អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍន៍

រដ្ឋាភិបាល​កាត់ដី​ឧទ្យានជាតិ​បុទុមសាគរ​១៦៨​ហិកតា ​ជួលឲ្យយ​ក្រុមហ៊ុនឯកជន​សាងសង់​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម

រដ្ឋាភិបាលកម្ពុជា​បានសម្រេច​ធ្វើអនុបយោគ​ទ្រព្យសម្បត្តិ​សាធារណៈរបស់រដ្ឋ​លើដីទំហំជាង​១៦៨​ហិចតា ​ស្ថិតនៅក្នុង​ឧទ្យានជាតិ​បុទុមសាគរ ​ខេត្តកោះកុង ​ដើម្បីជួលឲ្យក្រុមហ៊ុន​ រ៉ូយ៉ាល់ គ្រុប ​របស់លោក​ឧកញ៉ា គិត ម៉េង ​សាងសង់ជា​រោងចក្រ​ផលិតថាមពល​អគ្គិសនីធ្យូងថ្ម ​ដែលមាន​អនុភាព​ ៧០០​មេហ្គាវ៉ាត់​។ ​ពីចំណែក​អង្គការសង្គមស៊ីវិល​វិញ ​ចង់ឃើញ​រដ្ឋាភិបាល​បង្ហាញពី​របាយការណ៍​សិក្សាលើ​ផលប៉ះពាល់​ផ្នែកសង្គម ​និង​បរិស្ថាន ​មុនមាន​ការសម្រេច​។​

ឧទ្យាន​ជាតិ​បទុមសាគរ
ឧទ្យាន​ជាតិ​បទុមសាគរ © MoE
ផ្សាយពាណិជ្ជកម្ម

តើអ្វីជាការប្រើប្រាស់​ដោយចីរភាព​? ​តើតំបន់​ធម្មជាតិ ​បឹង ​ទន្លេ ​សមុទ្រ ​ប៉ុន្មាន​ទើបកំណត់​ថា​ គ្រប់សម្រាប់​ការ​អភិវឌ្ឍន៍? ​ទាំងនេះ ​គឺជាសំណួរ​តែមិនទាន់មានចម្លើយ​របស់​នាយិកាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​លោកស្រី ​ចក់ សុភាព​ ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ធ្វើអនុបយោគទ្រព្យ​សម្បត្តិ​សាធារណៈរបស់​រដ្ឋ​លើដីទំហំជាង​ ១៦៨.៨០ ​ហិចតា ​ស្ថិតនៅក្នុង​ឧទ្យានជាតិ​បុទុមសាគរ​ ខេត្តកោះកុង ​ជួលអោយ​ក្រុមហ៊ុន​ រ៉ូយ៉ាល់គ្រុប ​របស់លោក​ឧកញ៉ា គិត ម៉េង ​សាងសង់រោងចក្រ​ផលិតថាមពល​អគ្គិសនី​ធ្យូងថ្ម ​ដែលមាន​អនុភាព ​៧០០​ មេហ្គាវ៉ាត់​។

តាមរយៈទំព័រហ្វេសប៊ុក​របស់ខ្លួន ​លោកស្រី ចក់ សុភាព​ បានលើកជា​សំណួរទៀត​ថា ​តើអភិវឌ្ឍន៍​ដើម្បីអ្នក​ណា​? ​តើអ្នកណា​នឹង​ប៉ះពាល់​ពី​រាល់ផលជះទាំងនោះ​?​ តើពលរដ្ឋ ​សហគមន៍ ​នឹង​អាច​ចូលរួម​ក្នុងដំណើរការ​សម្រេចចិត្ត​ដូចនេះ​ដោយរបៀបណា​? ​បន្ថែមលើនេះ ​លោក អៀង វុទ្ធី ​នាយកប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ​និង​លោក ​សាំង សែនករុណា ​អ្នកនាំពាក្យ​សមាគមការពារ​សិទ្ធិមនុស្ស​អាដហុក ​ក៏បានលើកឡើង​ពីការ​ព្រួយបារម្ភ​របស់ពួកគេ ​ពីគម្រោង​អភិវឌ្ឍន៍​ខាងលើនេះ​ដែរ​។ ​សម្រាប់​មន្ត្រីអង្គការ​សង្គមស៊ីវិល​ទាំងពីរខាងលើនេះ ​ចង់ឃើញ​រដ្ឋាភិបាល​កម្ពុជា ​បង្ហាញពី​របាយការណ៍​សិក្សាលើ​ផលប៉ះពាល់​ទាំងផ្នែក​សង្គម ​និង​បរិស្ថាន ​ជាមុនសិន ​មុនមានការ​សម្រេចជួលដី​ឧទ្យានជាតិ​ ទៅអោយ​ក្រុមហ៊ុន​ឯកជនបែប​នេះ។

យ៉ាងណាក៏ដោយ ​លោក នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​និង​ជាអ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានអះអាងថា ​រដ្ឋាភិបាលកម្ពុជា ​បានធ្វើការ​សិក្សា​និង​វាយតម្លៃរួចហើយ​ មុន​នឹង​សម្រេច​លើគម្រោង​មួយនេះ។ ​បើតាម​លោក នេត្រ ភក្ត្រា ​មាន​ប្រជាពលរដ្ឋ​ចំនួន​៥៨​គ្រួសារ​ដែលរងផលប៉ះពាល់​ពី​គម្រោងនេះ ​បានទទួល​ការការ​ដោះស្រាយ​ពីខាងភាគី​ក្រុមហ៊ុន​រួចហើយ។

គួរជំរាបជូន​ថា ​យោងតាម​អនុក្រឹត្យ​របស់រដ្ឋាភិបាល​កម្ពុជា ​ចុះថ្ងៃទី ​០៦ ​សីហា ​រដ្ឋាភិបាលកម្ពុជា ​បានសម្រេច​ធ្វើអនុបយោគដី​ទំហំ​១៦៨.៨០​ហិកតា ​ស្ថិតនៅក្នុង​ឧទ្យានជាតិបុទុមសាគរ ​ស្ថិតក្នុង​ភូមិ​ថ្ម​ស ​និង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បទុម​សាគរ ខេត្ត​កោះកុង ​ពីទ្រព្យសម្បត្តិ​សាធារណៈរបស់​រដ្ឋ​មកជា​ទ្រព្យសម្បត្តិ​ឯកជន​របស់រដ្ឋ ​ក្រោមលក្ខខណ្ឌ​ជួលអោយ​ក្រុមហ៊ុន​ រ៉ូយ៉ាល់ គ្រុប ​ខូ អិលធីឌី ​សម្រាប់​គម្រោងអភិវឌ្ឍន៍​រោងចក្រអគ្គិសនី​ដុតធ្យូងថ្ម​ដែលមានអានុភាព​ ៧០០​មេហ្គាវ៉ាត់។ ​គម្រោងនេះ ​មានទុន​វិនិយោគ​សរុប ​១៣៤៤.២០ ​លាន​ដុល្លារ​ ក្នុងនោះ​ មាន​ទុន​ផ្ទាល់៣០​ភាគរយ និង៧០​ភាគរយ ជាទុន​ដែលបានមកពី​កម្ចី​ធនាគារ។ ​ ដោយ​ឡែក ​រយៈពេល​នៃការ​ជួលវិញ ​គឺមានរយៈពេល​៣៨​ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ