម្លាំង​នៃ​លំហូរ​របស់​ហ្កាស ដែល​បញ្ចេញ​ពី​ផ្នែក​ខាង​ក្រោយ​នៃ​តួរ៉ុកកែត។ លំហូរហ្កាស​នេះ គឺ​កើតចេញ​ពី​​​យន្តការ​ចំហេះនៅក្នុង​ម៉ាស៊ីន​រ៉ុកកែត ហើយ​ដើម្បី​អាច​មាន​ចំហេះ គេ​ត្រូវការ​​នូវធាតុផ្សំចាំបាច់​ធំៗ​ចំនួន​ពីរ គឺ​ឥន្ធនៈ និង​អុកស៊ីសែន។

ជាទូទៅ យន្តការ​ចំហេះ​ក្នុង​ម៉ាស៊ីនដែលនៅលើភពផែន​ដី ទោះជា​នៅលើ​ដីគោក ឬ​នៅ​លើ​អាកាស ដូចជា​យន្តហោះ​ជាដើម គេត្រូវការ​តែ​ឥន្ធនៈតែប៉ុណ្ណោះ ដោយសារ​តែ​អុកស៊ីសែន​ គឺ​មាន​ស្រាប់​នៅ​ក្នុង​ខ្យល់។ ក៏ប៉ុន្តែ ចំពោះ​រ៉ុកកែត​អវកាសវិញ គឺ​ត្រូវ​ហោះ​ចេញ​ផុត​ពី​ស្រទាប់​បរិយាកាស​ផែនដី ទៅ​ក្នុង​ទីអវកាស ហើយ​នៅ​ក្នុង​ទីអវកាស​នោះ​គ្មានទេ​អុកស៊ីសែន។ ដូច្នេះ ដើម្បី​ឲ្យ​ម៉ាស៊ីន​រ៉ុកកែត​អាច​មាន​ដំណើរការ​ទៅបាន គេចាំបាច់​ត្រូវ​ដឹក​អុកស៊ីសែន​យក​ទៅ​ជាមួយ។ មានន័យថា នៅ​ក្នុងតួរ៉ុកកែត គឺ​ត្រូវ​មាន​ធុង​ផ្ទុក​ឥន្ធនៈផង និង​ធុង​មួយទៀត​ផ្ទុក​អុកស៊ីសែន ដែល​ជា​ហេតុធ្វើ​ឲ្យ​តួរ៉ុកកែត​ត្រូវ​មាន​ទំហំ​ធំ និង​ទម្ងន់ធ្ងន់។

ចំណុច​សំខាន់​មួយ ដែលគេ​ត្រូវ​កត់សម្គាល់ គឺនៅត្រង់ថា ​នៅពេល​បាញ់​ចេញ​ពី​ដី​ទៅ​ក្នុង​ទីអវកាស កម្លាំង​របស់​រ៉ុកកែតមិនមែន​ត្រូវរ៉ាប់រង​តែ​ទម្ងន់ Payload ដែល​នៅ​ខាង​ចុងនោះទេ ក៏ប៉ុន្តែ ក៏ត្រូវ​រ៉ាប់រងផងដែរ​នូវទម្ងន់​នៃ​តួរ៉ុកកែត​ខ្លួនឯងផ្ទាល់។ដូច្នេះ កម្លាំង​របស់​រ៉ុកកែត​ភាគច្រើន​លើសលុប ត្រូវប្រើ​ ដើម្បី​​យោងតែ​អាត្មាខ្លួនឯងតែប៉ុណ្ណោះ ដោយ​មិន​អាច​ផ្ទុក​ Payload អ្វីបាន​ច្រើន ហើយក៏​មិន​អាច​ធ្វើ​ដំណើរ​ទៅក្នុងទីអវកាស​​បាន​ឆ្ងាយ​នោះដែរ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះហើយ ទើបគេ​ធ្វើ​រ៉ុកកែត​ជា​កំណាត់ៗ​ដាច់ពីគ្នា។ ជាជាង​ត្រូវ​​សណ្តោង​​តួរ៉ុកកែតដែល​ឥតប្រយោជន៍​ ហើយ​ត្រូវ​រ៉ាប់​រង​ទម្ងន់​នៃ​រ៉ុកកែត​ទាំងមូល​​ជាប់​រហូត ការ​ផលិត​រ៉ុកកែត​ជា​កំណាត់ អាច​ឲ្យ​គេ​ទម្លាក់​ចោល​នូវផ្នែក​នៃ​រ៉ុកកែត ដែល​គេ​លែង​ត្រូវការ ហើយ​អាច​សម្រាល​ទម្ងន់​​នៃ​ផ្នែក​​រ៉ុកកែត​ដែល​នៅ​សេសសល់។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ