អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើគេអាចវាស់អាយុរហូតដល់រាប់លានឆ្នាំបានដោយរបៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូម​លើកឡើង អំពីវិធី​វាស់​អាយុ​​ដែល​អ្នក​វិទ្យាសាស្ត្រ​ប្រើ ដើម្បី​ដឹង​ពី​អាយុកាល​នៃ​ផូស៊ីល ឬ​អ្វីៗផ្សេងទៀត រហូតដល់​ទៅ​រាប់ម៉ឺន ឬ​រហូតដល់​ទៅ​រាប់លាន​ឆ្នាំ។

© Pixabay
ផ្សាយពាណិជ្ជកម្ម

ការវាស់​អាយុ​​ផូស៊ីល​ចំណាស់ៗ​ គឺ​ត្រូវ​ធ្វើឡើង​​តាមរយៈ​ការ​វាស់​វិទ្យុសកម្ម ហើយ​វិធី​វាស់​អាយុ​ដោយ​វិទ្យុសកម្ម​​ ដែល​យើង​តែងតែ​ឮ​ញឹកញាប់​ជាងគេ គឺ​ការ​វាស់ដោយ​ប្រើ​កាបោន-១៤។

ជាទូទៅ សារធាតុកាបោន​ដែល​មាន​នៅ​ក្នុង​ធម្មជាតិ ភាគច្រើន​លើសលុប​ជា​អាតូម​កាបោន ដែល​មាន ប្រូតុង ៦ និង​ណឺត្រុង ៦ ហើយ​ដែល​គេ​ហៅ​ថា កាបោន-១២។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា មាន​កាបោន​មួយផ្នែក​តូច​​មាន​ប្រូតុង ៦ ប៉ុន្តែ ​ណឺត្រុង​ដល់​ទៅ ៨ ដែល​គេ​ហៅ​ថា កាបោន-១៤។

ខុសពី​កាបោន-១២ ដែល​មាន​លំនឹង​មិនប្រែប្រួល កាបោន-១៤​វិញ គឺ​​ជា​ប្រភេទ​កាបោន​ដែល​មាន​វិទ្យុសកម្ម មានន័យ​ថា ទៅតាម​លក្ខណៈធម្មជាតិ​ កាបោន-១៤​នេះ​ត្រូវ​ប្រែប្រួលបន្តិចម្តងៗ ​ទៅ​ជា​អាសូត-១៤ ហើយ​បម្រែបម្រួល​វិទ្យុសកម្ម​នេះ​កើតឡើង​នៅក្នុង​អត្រាមួយ​ដ៏​ទៀងទាត់ ដែល​គេ​ហៅ​តាម​ភាសា​អង់គ្លេស​ថា « Half-Life » ហើយ Half-Life របស់​កាបោន-១៤​នេះ គឺ​មាន ៥៧៣០ឆ្នាំ។ តាមរយៈ​អត្រា​ដ៏ទៀងទាត់នៃ​បម្រែបម្រួល​វិទ្យុសកម្ម​នេះ​ហើយ ដែល​គេ​អាច​វាស់​ដឹង​ពី​អាយុ​នៃ​ផូស៊ីល​ណាមួយ​បាន​យ៉ាង​ជាក់លាក់ តាមរយៈការ​វាស់មើល​អត្រាកាបោន-១៤ ដែល​នៅសេសសល់​នៅ​ក្នុង​ផូស៊ីល។

ក៏ប៉ុន្តែ វិធីវាស់​អាយុ​ដោយ​ប្រើ​កាបោន-១៤​នេះ អាច​ធ្វើ​ទៅបាន​តែ​ចំពោះ​ផូស៊ីល​សិរីរាង្គ​តែ​ប៉ុណ្ណោះ ពោលគឺ ទៅលើ​អ្វីៗ​ដែល​មាន​ជីវិត ដូចជា មនុស្ស សត្វ និង​រុក្ខជាតិ ជាដើម ហើយ​អាច​វាស់​អាយុបាន​យ៉ាងច្រើន​បំផុត​ត្រឹម​ប្រមាណ​ជា ៧ម៉ឺន​ឆ្នាំ​តែប៉ុណ្ណោះ។ ដើម្បី​វាស់​អាយុ​លើសពីនេះ គេ​ត្រូវ​ប្រើ​សារធាតុ​វិទ្យុសកម្ម​ផ្សេង​ទៀត ដូចជា គឺ​អ៊ុយរ៉ាញ៉ូម​ជាដើម ដែល​មាន​​អត្រា​បម្រែបម្រួល​វិទ្យុសកម្ម​​យឺត​ អាច​ឲ្យ​គេ​វាស់​អាយុ​​បាន​រហូត​ដល់​ទៅ​រាប់ពាន់លាន​ឆ្នាំឯណោះ។

សំណួរ​មួយ​ទៀត​ចោទឡើង​ថា ចុះ​ផ្កាយជាច្រើន​ផ្សេងទៀត ដែល​ស្ថិត​នៅ​ចម្ងាយ​រហូតដល់​ទៅ​រាប់រយ រាប់ពាន់​ឆ្នាំ​ពន្លឺ ហើយ​ដែល​មនុស្ស​យើង​មិនដែល​ធ្វើ​ដំណើរ​ទៅដល់​សោះនោះ តើ​គេ​អាច​កំណត់​អាយុ​បាន​ដោយ​របៀបណា?

ការ​កំណត់​អាយុ​របស់​ផ្កាយ ត្រូវ​ធ្វើឡើង​ទៅតាម​វិធីផ្សេង ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ ហើយ​វាជា​ការ​វាស់​ដោយ​ប្រយោល ដោយ​យោងទៅ​លើ​កត្តា​ជាច្រើន​រួមផ្សំគ្នា ជាពិសេស គឺ​កម្រិតពន្លឺ និង​ពណ៌​របស់​ផ្កាយ ព្រមទាំង​អត្រា​ល្បឿននៃ​ចលនា​វិលជុំវិញ​ខ្លួនឯង​របស់​ផ្កាយ។​

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ