អានតួអត្ថបទ
កម្ពុជា-ព្រំដែន

អតីតបក្សប្រឆាំងជំរុញក្រសួងការបរទេសឱ្យធ្វើកំណត់ទូតទៅវៀតណាមឱ្យបានលឿនរឿងសង់សំណង់រឹងតាមព្រំដែន

អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​អះអាង​ឱ្យ​ដឹងថា​ ទាហាន​វៀតណាម​បាន​សាងសង់​សំណង់​រឹងមាំ​ចំនួន​២​បន្ថែម​ទៀត​ហើយ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម​នៅក្នុង​ខេត្ត​កណ្តាល​។ នេះ​ធ្វើ​ឱ្យ​ការ​ផ្លាស់ប្តូរ​ពី​តង់​ចាស់​ទៅ​ជា​សំណង់​រឹងមាំ​របស់​ទាហាន​វៀតណាម​បាន​កើនឡើង​ដល់​៦​ទីតាំង​ហើយ​។ គណៈកម្មាធិការ​កិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា​ និង​ក្រសួង​ការបរទេស​មិន​ទាន់​មាន​ចំណាត់ការ​ជាក់លាក់​ណា​មួយ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ អតីត​បក្ស​ប្រឆាំង​វិញ​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​បញ្ហា​នេះ​ ហើយ​ជំរុញ​ឱ្យ​ក្រសួង​ការបរទេស​កម្ពុជា​ឆាប់​ធ្វើ​កំណត់​ទូត​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម​ឱ្យ​បាន​លឿន​។

លោក អ៊ុំ សំអាន
លោក អ៊ុំ សំអាន © Internet
ផ្សាយពាណិជ្ជកម្ម

លោកអ៊ុំ សំអាន ប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃអតីតគណបក្សសង្រ្គោះជាតិបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃពុធនេះថា រដ្ឋាភិបាលកម្ពុជា ពិសេស ក្រសួងការបរទេសមិនអាចបណ្តែតបណ្តោយបានទៀតនោះទេ ពោល គឺត្រូវធ្វើកំណត់ទូតឱ្យបានឆាប់បំផុតទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីទាមទារឱ្យបញ្ឈប់ការសាងសង់សំណង់រឹងមាំបន្ថែមនៅតាមបណ្តោយព្រំដែននៅក្នុងខេត្តកណ្តាល។ ការជំរុញរបស់អតីតបក្សប្រឆាំងនេះធ្វើឡើងបន្ទាប់ពីទាហានវៀតណាមបានសាងសង់សំណង់រឹងមាំចំនួន២បន្ថែមទៀតដែលកើនដល់៦ទីតាំងដោយមិនខ្វល់ពីការស្នើសុំឱ្យបញ្ឈប់ពីភាគីកម្ពុជា។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិយ៉ាងខ្លីថា ក្រសួងនៅមិនទាន់ធ្វើកំណត់ទូតទៅរដ្ឋាភិបាលវៀតណាមនៅឡើយទេចំពោះបញ្ហានេះ។ ប្រាប់តែប៉ុណ្ណេះ លោកកុយ គួងមិនបានបង្ហាញពីហេតុផលបន្ថែមនោះទេ។ សូមបញ្ជាក់ថា ទាហានវៀតណាមបានចាប់ផ្តើមផ្លាស់ប្តូរតង់ចាស់ផ្លាស់មកជាសំណង់រឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាមក្នុងខេត្តកណ្តាលកាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ។ ភាគីកម្ពុជាបានស្នើសុំឱ្យទាហានវៀតណាមបញ្ឈប់ការសាងសង់នេះដែរ តែទាហានវៀតណាមមិនព្រម ហើយថែមប្រាប់មកភាគីកម្ពុជាវិញ ទៀតថា គេគ្រោងនឹងសាងសង់ឱ្យបាន១០ទីតាំងតាមបញ្ជាថ្នាក់លើរបស់គេ។

សម្រាប់លោកអ៊ុំ សំអាន ប្រសិនបើវៀតណាមនៅតែបន្តសាងសង់សំណង់រឹងមាំដែលមើលទៅមានទ្រង់ទ្រាយដូចប៉ុស្តិ៍នគរបាលនេះបន្ថែមទៀត ហើយក្រសួងការបរទេសកម្ពុជាមិនទាន់មានចំណាត់ការនោះ គឺគណៈកម្មាធិការកិច្ចការចម្រុះព្រំដែនកម្ពុជាគួរធ្វើសកម្មភាពហើយ។ លោកអ៊ុំ សំអាន ចង់ឱ្យគណៈកម្មការធិការកិច្ចការចម្រុះព្រំដែនកម្ពុជាចុះទៅត្រួតពិនិត្យតំបន់ដែលទាហានវៀតណាមសាងសង់សំណង់រឹងមាំនេះ ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថា ការសាងសង់សំណង់រឹងមាំរបស់វៀតណាម​នេះ គឺនៅលើទឹកដីវៀតណាម ឫលើទឹកដីកម្ពុជាឱ្យប្រាកដ។ បើសិននៅលើទឹកកម្ពុជា លោកអ៊ុំ សំអាន ជំរុញឱ្យរដ្ឋាភិបាលប្រើប្រាស់យន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហានេះដូចដែលកម្ពុជាធ្លាប់ធ្វើជាមួយប្រទេសថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ