អានតួអត្ថបទ
កម្ពុជា សង្គម

អ្នកឃ្លាំមើលសង្គម៖ដីដែលវៀតណាមនឹងផ្តល់ឱ្យជាង២ពាន់ហិកតា កម្ពុជាត្រូវបង្ហាញឱ្យច្បាស់ដើម្បីបំបាត់ការសង្ស័យ

អ្នក​ឃ្លាំ​មើល​បញ្ហាសង្គម​នៅ​កម្ពុជា​ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឱ្យ​បាន​ច្បាស់លាស់​ពី​ផ្ទៃ​ដី​ដែល​វៀតណាម​គ្រោង​នឹង​ប្រគល់​ដល់​កម្ពុជា​ចំនួន​ជាង​២​ពាន់​ហិកតា​ បន្ទាប់ពី​បាន​ដោះដូរ​គ្នា​។ ការ​ធ្វើ​បែប​នេះ ​គឺ​ដើម្បី​បំបាត់​ការ​សង្ស័យ​របស់​ប្រជាពលរដ្ឋ​ចំពោះ​បញ្ហា​ទឹកដី​នេះ​។ ការ​អំពាវនាវ​របស់​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ គឺ​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ចុង​សប្តាហ៍​មុន​ថា​ កម្ពុជា​នឹង​ទទួល​បាន​ផ្ទៃ​ដី​ជាង​២​ពាន់​ហិកតា​ពី​ប្រទេស​វៀតណាម​។

មន្រ្តីនគរបាលកម្ពុជា និងវៀតណាមកំពុងត្រួតពិនិត្យតំបន់ព្រំដែន
មន្រ្តីនគរបាលកម្ពុជា និងវៀតណាមកំពុងត្រួតពិនិត្យតំបន់ព្រំដែន © FB
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិតមាស នី អ្នកសិក្សាស្រាវជ្រាវ ដើ​ម្បីការអភិវឌ្ឍសង្គម បានសម្តែងនូវការអបអរសាទរដែលកម្ពុជានឹងទទួលបានផ្ទៃដីជាង២ពាន់ហិកតាពីប្រទេសវៀតណាម។ ប៉ុន្តែជាមួយការអបអរសាទរនេះ លោកបានគូសបញ្ជាក់ប្រាប់វិទ្យុអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលកម្ពុជាត្រូវធ្វើរឿងនេះឱ្យច្បាស់លាស់។ ច្បាស់លាស់ គឺបង្ហាញឱ្យប្រជាពលរដ្ឋបានដឹងពីរបៀបនៃការដោះដូរដីគ្នា ហើយដោះដូរនៅម្តុំណា និង ហេតុអ្វីបានជាវៀតណាមសុខចិត្តប្រគល់ដីទាំងនេះដល់ក​ម្ពុជា។ សម្រាប់លោកបណ្ឌិតមាស នី បញ្ហានេះ គឺជារឿងសំខាន់ដែលរដ្ឋាភិបាលកម្ពុជាត្រូវធ្វើវាឱ្យមានតម្លាភាព ដើម្បីបំបាត់ការសង្ស័យរបស់ប្រជាពលរដ្ឋ និង កុំមានភាពចម្រូងចម្រាសគ្នាតទៅទៀត។

ប៉ុន្តែ លោកបណ្ឌិតគិន ភា ដែលជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយវិញ លោកយល់ថា បញ្ហាដីជាង២ពាន់ហិកតានេះ ជារឿងធំដែលមិនអាចលើកមកជជែកវែកញែកជាសាធារណៈបានទេ។ ផ្ទុយទៅវិញ គឺត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន និងមិនអាចនិយាយបានថា កម្ពុជា ឬវៀតណាមជាអ្នកខាតនៅក្នុងការដោះដូរគ្នានេះឡើយ។ បើតាមលោកបណ្ឌិតគិន ភា រដ្ឋាភិបាលប្រហែលជាមិនអាចបង្ហាញលម្អិតពីនីតិវិធី និងបច្ចេកទេសនៃការចរចាដោះដូរដីជាមួយវៀតណាមនេះបានទេ។ ប៉ុន្តែ នៅពេលខាងមុខ ដីទាំងនេះនឹងត្រូវបានបង្ហាញឱ្យដឹងថា នៅម្តុំណាហើយ ពីព្រោះដីជាង២ពាន់ហិកតានេះបើតាមលោកបណ្ឌិតគិន ភា គឺមិនអាចយកមកទុកក្នុងហៅប៉ាវបានឡើយ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រីកុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជាមិនផ្តល់ការអត្ថាធិប្បា​យលម្អិតឡើយដោយគ្រាន់តែបញ្ជាក់ថា កំពុងធ្វើកិច្ចការងារនេះ ហើយថា នឹងបង្ហាញឱ្យដឹងនៅពេលដែលគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជាបញ្ចប់ការងាររបស់ខ្លួន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែសីហា លោកនាយកដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសឱ្យដឹងថា វៀតណាមនឹងប្រគល់ដីជាង២ពាន់ហិកតាដល់កម្ពុជា បន្ទាប់ពីមានការដោះដូរគ្នាកន្លងមក។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា ដីទាំងនេះនឹងត្រូវប្រគល់ឲ្យខេត្ត ដើម្បីធ្វើជាដីសង្គមកិច្ចសម្រាប់ប្រគល់ឱ្យកងទ័ព និងនគរបាលការពារព្រំដែន។ ជាមួយគ្នានេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានគូសបញ្ជាក់ថា ការសម្រេចដោះដីជាមួយវៀតណាមនេះ គឺដោយសារតែតាមផែនទីដែលគូរដោយបារាំង គឺភូមិមួយចំនួនរបស់វៀតណាមស្ថិតនៅទឹកដីកម្ពុជា ឯភូមិមួយចំនួនរបស់កម្ពុជាស្ថិតនៅលើទឹកវៀតណាម។ ដូច្នេះហើយ ជម្រើសដែលល្អ គឺមានតែដោះដូរគ្នាដើម្បីឈានទៅបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ