អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើ​ស្ថានីយ៍អវកាសអន្តរជាតិ​ត្រូវ​បាន​សាងសង់​និង​ដាក់​ក្នុង​គន្លងតារាវិថី​ដោយ​របៀបណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូម​លើកឡើង អំពីប្រវត្តិ និង​ដំណើរការ​សាងសង់​ស្ថានីយ៍អវកាស​អន្តរជាតិ (International Space Station)។

ស្ថានីយ៍អវកាសអន្តរជាតិ (International Space Station)
ស្ថានីយ៍អវកាសអន្តរជាតិ (International Space Station) NASA/AFP/File
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះ មាន​ផ្កាយរណប​រហូតដល់​ទៅ​ជាង ២ពាន់​ឯណោះ ដែល​ស្ថិត​នៅ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ភពផែនដី​របស់​យើង។ ​នៅ​ក្នុង​ចំណោម​ផ្កាយរណប​ទាំង​ជាង​២ពាន់​គ្រឿង​នោះ ផ្កាយរណប​​ធំជាងគេ គឺ​ស្ថានីយ៍អវកាស​អន្តរជាតិ ដែល​ស្ថិត​នៅ​រយៈកម្ពស់​ប្រមាណ​ជា ៤០០គីឡូម៉ែត្រ​ពី​ដី ហើយ​ធ្វើ​ដំណើរ​ក្នុង​គន្លង​តារាវិថី​ជុំវិញ​ផែនដី ក្នុងល្បឿន​ជិត​២៨០០០​គីឡូម៉ែត្រ​ក្នុងមួយម៉ោង ដោយ​មួយ​ជុំ​​ត្រូវ​ចំណាយពេល​ប្រមាណ​ជា ៩០នាទី។

មាន​បណ្តោយ​ ១០៩​ម៉ែត្រ និង​ទទឹង ៧៣ម៉ែត្រ (ទំហំ​ប្រហាក់ប្រហែល​នឹង​តារាង​បាល់ទាត់) ហើយ​ទម្ងន់​ដល់​ទៅ​ជិត ៤២០តោន ស្ថានីយ៍អវកាស​អន្តរជាតិ គឺ​សំណង់អវកាស​ដ៏​ធំបំផុត ហើយ​គម្រោង​ដែល​ត្រូវ​ចំណាយលុយ​រហូតដល់​ទៅ​រាប់សិបម៉ឺន​លាន​​ដុល្លារ​នេះ មិនមែន​ជា​របស់​ប្រទេស​ណាតែមួយនោះទេ ផ្ទុយ​ទៅវិញ វា​កើតចេញពី​កិច្ចសហប្រតិបត្តិការ​ជា​លក្ខណៈ​អន្តរជាតិ រវាង​ប្រទេស​ចំនួន ១៥។

កាល​ពី​ដំបូង ប្រទេស​មហាអំណាច​​អវកាស​បាន​បង្កើត​ ឬ​គ្រោងបង្កើតស្ថានីយ៍អវកាស​​​ដាច់ពី​គ្នារៀងៗខ្លួន ដោយ​សូវៀត​បាន​សង់​ស្ថានីយ៍អវកាស​មៀរ (Mir) នៅ​ឆ្នាំ១៩៨៦ ចំណែក​អាមេរិក​វិញ ក្រោយ​ពី​កូន​ស្ថានីយ៍អវកាស​តូចមួយ​ឈ្មោះ Skylab លែង​ដំណើរការ នៅ​ឆ្នាំ១៩៧៩ ក៏​បាន​គ្រោង​សង់​ស្ថានីយ៍អវកាស​មួយទៀតដែល​កាន់តែ​ធំជាងមុន ដោយ​ដាក់​ឈ្មោះ​ថា « Freedom »។ ក្នុងពេល​ជាមួយគ្នា ទីភ្នាក់ងារ​អវកាស​អឺរ៉ុប និង​ជប៉ុន ក៏​បង្កើត​គម្រោង​សាងសង់​ស្ថានីយ៍អវកាស​រៀងៗខ្លួនដែរ គឺ​ស្ថានីយអវកាសរបស់​អឺរ៉ុប​មាន​ឈ្មោះ​ថា « Columbus » ហើយ​ស្ថានីយ៍អវកាស​របស់​​ជប៉ុន​មាន​ឈ្មោះ​ថា « គីបូ »។

ក៏ប៉ុន្តែ ក្រោយ​មក​ទៀត នៅ​ឆ្នាំ១៩៩៨ បណ្តា​ប្រទេស​អស់ទាំងនេះ​ក៏​បាន​ព្រមព្រៀង​គ្នា​ថា ជាជាង​ម្នាក់ៗ​បង្កើត​ស្ថានីយ៍អវកាស​តូចៗ​ដាច់ពី​គ្នា​រៀងខ្លួន គេ​គួរតែ​​ធ្វើ​គម្រោង​​រួម​គ្នា បង្កើត​ទៅជា​ស្ថានីយ៍​អវកាស​រួមគ្នា​ធំមួយ​វិញ ដែល​អាច​​ឲ្យ​គេ​ចំណាយ​ធនធាន​តិច តែ​សាងសង់​បាន​នូវ​ស្ថានីយ៍អវកាស​ដែល​មាន​ដំណើរការ​ល្អ​ជាង ផ្តល់​ផលប្រយោជន៍​បាន​ច្រើន​ជាង និង​ជាពិសេស អាច​ឲ្យ​គេ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ក្នុងការ​ស្រាវជ្រាវ​ផ្នែក​អវកាស ដែល​គេ​យល់ថា វា​គួរតែ​ជា​ចំណេះដឹង​រួម​របស់​មនុស្សជាតិ​ទាំងមូល។

​គម្រោង​ស្ថានីយ៍អវកាស​អន្តរជាតិ​ ដែល​គោលដៅ​ចម្បង គឺ​បង្កើត​ឲ្យមាន​ជាមន្ទីរពិសោធន៍​ក្នុង​អវកាស ក៏​​បាន​ចាប់កំណើតឡើង ជាមួយ​នឹង​ការ​ចុះ​កិច្ចព្រមព្រៀង​អន្តរជាតិមួយ ដោយ​មាន​ការ​ចូលរួម​ពី​ប្រទេស​ចំនួន ១៥ គឺ​សហរដ្ឋ​អាមេរិក រុស្ស៊ី ជប៉ុន កាណាដា និង​ប្រទេស​ ១១ទៀត ជា​សមាជិក​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ក្នុងនោះ​រួមមាន បារាំង អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី អេស្ប៉ាញ ស៊ុយអែត ប៊ែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ ន័រវេស និង ស្វ៊ីស)។

ការសាងសង់​ស្ថានីយ៍អវកាស​អន្តរជាតិ​នេះ​បាន​ចាប់ផ្តើម​ធ្វើ​ នៅឆ្នាំ១៩៩៨ ក៏ប៉ុន្តែ ស្ថានីយ៍អវកាស ដែល​មាន​ទំហំ​ប៉ុន​ទីលាន​បាល់ទាត់ ហើយ​ទម្ងន់​រហូតដល់​ទៅ​ជាង ៤រយតោន​នោះ គ្មាន​រ៉ុកកែត​ណាមួយ​ ដែល​មាន​កម្លាំង​អាច​បាញ់​បង្ហោះ​យក​ទៅ​ដាក់​ ក្នុង​គន្លង​តារាវិថី​បាន​ទាំងមូល​​នោះទេ។ ដូច្នេះ មធ្យោបាយ​តែមួយ​គត់ គឺ​មាន​តែ​ត្រូវ​បាញ់​បង្ហោះ​មួយផ្នែក​ម្តងៗ ​យក​ទៅ​ដំឡើង​នៅ​ក្នុង​ទីអវកាស។

ស្ថានីយ៍អវកាស​អន្តរជាតិ នៅ​ក្នុង​រូបរាង​ចុងក្រោយ ដែល​មាន​សព្វថ្ងៃ​នេះ ត្រូវ​បាន​គេ​សាងសង់ និង​ដំឡើង​ចប់សព្វគ្រប់ នៅ​ឆ្នាំ​២០១១ ហើយ​ចាប់តាំង​ពី​ឆ្នាំ២០០០​ រហូត​មក​ទល់​នឹង​ពេល​នេះ ស្ថានីយ៍អវកាស​អន្តរជាតិ​បាន​ទទួល​អវកាសយានិក​ចម្រុះជាតិសាសន៍ឲ្យ​ស្នាក់​នៅ​ជាប់​ជា​ប្រចាំ​ឥតដាច់ ដោយ​ការ​ស្នាក់នៅ​ត្រូវ​ចែក​ជា​ក្រុម​ផ្លាស់វេនគ្នា​ ដោយជាទូទៅ បេសកកម្ម​នីមួយៗ​ ​មានអវកាសយានិក​​ក្នុងចន្លោះ​ពី ៣ ទៅ ៦នាក់ ហើយ​ជា​មធ្យម​ត្រូវ​​ស្នាក់​នៅ​ក្នុង​ចន្លោះ​ពី ៣ ទៅ ៦ខែ តែ​ក៏​មាន​ដែរ​អវកាសយានិក ដែល​ស្នាក់​នៅ​យូរ ​រហូតដល់​ទៅ​លើស​ពី​១ឆ្នាំ។

ចាប់តាំង​ពី​ពេល​បង្កើត​ឡើង​ដំបូង រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គោលដៅ​ចម្បង​បំផុត នៃ​ស្ថានីយ៍អវកាស​អន្តរជាតិ​នេះ គឺ​ធ្វើ​ជា​មន្ទីរពិសោធន៍ ដើម្បី​​​សិក្សា​លម្អិត​​​អំពី​ដំណើរវិវឌ្ឍ​នៃ​ជីវិត​ក្រៅឥទ្ធិពល​នៃ​កម្លាំង​ទំនាញ​ផែនដី ជាពិសេស សិក្សាអំពី​​ផលប៉ះពាល់ដល់​សុខភាព​របស់​មនុស្ស នៅ​ក្នុង​ការ​ស្នាក់​នៅ​ក្នុង​ទីអវកាស​រយៈពេល​វែង ដែល​នេះ វា​គឺ​ជា​ចំណុច​ដ៏​សំខាន់​បំផុត នៅ​ក្នុង​បេសកកម្ម​​នា​ថ្ងៃអនាគត ដើម្បី​បញ្ជូន​មនុស្ស​ទៅ​កាន់​ភពអង្គារ ឬ​ទៅកាន់​ទីកន្លែង​ឆ្ងាយ​ៗផ្សេងទៀត ដែល​ការធ្វើ​ដំណើរ​ត្រូវ​ចំណាយ​ពេល​យូរ ដល់​ទៅ​រាប់ខែ ឬ​​រហូត​ដល់​ទៅ​រាប់ឆ្នាំ៕

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ