អានតួអត្ថបទ
កម្ពុជា-ព្រំដែន

អភិបាលខេត្តកណ្តាល៖ការសង់សំណង់រឹងមាំរបស់ទាហានវៀតណាម គឺនៅលើដីរបស់គេ មិនមែនលើដីកម្ពុជាទេ

ក្រុម​ទាហាន​វៀតណាម​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​សីហា ​បាន​រុះរើ​តង់​ចាស់​របស់​ខ្លួន​ដោយ​ផ្លាស់ប្តូរ​មក​សាង​សង់​ជា​សំណង់​រឹង​មាំ​វិញ​ដែល​មើល​ទៅ​មាន​សណ្ឋាន​ស្រដៀង​គ្នា​នឹង​ប៉ុស្តិ៍​នគរបាល​។ នេះ​បើ​តាម​របាយការណ៍​របស់​ស្នងការ​ខេត្ត​កណ្តាល​ ផ្ញើ​ទៅ​កាន់​អភិបាល​ខេត្ត​នេះ​នៅ​ថ្ងៃ​ទី​២៦​ ខែ​សីហា​។​ តាម​របាយការណ៍​នោះ​ អាជ្ញាធរ​កម្ពុជា​ក៏​បាន​ស្នើ​ឱ្យ​វៀតណាម​បញ្ឈប់​ការ​សាងសង់​នេះ​ដែរ​ ប៉ុន្តែ​ភាគី​វៀតណាម​មិន​ព្រម​។ ចំពោះ​បញ្ហា​នេះ​ អភិបាល​ខេត្ត​កណ្តាល​បាន​គូស​បញ្ជាក់​ថា​ អាជ្ញាធរ​កម្ពុជា​មិនអាច​ចុះ​ទៅ​បង្ខំ​ឱ្យ​ទាហាន​វៀតណាម​ឈប់​សាងសង់​បាន​ទេ​ ព្រោះ​ការ​សាងសង់​នោះ​ គឺ​នៅ​លើ​ទឹកដី​វៀតណាម​។

អភិបាល​ខេត្ត​កណ្តាល​លោក គង់ សោភ័ណ្ឌ
អភិបាល​ខេត្ត​កណ្តាល​លោក គង់ សោភ័ណ្ឌ © សហការី
ផ្សាយពាណិជ្ជកម្ម

លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រសហ្បតិ៍នេះថា ការសាងសង់សំណង់រឹងមាំជំនួសតង់ចាស់របស់ទាហានវៀតណាមនេះ គឺស្ថិតនៅក្នុងស្រុកទិនចូវ នៃខេត្តអានយ៉ាង របស់វៀតណាមដែលមានចម្ងាយប្រមាណ១២០ម៉ែត្រពីខ្សែបន្ទាត់ព្រំដែនដែលទល់នឹងភូមិក្អមសំណក្រោម​ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។ សំណង់រឹងមាំដែលមានសណ្ឋានស្រដៀងនឹងប៉ុស្តិ៍នគរបាលនេះ គឺសាងសង់ឡើងអំពីឈើ សសរថ្ម កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រគុណ៤ម៉ែត្រ ហើយប្រក់ដោយស័ង្កសី។ លោកគង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា មូលហេតុដែលទាហានវៀតណាមផ្លាស់ប្តូរតង់នេះ គឺដោយសារតែនៅតំបន់នោះនឹងមានទឹកលិច។ ដូច្នេះហើយ ទា​ហានវៀតណាម ត្រូវសាងសង់ថ្មីឱ្យមានកម្ពស់ផុតពីដី។

សូមជម្រាបជូនថា មកដល់ពេលថ្ងៃនេះ ទាហានវៀតណាមទើបចាប់ផ្តើមសាងសង់សំណង់រឹងមាំថ្មីនេះលើមួយទីតាំងប៉ុ​ណ្ណោះ។ ប៉ុន្តែតាមគម្រោង ទាហានវៀតណាមនឹងសាងសង់សំណង់រឹងមាំថ្មីឱ្យបាន៤គោលដៅលើ១០គោលដៅចាស់ដែលមានស្រាប់។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនៅក្នុងរបា​យការណ៍ផ្ញើទៅកាន់លោកអភិបាលខេត្តគង់ សោភ័ណ្ឌកាលពីថ្ងៃទី២៦ ខែសីហា។ បើតាមលោកឈឿន សុចិត្ត អាជ្ញាធរមូលដ្ឋាន និងកម្លាំងយោធាការពារព្រំដែនកម្ពុជាបានចុះទៅពិនិត្យទីតាំងនោះ និង បានទាមទារឱ្យទាហានវៀតណាមបញ្ឈប់ការសាងសង់ជាបន្ទាន់ តែទាហានវៀតណាមិនព្រមដោយអះអាងថា ពួកគេធ្វើតាមបញ្ជារបស់ថ្នាក់លើ។

ត្រង់ចំណុចនេះ លោកគង់ សោភ័ណ្ឌ បានគូសបញ្ជាក់ថា អាជ្ញាធរកម្ពុជាមិនអាចចុះទៅបង្ខំឱ្យទាហានវៀតណាម​ប​ញ្ឈ​ប់ការសាងសង់នេះបានទេ ដោយហេតុថា ការសាងសង់ គឺស្ថិតនៅក្នុងទឹកដីវៀតណាម បើទោះបីក្បែរបន្ទាត់ព្រំដែនក៏ដោយ។ ដូចនេះហើយ លោកថា មានតែជម្រើសនិយាយចរចាស្នើឱ្យបញ្ឈប់ការសាងសង់ក្នុងនាមប្រទេសជាមិត្តជិតខាងប៉ុណ្ណោះ។ ម្យ៉ាង បើតាមលោកគង់ សោភ័ណ្ឌ ការសាងសង់នេះ គឺដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ឆ្លងកាត់តាមព្រំដែនប្រទេសទាំងពីរ។ ផ្ទុយទៅវិញ ប្រសិនបើការសាងសង់នេះក្នុងចេតនាមិនសមហេតុផលណាមួយ លោកនឹងរាយការណ៍មកកាន់គណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជា ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស។

សូមបញ្ជាក់ថា ទាហានវៀតណាមបានបោះតង់ប្រមាណជាង៣០តង់​នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមនៅក្នុងខេត្តកណ្តាល។ ការបោះតង់នេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ឆ្លងកាត់តាមព្រំដែននៃប្រទេសទាំងពីរ។ កន្លងមក ក្រសួងការបរទេសកម្ពុជាធ្លាប់បានផ្ញើកំណត់ទូតទៅកាន់ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីទាមទារឱ្យរុះរើតង់ទាំងអស់នោះចេញវិញ។ ប៉ុន្តែ ភាគីវៀតណាមបានបញ្ជាក់មកវិញថា ការបោះតង់នោះ គឺបណ្តោះអាសន្ន និងរុះរើចេញវិញ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ត្រូវបានបញ្ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ