អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើផ្កាយរណប​អាច​ស្ថិត​ក្នុង​គន្លងតារាវិថី​បាន​ដោយ​របៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូម​លើកឡើង អំពីយន្តការ​នៃ​គន្លង​តារាវិថី ជាពិសេស ទាក់ទង​នឹង​សំណួរ​ដែល​គេតែងចោទសួរ​ជា​ទូទៅ​ថា តើ​ផ្កាយរណប ឬ​វត្ថុអ្វីៗផ្សេងទៀត អាច​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​បាន​ដោយ​របៀបណា? តើ​វា​ត្រូវការ​ថាមពល​អ្វី ដើម្បី​អាច​មាន​ចលនា​ជុំវិញ​ផែនដី​ជាប់​ជា​ប្រចាំ ដោយ​មិន​ធ្លាក់​មក​លើ​ដីវិញបានបែបនេះ?

© NASA
ផ្សាយពាណិជ្ជកម្ម

គិតមកទល់នឹង​ពេល​បច្ចុប្បន្ន​នេះ នៅ​ជុំវិញ​ភពផែនដី​របស់​យើង មាន​ស្ថានីយ៍អវកាស តេឡេស្កុប​អវកាស ព្រមទាំង​ផ្កាយរណប គិតជាសរុប​ប្រមាណ​ជាង ២ពាន់៦រយ កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុង​គន្លងតារាវិថី​ ហើយ​ដំណើរ​វិល​ជុំវិញ​គន្លង​តារាវិថី​នេះ​ត្រូវ​ធ្វើ​ឡើង ដោយ​មិន​ចាំបាច់​ត្រូវការ​ថាមពល​អ្វី​មក​បង្កើត​ជា​កម្លាំង​ដំណោល​ឲ្យ​វត្ថុ​អស់ទាំងនេះ​ធ្វើ​ដំណើរ​ទៅមុខ​នោះទេ ក្រៅតែ​ពីល្បឿន​ដើម កាល​ពី​ពេល​បាញ់​បង្ហោះ​ចេញ​ដោយ​រ៉ុកកែត។

មូលដ្ឋាន​គ្រឹះ​ចម្បង ដើម្បី​យល់អំពី​យន្តការ​គន្លង​តារាវិថី​នេះ គឺ​ច្បាប់​ចលនា​របស់​អ៊ីសាក់ ញូតុន។ ទ្រឹស្តីទី១ នៃ​ច្បាប់​ចលនា​នេះ​ចែងថា “វត្ថុមួយ​ដែលនៅនឹងថ្កល់​គ្មាន​ចលនា​ នឹងនៅតែ​​បន្ត​ស្ថិតនៅ​នឹងថ្កល់​គ្មានចលនា ហើយ​វត្ថុ​​ដែល​មាន​ចលនា​នឹង​នៅតែ​បន្ត​មាន​ចលនា​នៅ​ក្នុង​ទិសដៅ​និង​ល្បឿន​ដដែល លុះត្រាតែមាន​អន្តរាគមន៍​ពី​កម្លាំងណាមួយផ្សេង​មក​ពី​ខាងក្រៅ”។

យោងតាម​ច្បាប់​នេះ ផ្កាយរណប បើសិន​ជា​គ្មាន​អន្តរាគមន៍​ពី​កម្លាំង​ខាងក្រៅទេនោះ គឺ​ត្រូវ​ធ្វើ​ដំណើរ​ក្នុង​​​ល្បឿន​ថេរ និង​​ទិសដៅ​ត្រង់​ទៅមុខ​ជាប់​ជានិច្ច។ ក៏ប៉ុន្តែ នៅក្នុង​ការពិតជាក់ស្តែង ផ្កាយរណប​ត្រូវ​រង​នូវ​កម្លាំង​ពី​ខាង​ក្រៅមួយ​ទៀត គឺ​កម្លាំង​ទំនាញ​ផែនដី ដែលធ្វើ​ឲ្យ​គន្លង​របស់​ផ្កាយរណប​មាន​រាងកោង ហើយ​នៅ​ពេល​ដែល​ល្បឿនរបស់​ផ្កាយរណប និង​កម្លាំង​ទំនាញ​របស់​ផែនដី​មាន​តុល្យភាព​នឹងគ្នា នៅពេលនោះហើយ ដែល​ផ្កាយ​រណប​អាច​ស្ថិត​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី​បាន។

ដូច្នេះ ដើម្បី​អាច​ដាក់​ផ្កាយរណប​​ឲ្យ​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​មួយ ដែល​មាន​ស្ថិរភាព​បាន នៅពេល​បាញ់​បង្ហោះ​ដោយរ៉ុកកែត​ចេញ​ពីដីទៅ គេ​ចាំបាច់​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​រ៉ុកកែតនោះ​នាំ​ផ្កាយរណប​ឲ្យ​ដល់​ល្បឿន​មួយ ដែល​មាន​តុល្យភាព​ជាមួយ​នឹង​កម្លាំង​ទំនាញ​​ផែនដី។ បើ​ល្បឿន​តិចពេក វា​នឹង​ត្រូវ​ធ្លាក់​ចុះ​មក​លើ​ដីវិញ ហើយ​បើ​សិន​ជា​ល្បឿន​ខ្ពស់​ហួសហេតុពេក វា​នឹង​ត្រូវ​ចាកចេញ​ពី​គន្លងតារាវិថី រហូត​អាច​ចេញ​ឆ្ងាយ​ផុត​ពី​ដែន​នៃ​កម្លាំង​ទំនាញ​ផែនដី​ទាំងស្រុង។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ