អានតួអត្ថបទ
កម្ពុជា

គណៈកម្មាធិការព្រំដែនកម្ពុជារកមិនឃើញមានការបាត់ដីពលលរដ្ឋទៅឱ្យវៀតណាមនៅក្នុងខេត្តត្បូងឃ្មុំនោះទេ

គណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជានៅព្រឹកថ្ងៃសៅរ៍នេះ បានដឹកនាំគណៈប្រតិភូ និង អ្នកសារព័ត៌មានមួយចំនួនទៅត្រួតពិនិត្យ និងជួបជាមួយប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងថ្លុង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីសាកសួរពីការបាត់ដីទៅឱ្យភាគីវៀតណាមបន្ទាប់ពីបោះបង្គោលព្រំដែនរួចរាល់។ ជាលទ្ធផល គណៈកម្មការធិការកិច្ចចម្រុះព្រំដែនកម្ពុជារកឃើញមិនឡើយថា មានការបាត់ដីរបស់ប្រជាពលរដ្ឋនៅទីនោះចូលទៅខាងប្រទេសវៀតណាម។ 

Border committee come to see border side
Border committee come to see border side © @koy Pisey
ផ្សាយពាណិជ្ជកម្ម

ការរកមិនឃើញបាត់ដីរបស់គណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជានេះ គឺដោយយោងតាមទៅចម្លើយរបស់ពលរដ្ឋនៅភូមិត្រពាំងថ្លុង នៅជិតទីតាំងបង្គោលព្រំដែនលេខ១១៧ នៅស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំដែលប្រតិភូគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជាចុះទៅជួបសួរនាំដោយផ្ទាល់។ លោកស្រីកុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជាបានអះអាងថា គ្រប់ចម្លើយសុទ្ឋតែឆ្លើយថា អត់មានបាត់ដីទៅវៀតណាមទេ ហើយអ្វីដែលពលរដ្ឋខ្លះចូលរួមជាមួយក្រុមអ្នកឃ្លាំមើលបញ្ហាព្រំដែនកន្លងទៅ  គឺដោយសារក្រុមនោះបានសន្យាថា នឹងជួយតវ៉ាសុំដីដែលកម្ពុជាទទួ​លបានបន្ទាប់ពីការបញ្ចប់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែននៅតំបន់នោះ ឱ្យពួកគាត់បានអាស្រ័យផលទៅថ្ងៃមុខតែប៉ុណ្ណោះ។

កន្លងមក ក្រុមអ្នកនយោបាយ និងអ្នកឃ្លាំមើលបញ្ហាព្រំដែនមួយចំនួនបានរិះគន់ និងវាយប្រហារមកលើរដ្ឋាភិបាលកម្ពុជាថា បានធ្វើឱ្យបាត់ដីប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំចូលទៅខាងវៀតណាម បន្ទាប់ពីបោះបង្គោលព្រំដែនរួចរាល់នៅក្នុងតំបន់នោះ។ ពួកគេថែមទាំងបានលើកឡើងថា អ្នកភូមិប្រមាណជាង១០០គ្រួសារបានបាត់ដីធ្លីរបស់ពួកគេចូលទៅប្រទេសវៀតណាម។ ដើម្បីដោះស្រាយបញ្ហានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃទី២៥ ខែសីហា បានបញ្ជាឱ្យលោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជាចុះទៅត្រួតពិនិត្យ និងសួរនាំប្រជាពលរដ្ឋដែលអះអាងថាបាត់ដីនោះដោយផ្ទាល់ ដើម្បីបញ្ជាក់ពីការពិតដល់សាធារណជន។ ជាលទ្ធផល គឺមិនដូចការលើកឡើងនោះទេ។

គួរជម្រាបជូនថា ទីតាំងដែលក្រុមគណ

ៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាចុះត្រួតពិនិត្យ និងជួបជាមួយប្រជាពលរដ្ឋដោយផ្ទាល់នេះ គឺជាទីតាំងតែមួយដែលលោករ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង លោកសួង សោភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះបានចុះទៅពិនិត្យមើល និងសួរនាំប្រជាពលរដ្ឋដូចគ្នា។ ប៉ុន្តែ ក្រោយមក ពួកគេទាំងពីរត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់។ លោករ៉ុង ឈុន ត្រូវបានចាប់ខ្លួន និងឃុំខ្លួនមុន ដោយចោទប្រកាន់ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

ចំណែក លោកសួង សោភ័ណ្ឌ ត្រូវបានចាប់ខ្លួន និង ឃុំខ្លួននា​ពេល​បន្ទាប់ ដោយ​សារ​បាន​​ចូលរួមតវ៉ាទាមទារឱ្យដោះលែងលោករ៉ុង ឈុន និងបានចុះទៅតំបន់ព្រំដែននោះ ដើម្បីស្វែងរកការពិតជុំវិញការចាប់ខ្លួនលោករ៉ុង ឈុន។ មិនខុសគ្នាដែរ លោកសួង សោភ័ណ្ឌ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការបំភ្លៃការពិតរឿងព្រំដែនកម្ពុជា-វៀតណាម។ ក្រៅពីពួកគេទាំងពីរនេះ ក្រុមយុវជនជាង១០​នាក់​ត្រូវបានចាប់​ខ្លួន ​និង​រង​អំពើ​ហិង្សា​​ជា​បន្ត​បន្ទាប់​ ខណៈពួកគេ​នាំគ្នាតវ៉ាករណី​ចាប់​ខ្លួន​អ្នករិះគន់​បញ្ហាព្រំដែន។ ក្នុង​នោះ​មាន​មនុស្ស​៦​នាក់​ត្រូវបាន​ឃុំ​ខ្លួនជាបណ្តោះ​អាសន្ន​នៅពន្ធនាគារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ