អានតួអត្ថបទ
កម្ពុជា ស៊ីហ្គេម

សល់១០០០ថ្ងៃទៀត៖កម្ពុជាបង្កើតការ​ផ្សព្វផ្សាយ​ពី​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែលខ្លួនធ្វើជាម្ចាស់ផ្ទះ

ព្រឹត្តិការណ៍​នៃ​ការ​រាប់ថយ​ក្រោយ ១០០០ថ្ងៃ ដំណើរ​ឆ្ពោះទៅ​កាន់​ស៊ីហ្គេម ឆ្នាំ​២០២៣ ត្រូវបាន​រៀប​ចំឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិលមិញ នៅ​ពហុកីឡាដ្ឋាន​ថ្មី​ក្នុង​ខណ្ឌជ្រោយ​ចង្វារ។ នៅ​ចំពោះ​មុខ​នេះ​ កម្ពុជា​ដែល​ជាម្ចាស់​ផ្ទះរៀប​ចំ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ឆ្នាំ២០២៣ កំពុងតែ​ខិត​ខំ​បង្កើន​ការ​ផ្សព្វផ្សាយ​​របស់​ខ្លួន​ដើម្បី​អនុវត្តផែនការ​មេ និង​ផែនទី​បង្ហាញ​ផ្លូវ ឆ្ពោះទៅ​រកភាព​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​។

ព្រឹត្តិការណ៍នៃការរាប់ថយក្រោយ ១០០០ថ្ងៃ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣
ព្រឹត្តិការណ៍នៃការរាប់ថយក្រោយ ១០០០ថ្ងៃ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣ © CAMSOC
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ​២០២៣ ដែល​ហៅ​កាត់​ថា CAMSOC លោក ទៀ បាញ់ បាន​ថ្លែងថា រយៈ​ពេល ១០០០ថ្ងៃ គឺ​ជា​ពេលវេលាដ៏​សំខាន់​ក្នុង​យុទ្ធនាការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឲ្យ​បាន​គ្រប់ជ្រុង​ជ្រោយ ដោយ​ត្រូវ​ពង្រឹង​ស្មារតី សាមគ្គីភាព​ផ្ទៃ​ក្នុង ការ​យោគយល់គ្នា និង​ភាព​ចុះ​សម្រុង​ប្រទាក់​ក្រឡា រវាង​គណៈកម្មការ​ជំនាញ និង​ភាគី​ពាក់ព័ន្ធ ដោយ​ជម្នះ​រាល់ឧបសគ្គ​រាំង​ស្ទះ ដល់​ដំណើរ​ការ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ​ឆ្នាំ​២០២៣ ទាំង​អស់​គ្នា។

ក្នុង​រយៈពេល​១០០០​ថ្ងៃ​នេះ ប្រធាន CAMSOC ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី-ខេត្ត ត្រូ​វខិតខំ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​កីឡា​ស៊ីហ្គេម​ឲ្យ​ជ្រួត​ជ្រាប​ដល់​សាធារណៈ​ជន ដែល​កម្ពុជា​ធ្វើជាម្ចាស់​ផ្ទះ ក្នុង​ប្រវត្តិសាស្ត្រនេះ ​ឲ្យ​បាន​ទូលំទូ​លាយ ដោយ​ប្រើ​ប្រាស់​ ស្លាកសញ្ញា (Logo) និងរូបសត្វតំណាង (Mascot)  យ៉ាងហោចណាស់ មួយ​ផ្ទាំង​នៅ​តាម​សួន​សាធារណៈ​មួយ​កន្លែង។

ការ​ជំរុញការ​ផ្សព្វផ្សាយនេះ គឺ​ធ្វើ​ឡើង បន្ទាប់ពី គណៈកម្មាធិការ​ CAMSOC សម្រេច​​ជ្រើស​រើស​ស្លាកសញ្ញា (Logo) និងរូបសត្វតំណាង(Mascot) សម្រាប់ប្រើផ្លូវការក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោក ទៀ បាញ់ បាន​គូស​បញ្ជាក់​ថា Logo និង Mascot ដែល​ជា​មរតក​របស់​ស៊ីហ្គេម​នេះ គឺ​ជា​កម្មសិទ្ធិបញ្ញា​របស់ CAMSOC ដែល​មិន​អាច​មាន​បុគ្គល​ណា ឬ​ក្រុមណា យកទៅ​ប្រើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី CAMSOC បាន​ឡើយ ខណៈ​ Logo និង Mascot នេះ​ត្រូវ​បាន​ស្នើ​សុំ​ក្រសួង​ពាណិជ្ជកម្ម​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​រួច​ហើយ​។

សូមបញ្ជាក់ថា ការ​ប្រកួត​កីឡាស៊ីហ្គេម​លើកទី៣២​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ​គឺនឹង​​ចាប់ផ្តើម​ពីថ្ងៃទី០៥ ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ២០២៣ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី​១២ ចាប់​ពីថ្ងៃទី០១ ដល់​ថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ​២០២៣​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ