អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើយើងអាចរកមើលកាឡាក់ស៊ីអង់ដ្រូម៉ែដដោយរបៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពីកាឡាក់ស៊ីមួយ ដែល​ស្ថិត​នៅ​ជិត​បំផុត​នឹង​កាឡាក់ស៊ី​មីលគីវេ​របស់យើង ហើយ​ជា​កាឡាក់ស៊ី​ ដែល​យើង​អាច​មើ​លឃើញ​ដោយ​ភ្នែក​ទទេ មិនចាំបាច់​ប្រើ​តេឡេស្កុប។

កាឡាក់ស៊ីអង់ដ្រូម៉ែដ (Andromède)
កាឡាក់ស៊ីអង់ដ្រូម៉ែដ (Andromède) © Pixabay
ផ្សាយពាណិជ្ជកម្ម

កាឡាក់ស៊ី​អង់ដ្រូម៉ែដ ឬហៅតាម​ភាសា​អង់គ្លេស​ថា « Andromeda » ជាកាឡាក់ស៊ី ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ២,៥លាន​ឆ្នាំពន្លឺ​ពីភពផែនដី​របស់​យើង តែ​ជា​កាឡាក់ស៊ី ដែល​យើង​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ​បាន ដោយ​មិន​ចាំបាច់​ប្រើ​តេឡេស្កុប។ នេះ​មានន័យថា កាឡាក់ស៊ី​អង់ដ្រូម៉ែដ គឺ​ជា​វត្ថុ​ដែល​ស្ថិត​នៅ​ឆ្ងាយ​បំផុត ដែល​យើង​អាច​មើ​លឃើញ​ដោយភ្នែក​ទទេ។

សម្រាប់​អ្នក​នៅ​អឌ្ឍគោល​ខាង​ជើង ក្នុងនោះ​រួមមាន​ទាំង​នៅ​ប្រទេស​កម្ពុជា​ផងដែរ គេ​អាច​មើល​ឃើញ​កាឡាក់ស៊ីអង់ដ្រូម៉ែដ​បាន​នៅ​ស្ទើរតែ​ពេញ​មួយ​ឆ្នាំ ក៏ប៉ុន្តែ ដើម្បី​អាច​មើល​អង់ដ្រូម៉ែដ​ដោយ​ភ្នែក​ទទេ​បាន គេ​ចាំបាច់​ត្រូវ​​មើល​ពី​ទីតាំង​ដែល​ងងឹត ​ស្ថិត​នៅ​ឆ្ងាយ​ពី​ពន្លឺ​ទីក្រុង។

គេ​អាច​រកមើល​កាឡាក់ស៊ី​អង់ដ្រូម៉ែដ ដោយ​យក​បណ្តុំផ្កាយ​ពីរ​ធ្វើ​ជា​គោល។

ទីមួយ គឺ​បណ្តុំផ្កាយ​កាស្យូពេ ឬ តាមភាសាអង់គ្លេស Cassiopeia ដែល​ជា​បណ្តុំ​ផ្កាយ​ងាយស្រួល​រកមើល និង​ស្រួល​ចំណាំ ដោយសារ​តែ​វាមាន​ផ្កាយ​ភ្លឺៗ​ចំនួន ៥ដួង ផ្តុំគ្នា​ជា​អក្សរ « M »។ ចេញ​​ទៅ​ខាង​ស្តាំដៃ ពីកំពូល​មួយ​នៃ​អក្សរ M នេះ គឺ​វាចង្អុល​ត្រង់​ទៅ​កាឡាក់ស៊ី​អង់ដ្រូម៉ែដ ដែល​យើង​មើល​ដោ​យភ្នែក​ទទេ​ទៅ​ឃើញ​ជា​ពន្លឺ​ដាស ដូចជា​កូនដុំ​ពពក​តូចមួយ។

បណ្តុំផ្កាយ​ទីពីរ ដែល​គេ​អាច​យក​មក​ធ្វើ​ជា​គោល ដើម្បី​រក​កាឡាក់ស៊ី​អង់ដ្រូម៉ែដ គឺ​បណ្តុំ​ផ្កាយ​សេះ ហៅតាមភាសាបារាំង​ថា « ប៉េហ្កាស់ » ឬ​តាម​ភាសាអង់គ្លេស « Pegasus »។ ផ្កាយ​សេះនេះ​ក៏​ស្ថិត​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ដែរ​ពី​ផ្កាយ​ស្យូពេ ហើយ​​គេ​អាច​រក​មើល​ផ្កាយសេះនេះ​បាន ដោយ​រក​មើល​ផ្កាយចំនួន ៤ដួង ដែល​ផ្តុំគ្នា​ជា​រាងការ៉េ​ដ៏​ធំមួយ។ ចេញ​ពី​ផ្កាយ​មួយ ដែល​ស្ថិត​នៅ​ជ្រុង​ខាង​ក្រោម​ប៉ែក​ខាង​ស្តាំដៃ​នៃ​ការ៉េ​នេះ មាន​ផ្កាយ​ភ្លឺៗបង្គួរ​ចំនួន ៣ដួងផ្សេងទៀត ដែល​​ស្ថិត​នៅ​តម្រៀបជួរគ្នា ដោយ​ផ្កាយ​នៅ​កណ្តាល​ ជា​ផ្កាយ​ដែល​មាន​ពន្លឺ​ភ្លឺ​ជាងគេ។ ចេញពីផ្កាយ​នេះ​ ទៅ​ខាង​ឆ្វេងដៃ មាន​ផ្កាយតូចៗ​ចំនួន​ ២ដួង​ស្ថិត​នៅ​តម្រៀបជួរគ្នា ហើយនៅជាប់​នឹង​​ផ្កាយ​ដែល​ស្ថិត​នៅ​ចុងកន្ទុយគេ​នោះ គឺ​កាឡាក់ស៊ី​អង់ដ្រូម៉ែដ។

អង់ដ្រូម៉ែដ និង​មីលគីវេ មានចលនា​ខិតចូល​ជិតគ្នា​​បន្តិចម្តងៗ ក្នុងល្បឿន​ប្រមាណ​ជា ១១០គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី ហើយ​គេ​ព្យាករ​ថា នៅ​ក្នុងរយៈពេល​ប្រមាណ​ជា ៤ពាន់​លាន​ឆ្នាំ​ខាងមុខ កាឡាក់ស៊ី​ទាំងពីរ​នឹង​បុកទង្គិចគ្នា រហូត​ត្រូវ​រលាយចូលគ្នា​ទាំងស្រុង​​ទៅជា​កាឡាក់ស៊ី​តែមួយ នៅ​ប្រមាណ​ជា ៦ពាន់លាន​ឆ្នាំទៀត។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ