អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើខ្នាតរង្វាស់សីតុណ្ហភាពបច្ចុប្បន្ន (°C, °F, K) មានដើមកំណើតមកពីណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​នេះ សេង ឌីណា ​សូម​លើកឡើង អំពីដំណើររឿង​នៃ​ការ​បង្កើត​មាត្រដ្ឋាន​នៃ​រង្វាស់​សីតុណ្ហភាព ដែល​គេ​ប្រើ​ជា​ទូ​ទៅ​ក្នុង​ពេល​បច្ចុប្បន្ន។

© Pixabay
ផ្សាយពាណិជ្ជកម្ម

វិធី​វាស់​​កម្តៅ​ត្រូវ​បាន​គេ​បង្កើតឡើង តាំង​ពី​ក្រិក​សម័យ​បុរាណ គឺ​តាំង​ពី​ឆ្នាំ​១៧០​គ.ស. ដោយ​អ្នក​ប្រាជ្ញ​ក្រិក​ម្នាក់​ឈ្មោះ ហ្កាលិន (Galen) និង​ក្រោយ​មក​ទៀត ត្រូវ​បាន​កែលម្អ​ឲ្យ​កាន់តែ​ប្រសើរឡើង​​នៅ​សតវត្សរ៍​ទី​១៦ ដោយ​អ្នក​ប្រាជ្ញ​អ៊ីតាលី កាលីឡេ។ ក៏ប៉ុន្តែ ឧបករណ៍​វាស់​កម្តៅ តាំង​ពី​សម័យក្រិក រហូត​ដល់​សម័យកាលីឡេ​នោះ មិនត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទែរម៉ូម៉ែត្រ​នៅឡើយទេ ផ្ទុយ​ទៅវិញ វា​គ្រាន់តែ​ជា​ទែរម៉ូស្កុប​តែ​ប៉ុណ្ណោះ ដោយសារ​តែ​វា​គ្រាន់តែ​បង្ហាញ​ថា​អ្វីមួយ​ក្តៅ ឬ​ត្រជាក់ តែ​មិនមាន​មាត្រដ្ឋាន​បញ្ជាក់​ច្បាស់លាស់​ថា តើ​ក្តៅ ឬ​ត្រជាក់​ប៉ុណ្ណា? មាន​សីតុណ្ហភាព​ប៉ុន្មាន​អង្សា​ពិតប្រាកដ។

រហូត​ទាល់តែ​ដល់​ដើម​សតវត្សរ៍​ទី១៨ ទើប​​ទែរម៉ូម៉ែត្រ​​ប្រើ​បារ៉ត ហើយ​​មាន​​មាត្រដ្ឋាន​ជា​រង្វាស់​ជាក់លាក់ ត្រូវ​បាន​បង្កើត​ឡើង ដោយ​អ្នក​វិទ្យាសាស្ត្រ​​​អាល្លឺម៉ង់ ឈ្មោះ ដានីញែល ហ្កាប្រ៊ីយែល ហ្វារិនហៃត៍​ (Daniel Gabriel Fahrenheit 1686-1736)។

នៅ​ក្នុង​មាត្រដ្ឋាន​រង្វាស់​សីតុណ្ហភាព​ថ្មី​របស់​ហ្វារិនហៃ​ (°F) ទឹក កក​នៅ​ ៣២អង្សា កម្តៅខ្លួ​ន​របស់​មនុស្ស​មាន​សុខភាព​ធម្មតា ៩៦អង្សា ចំណែក​សីតុណ្ហភាព​​ទឹកពុះ គឺ ២១២​អង្សា។

មកទល់នឹង​សព្វថ្ងៃ​នេះ ​រង្វាស់​សីតុណ្ហភាព​ហ្វារិនហៃន ត្រូវ​គេ​ប្រើ​តែ​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​តូចៗ​មួយ​ចំនួន នៅ​ក្នុងតំបន់​អាមេរិក​កណ្តាល​តែ​ប៉ុណ្ណោះ។ ចំណែក​ឯប្រទេស​ភាគច្រើន​ផ្សេងទៀត នៅ​ស្ទើរតែ​ទូទាំង​ពិភពលោក​ទាំងមូល​ គេ​ប្រើ​រង្វាស់​សីតុណ្ហភាព​មួយ​ផ្សេងទៀត ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ស្តង់ដា​អ​ន្តរជាតិ គឺ​អង្សាសេ ឬ​ដឺក្រេស៊ែលស៊ុស (°C)។

អង្សាសេ​នេះ ថ្វីដ្បិត​តែ​ខុសគ្នា​ស្រឡះ​ពី​​​អង្សាហ្វារិនហៃ ក៏ប៉ុន្តែ វា​មាន​ចំណុច​រួមគ្នាមួយ គឺ នៅ​ក្នុង​មាត្រដ្ឋាន​ទាំងពីរ​នេះ សុទ្ធតែ​អាច​មាន​រង្វាស់​សីតុណ្ហភាព​រហូត​ដល់​ក្រោម​សូន្យ ពោលគឺ​ជា​ចំនួន​អវិជ្ជមាន។ សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ​ វា​អាច​មិន​ចោទ​ជា​បញ្ហា ក៏ប៉ុន្តែ នេះ​វា​ផ្ទុយ​ពី​ការពិតជាក់ស្តែង​ទៅតាម​លក្ខណៈវិទ្យាសាស្ត្រ។

ហេតុដូច្នេះហើយ​បាន​ជា​ គេបង្កើត​​មាត្រដ្ឋាន​រង្វាស់​សីតុណ្ហភាព​ផ្សេងមួយទៀត គឺ កែលវិន (Kelvin) ដែល​គេ​ប្រើ​ភាគច្រើន​នៅ​ក្នុង​ការ​សិក្សា​វិទ្យាសាស្ត្រ ជាពិសេស​ខាង​រូបវិទ្យា។

Kelvin ដែល​ជាទូទៅ​ត្រូវ​គេ​ប្រើ​ដោយ​មិនមាន​សញ្ញា “អង្សា °” នៅពីមុខ ត្រូវបាន​បង្កើតឡើង កាល​ពីឆ្នាំ១៨៤៨ ដោយ​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​ឈ្មោះ វីល្យ៉ាម ថមសុន (William Thomson) ហើយ​ដែល​មានងារថា « Lord Kelvin »។ ខុសពី​ហ្វារិនហៃ និង​ស៊ែលស៊ុស, Sir William Thomson មិនយក​ចំណុច​ទឹកពុះ ឬ​ទឹកកក​មកធ្វើ​ជា​គោល​ក្នុងការ​បង្កើត​មាត្រដ្ឋាន​នៃ​រង្វាស់​សីតុណ្ហភាព​នោះទេ។ ផ្ទុយទៅវិញ គឺយក​​ចំណុច​ដែល​គ្មាន​ថាមពល​អ្វីសោះ ហើយ​ម៉ូលេគុល​ត្រូវ​នៅ​ទ្រឹងស្ងៀម​គ្មាន​ចលនាអ្វី​ទាំងអស់ មក​ធ្វើ​ជា​ចំណុចគោល ហើយ​ដែល​ Sir William Thomson បាន​កំណត់​ថា​ជា​ចំណុចសូន្យដាច់ខាត ឬ​តាមភាសាអង់គ្លេស “Absolute Zero” ពោលគឺ ​វាជា​​សីតុណ្ហភាពដ៏ត្រជាក់បំផុត​ដែល​គ្មាន​អ្វី​អាច​ចុះ​ត្រជាក់​ក្រោម​នេះ​ទៀតបាន។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​ RFI ខេមរភាសា

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ