អានតួអត្ថបទ
កម្ពុជា-ព្រំដែន

លោក​ ពេជ្រ ស្រស់ ​គ្រោង​លើកយក​បញ្ហាព្រំដែនឱ្យ​​ប្រមុខរដ្ឋាភិបាល​កម្ពុជា​បកស្រាយ​ជាថ្មី

​ប្រធាន​គណបក្សយុវជន​កម្ពុជា ​លោក ពេជ្រ ស្រស់ ​បានអះអាងថា ​លោកគ្រោង​នឹង​លើក​យក​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​ ដាក់ជូន​លោកនាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ឱ្យ​​បកស្រាយ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆមាស ​ដែល​គ្រោង​ធ្វើនៅ​ថ្ងៃអង្គារ​​ដើមសប្តាហ៍​ក្រោយនេះ​។​ បើតាម​ប្រធាន​គណបក្សយុវជន​កម្ពុជា​រូបនេះ ​លោកចង់អោយ​មានការពន្យល់​ឱ្យ​បាន​ច្បាស់លាស់​​លើរឿងព្រំដែន​ ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ ​និង​យកខ្មែរគ្នាឯង​ធ្វើជាសត្រូវ​បន្តទៅទៀត​។

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា
លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា © ពេជ្រ ស្រស់
ផ្សាយពាណិជ្ជកម្ម

បើគ្មាន​ការប្រែប្រួលទេ​ លោក ពេជ្រ ស្រស់ ​ប្រធានគណបក្ស​យុវជន​កម្ពុជា ​បានអះអាងថា ​បញ្ហាព្រំដែន​ គឺជា​បញ្ហាអាទិភាព​ទី១ ​ដែលលោក​គ្រោងនឹង​លើកយក​ទៅចោទ​សួរ​ប្រមុខ​រដ្ឋាភិបាលកម្ពុជា ​លោក ហ៊ុន​ សែន​ នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆមាសទី១​ឆ្នាំ២០២០​ នៃឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​។​ កិច្ចប្រជុំ​នេះ គ្រោង​នឹងធ្វើឡើង​នៅថ្ងៃអង្គារ​ ទី២៥ ​សីហា ​សប្តាហ៍​ក្រោយ​នេះ។

បើតាម​លោក ពេជ្រ ស្រស់ ​ការលើកឡើង​ពីបញ្ហាព្រំដែន​នេះ ​គឺ​បន្ទាប់ពី​មានការ​ចាប់ខ្លួន​ប្រធាន​សហជីព​លោក រ៉ុង ឈុន ​និង​ប្រធាន​គណបក្ស​ខ្មែរឈ្នះ ​លោក សួង សុភ័ណ្ឌ ​និង​ការ​ចោទប្រកាន់​ថា ​ការបោះ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម​ នៅខេត្ត​ត្បូងឃ្មុំ ​បានធ្វើ​អោយ​កម្ពុជា​បាត់ដី​ទៅភាគី​វៀតណាម​។​  ដូច្នេះ ​លោក ពេជ្រ ស្រស់ ​ចង់ឱ្យ​មានការពន្យល់​បន្ថែមទៀត ​ពីសំណាក់​ប្រមុខរដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន​។ ​ក្រៅពី​បញ្ហាព្រំដែន​ ប្រតិភូ​តំណាង​គណបក្សយុវជន​កម្ពុជា​លោក ​ពេជ្រ ស្រស់ ​ដែលបាន​សរសេរនៅ​លើ​ទំព័រហ្វេសប៊ុក​របស់ខ្លួន​នៅថ្ងៃអាទិត្យ​នេះ​ថា ​លោកក៏​នៅមាន​រឿងជាច្រើន​ទៀត​ ដែល​ត្រូវ​លើកជូន​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ដើម្បី​សុំកិច្ចអន្តរាគមន៍​ឈាន​ទៅរកការ​ដោះស្រាយ​។​ ហើយ​លោក​នឹងមាន​សំណួរ​ជាច្រើន​ ដើម្បី​ត្រៀមជូន​លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​ផងដែរ​។

គួរជម្រាបជូន​ថា ​នៅរៀងរាល់​៦ខែ​ម្តង​ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​តែងតែ​មានជំនួប​ជាមួយ​សមាជិកឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ​ដើម្បីទទួល​យកសំណូមពរ ​និង​បញ្ហា​ប្រឈម​របស់ពួកគេ ​មកពិនិត្យ​និង​ដោះស្រាយ​។​ បើទោះបីជា ​យន្តការថ្មីនេះ​ត្រូវបានគេមើល​ឃើញ​ថា​ ពុំសូវមាន​អំណាច ​និង​ទឹក​មាត់ប្រៃក្តី ​ប៉ុន្តែ ​វាគឺជាយន្តការថ្មី​តែមួយគត់​ ដែលបើក​ផ្លូវឱ្យ​គណបក្ស​នយោបាយ​នៅក្រៅ​រដ្ឋាភិបាល​លើកឡើង​ពីបញ្ហា​ប្រឈម​និង​អសកម្ម​នៅក្នុង​សង្គម​ ដាក់ជូន​ប្រមុខរដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​និង​ដោះស្រាយ​។

បើតាម​លោក ពេជ្រ ស្រស់ ​ទាក់ទង​នឹង​បញ្ហាការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ​នេះ ​លោក​ធ្លាប់បាន​អញ្ជើញ​ប្រធាន​គណៈកម្មាធិការ​ចម្រុះកិច្ចការ​ព្រំដែន​កម្ពុជា ​លោកទេសរដ្ឋមន្ត្រី​ វ៉ា គឹមហុង ​មក​ពន្យល់​ម្តងរួច​ហើយ ​នៅចំពោះ​មុខ​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ​និង​ផ្តល់យោបល់​។ ​ប៉ុន្តែ​ការ​ពន្យល់​កាលណោះ ​គឺបានធ្វើឡើង​នៅមុនពេល​ដែល​ប្រមុខរដ្ឋាភិបាល​កម្ពុជា​លោក ​ហ៊ុន សែន ​បាន​ចុះហត្ថលេខាទទួល​ស្គាល់ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម ​ចំនួន​៨៤% ​កាលពី​ខែតុលា ​ឆ្នាំ ​២០១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ