អានតួអត្ថបទ
កម្ពុជា សង្គម

លោក ហ៊ុន សែន បញ្ជាឲ្យលោក វ៉ា គឹមហុង ចុះទៅខេត្តបន្ទាប់ពីពលរដ្ឋថា ពួកគេបាត់ដី ក្រោយការបោះបង្គោលព្រំដែនជាមួយវៀតណាម

បញ្ហា​ព្រំដែន​មួយ​ផ្នែក​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ត្រូវ​បាន​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន  ប្រាប់​ឲ្យ​លោក​ វ៉ា គឹមហុង​ ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ តើ​ដូចអ្វី​ដែល​ពលរដ្ឋ​អះអាង​ទេ​ ថា​ពួកគេ​បាន​បាត់​ដី​ក្រោយ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​មែន​អត់​។  បទបញ្ជា​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆមាស​ទី​៤​នៃឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​អង្គារ៍​នេះ។

ការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ​កន្លងមក
ការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ​កន្លងមក © FB
ផ្សាយពាណិជ្ជកម្ម

ដំណើរចុះទៅកាន់ព្រំដែនកម្ពុជាវៀតណាមក្នុងខេត្តត្បូងឃ្មុំពីសំណាក់លោក វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកលើកិច្ចការព្រំដែនធ្វើឡើងតាមបន្ទាប់ពីមានសំណើររបស់លោកពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ប្រតិភូមកពីគណបក្សយុវជន នៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារ៍នេះ។ ប៉ុន្តែដំណើរចុះទៅកាន់ព្រំដែនកម្ពុជាវៀតណាមត្បូងឃ្មុំពីសំណាក់លោក វ៉ា គឹមហុង ពេលណានោះ​ នៅមិនទាន់មានការកំណត់ជាផ្លូវការនៅឡើយទេ តែបើតាមលោកពេជ្រ ស្រស់ការងារនេះ នឹងធ្វើឡើងជាបន្ទាន់។

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFI លោក ពេជ្រ ស្រស់ បានគូសបញ្ជាក់ថា ដំណើរចុះទៅព្រំដែនកម្ពុជាត្បូងឃ្មុំពីមន្ត្រីជំនាញនេះគឺទៅទីតាំងតែមួយដែលលោក រ៉ុង ឈុន និងលោក សួង សុភ័ណ្ឌ ចុះទៅត្រួតពិនិត្យ។ បន្ទាប់ពីពិនិត្យលោកទាំងពីរលើកឡើងថា ការបោះបង្គោលព្រំដែននេះបានធ្វើ​ឲ្យ​កម្ពុជា​បាត់ដី​ទៅភាគី​វៀតណាម​។ ក្រោយការលើកឡើងនេះទាំងលោក រ៉ុង ឈុន និង សួង សុភ័ណ្ឌ រួមនឹងមនុស្សមួយចំនួនទៀតសរុបជិត១០នាក់ហើយត្រូវបានចាប់ខ្លួនក្នុងបទញុះញង់។

បើតាមលោក ពេជ្រ ស្រស់ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ក៏អនុញ្ញាត្តឲ្យមានផងដែរការណែនាំឲ្យគណៈរដ្ឋមន្ត្រីបើកសិក្ខាសាលាពន្យល់សាធារណៈជនដែលចង់ដឹងពីបញ្ហាព្រំដែន។

មែនទែនទៅភាពចម្រូងចម្រាសលើបញ្ហាព្រំដែនបានកើតមានជាថ្មីបន្ទាប់ពី កម្ពុជា និងវៀតណាម បានប្រគល់ និងទទួល ផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥ ០០០ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។ បើតាម​មន្ត្រីជាន់ខ្ពស់​កិច្ចការព្រំដែនផែនទីខ្នាត ១/២៥ ០០០ នេះបានបង្ហាញពេញលេញលទ្ធផល ខណ្ឌសីមា និងបោះបង្គោលព្រំដែន ប្រមាណជា៨៤% ដែលប្រទេសទាំងពីសម្រេចបាន។ ផែនទីនេះ ជាផែនទីទំនើបសម័យឌីជីថល ៤.0 ដែលបង្ហាញយ៉ាងច្បាស់លាស់ខ្សែព្រំដែន បង្គោលព្រំដែន រួមនិងស្ថានភាពភូមមិសាស្រ្តនៅ លើដីជាក់ស្តែងបានយ៉ាងជាក់លាក់។

ប៉ុន្តែលោក អ៊ុំ សំអាន មន្ត្រីជំនាញ​​ ព្រំដែន​របស់​អតីតគណបក្សសង្រ្គោះជាតិ បានហៅ​ផែនថ្មី​ខ្នាត១/២៥ ០០០នេះថាជា«ផែនទីសម្ងាត់​ដែលគូសវាសដោយវៀតណាម»ឲ្យកម្ពុជា។ យ៉ាងណាក៏ដោយ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ធ្លាប់​ព្រមាន​ជា​ចំហរ ថា​នឹង​​ចាប់​ខ្លួនបន្ថែម​ទៀត រាល់​អ្នកទាំង​ឡាយ​​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​ក្នុង​​បញ្ហា​ព្រំដែន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ