អានតួអត្ថបទ
កម្ពុជា-វិនិយោគ

សំណុំ​រឿង​ក្រុមហ៊ុន UDG៖ CDC ​ថា ​ទណ្ឌកម្ម​របស់​អាមេរិក​ប៉ះពាល់ដល់​​​ក្រុមហ៊ុន​និង​ការ​វិនិយោគ​នៅ​កម្ពុជា

បន្ទាប់​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជានិង​ក្រុមហ៊ុន Union Development Group ឥឡូវ​នេះ​ដល់​វេន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា CDC វិញ​ម្ដង ដែល​ចេញ​មុខ​ប្រតិកម្ម​ចំពោះ​ទណ្ឌកម្មរបស់​​អាមេរិក​​លើ​ក្រុមហ៊ុន Union Development Group។ ក្រុមហ៊ុន Union Development Group ដែលបោះ​ទុន​វិនិយោគ​នៅ​ខេត្ត​កោះកុង​ ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​ តាំង​ពី​ឆ្នាំ​២០០៨​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២០​កញ្ញា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា​បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក ដោយ​បញ្ជាក់​ទៀត​​ថា ការ​ដាក់​ទណ្ឌកម្មនេះ មិន​ត្រឹម​តែ​បង្ក​ផល​​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​​​ការ​វិនិយោគ​នៅ​កម្ពុជា​ទាំង​មូល​ផង​ដែរ​។  

អគារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC
អគារ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC © Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កម្រាស់​៣​ទំព័រ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា CDC ​សង្កត់​ធ្ងន់​ថា ការ​ដាក់​ទណ្ឌកម្មរបស់​អាមេរិក​លើ​ក្រុមហ៊ុន UDG ​ធ្វើ​ឡើង​ក្រោម​ហេតុផល​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិតទាល់​តែ​សោះ​។​ ក្នុង​នាម​ជា​ស្ថាប័ន​ទទួល​បន្ទុក​លើ​ការ​វិនិយោគ​របស់​បរទេស​នៅ​កម្ពុជា CDC បាន​ពន្យល់​បំភ្លឺ​នូវ​ចំណុច​សំខាន់​ៗ​ចំនួន​៥​ ដែល​មាន​ខ្លឹមសារ​ផ្ទុយ​ទាំង​ស្រុង​ពី​ការ​លើក​ឡើង​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​។ បើ​តាម CDC ក្រុមហ៊ុន UDG ជា​ក្រុមហ៊ុន​ឯកជន​សុទ្ធ​សាធ មិន​មែន​ជា​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​ចិន​ដូច​ការ​អះអាង​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​នោះ​ទេ​។ និង​ថា គម្រោង​អភិវឌ្ឍ​របស់ UDG ធ្វើ​ឡើង​ក្រោម​កិច្ច​សន្យា​ជួល​ទីតាំង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​ស្រប​តាម​ច្បាប់ បទ​បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន។

ចំពោះ​ការ​ចោទ​ប្រកាន់​ថា ក្រុមហ៊ុន UDG បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី​ដី​របស់​ខ្លួន CDC បញ្ជាក់​ថា មែន​ទែន​ទៅ គឺ ពលរដ្ឋ​ទៅ​វិញ​ទេ​ដែល​រស់​នៅ​អាស្រ័យ​ផល​លើ​ដី​រដ្ឋ​ដោយគ្មាន​ការ​អនុញ្ញាត ហើយ​ក្រុមហ៊ុន UDG បាន​ធ្វើ​ការ​ជាមួយ​អន្ដរក្រសួង​ក្នុង​ការ​ដោះ​ស្រាយ​ជាមួយ​ពលរដ្ឋ​ក្រោម​គោលការណ៍​ស្ម័គ្រ​ចិត្ត សន្តិវិធី គ្មាន​ការ​បង្ខិតបង្ខំ និង​ស្រប​តាម​ខ្លឹមសារ​នៃ​កិច្ច​សន្យា​។ ទាក់ទង​នឹង​បញ្ហា​បរិស្ថាន​វិញ CDC ថា ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន UDG បាន​អនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​ប្លង់​មេ​និង​របាយការណ៍​ស្ដី​ពី​ការ​វាយ​តម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ដែល​ទទួល​បាន​ការ​ឯកភាព​ពី​ក្រសួង​បរិស្ថាន​ និង​ដែលគណៈកម្មការ​​អន្ដរក្រសួង​បានចុះ​ពិនិត្យ​ដល់​ទីតាំង​ផ្ទាល់​រៀងរាល់​៦​ខែ​ម្ដង​។​

ក្នុង​សំណុំ​រឿង​សង្ស័យ​អំពី​មូលដ្ឋាន​ទ័ព​យោធា​របស់​ចិន​នៅ​តំបន់​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន UDG នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា CDC បាន​ចេញ​មុខ​ច្រាន​ចោល​ទាំង​ស្រុង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ CDC ថែមទាំង​ប្រកាស​ស្វាគមន៍​សហរដ្ឋ​អាមេរិក​ថែមទៀត ប្រសិន​បើ​អាមេរិក​ឬ​ប្រទេស​ជា​មិត្ត​នានា ចង់​ធ្វើ​ដំណើរ​ទស្សនកិច្ច​ស្វែង​រក​ការ​ពិត​នៅ​តំបន់​សង្ស័យ​។ តំបន់សង្ស័យ គឺ​តំបន់​​អភិវឌ្ឍ​តារាសាគរ បើ​តាម​ការ​ឲ្យ​ដឹង​ពី CDC គឺ​​ធ្លាប់​បាន​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​​​​តំណាង​ស្ថានទូត​នៃ​ប្រទេស​មួយ​ចំនួន​ ព្រម​ទាំង​អនុព័ន្ធ​យោធា​អម​ស្ថាន​ទូតថែម​ទៀត​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ​។

តាម​រយៈ​ការ​ថ្លែង​ការណ៍​បំភ្លឺ​យ៉ាង​ដូច្នេះ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC សង្ឃឹម​ថា សហរដ្ឋ​អាមេរិក​នឹង​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន UDG។ ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន UDG បើ​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា គឺ​មិន​ត្រឹម​តែ​បង្ក​ផល​​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​​​ការងារ​ប្រជាពលរដ្ឋ​ជា​ច្រើន ក៏​ដូច​ជា​បរិស្ថាន​ធុរកិច្ច​​និង​​វិនិយោគ​នៅ​កម្ពុជា​ទាំង​មូល​ផង​ដែរ​។

សូម​ជម្រាប​ជូន​ថា សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួង​រតនាគារ​នៃ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៥ខែ​កញ្ញា បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ក្រុមហ៊ុន UDG ដែល​មាន​នៅ​ឯ​សហរដ្ឋ​អាមេរិក​ ក្រោម​ហេតុផល​ថា ក្រុមហ៊ុន​នេះ បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយ​បាន​រឹបអូស​ដី​ធ្លី​និង​បំផ្លាញ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ដំណើរការ​អភិវឌ្ឍ​គម្រោង​មណ្ឌល​​កម្សាន្តតារា​សាគរ​របស់​ខ្លួន ក្នុង​ខេត្ត​កោះកុង​។

ក្រុមហ៊ុន​ចិន Tianjin Union Development Group ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Union Development Group និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ជំទាស់​យ៉ាង​ខ្លាំង​ទៅ​នឹង​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​រតនាគារ​អាមេរិក។ សម្រាប់​ក្រុមហ៊ុន​ចិន Tianjin Union Development Group ការ​ចោទ​ប្រកាន់​ទាំង​អម្បាលម៉ាន​របស់​ក្រសួង​រតនាគារ​អាមេរិក គឺ​ជា​ការ​មិន​អើពើ​នឹង​ការ​ពិត ហើយ​ប្រឌិត​រឿង​តែ​មាត់៕ 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ