អានតួអត្ថបទ
កម្ពុជា-សង្គម

លោកកឹម សុខា ផ្តើមចុះជួយប្រជាពលរដ្ឋ បើទោះបីកំពុងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ

​ប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​ លោក​កឹម សុខា ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​នាំ​យក​អង្ករ​ និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ទៀត​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​តែ​ទឹក​ជំនន់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​។ ​ជា​ការ​កត់សម្គាល់​ នេះ​ គឺ​ជា​ការ​ចុះ​ជួយ​ប្រជាពលរដ្ឋ​លើក​ទី​១​ហើយ​របស់​លោក​កឹម សុខា ​បន្ទាប់​ពី​សវនាការ​របស់​លោក​ត្រូវ​បាន​ផ្អាក​កាល​ពី​ខែ​មីនា​ ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​១៩​។

លោកកឹម សុខា នាំយកគ្រឿងបរិភោគចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់
លោកកឹម សុខា នាំយកគ្រឿងបរិភោគចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់ © FB
ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកកឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិបានលើកឡើងថា អំណោយរប​ស់លោកនេះ គឺតិចតួច តែវាអាចនឹងជួយរំលែកទុក្ខលំបាក និងការខ្វះខាតខ្លះៗរបស់ពលរដ្ឋដែលរងគ្រោះព្រោះទឹកជំ​នន់នៅក្នុងខេត្តពោរធិ៍សាត់។ លោកបានអះអាងថា អ្វីដែលអាចធ្វើបាន មិនប៉ះពាល់ដល់ផលប្រយោ​ជន៍ជាតិ មិនរំលោភសិទ្ធិអ្នកដទៃ ហើយច្បាប់មិនហាមឃាត់ គឺលោកនៅតែព្យាយាមធ្វើទៅតាមលទ្ធភាព និងកាលៈទេសៈ ដើម្បីចូលរួមជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាពលរដ្ឋខ្មែរ បើទោះបីសេរីភាពរបស់លោកត្រូវបានកម្រិតដោយតុលាការក៏ដោយ។

តុលាការក្រុងភ្នំពេញ បានកម្រិតសេរីភាពលោកកឹម សុខា ដោយមិនអនុញ្ញាតឱ្យលោកធ្វើសកម្មភាពនយោបាយ និងចាកចេញទៅក្រៅប្រទេសឡើយ។ ប៉ុន្តែ លោកអាចដើរហើរបានគ្រប់ទីកន្លែង និងគ្រប់ពេលនៅក្នុងប្រទេសកម្ពុជា។ លោ​កកឹម សុខា ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ តុលា​ការក្រុងភ្នំពេញបានដំណើរការនិតីវិធីជំនុំជម្រះលើសំណុំរឿងរបស់លោកហើយ ប៉ុន្តែត្រូវផ្អាកសិនកាលពី២៥ មីនាដោយសារតែការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីសវនាការត្រូវបានផ្អាក លោកកឹម សុខា បាន​ធ្វើ​ដំណើរ​កម្សាន្ត​ និង​ជួប​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នានានៅទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែ ក្រោយមក រូបលោកត្រូវបានតុលាការក្រុងភ្នំពេញចេញលិខិតដាស់តឿនឱ្យគោរពឱ្យបានម៉ឺងម៉ាត់នូវ​កាតព្វ​កិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​។ បើទោះជាបែបនេះក្តី លោកនៅតែបន្តចុះទៅខេត្ត ហើយនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ លោកកឹម សុខា ក៏បានចុះទៅធ្វើបុណ្យទានតាមប្រពៃណីខ្មែរជាបន្តបន្ទាប់ផងដែរ។

ក្រៅពីចុះជួប ជួយពលរដ្ឋ និង ធ្វើបុណ្យទាន លោកកឹម សុខា ក៏បានបន្តជួបជាមួយបណ្តាទូតបររទេសប្រចាំនៅកម្ពុជាថែមទៀត។ ចុងក្រោយនេះ ពោល គឺកាលពីថ្ងៃទី២៥ ខែកញ្ញា លោកកឹម សុខា បានជួបជាមួយឯកអគ្គរដ្ឋទូតសហភា​ពអឺរ៉ុបប្រចាំនៅកម្ពុជានៅគេហដ្ឋានរបស់លោកដែលនេះមិនមែនជាជំនួបលើកទី១នោះទេ។ ជំនួបចុងក្រោយនេះ លោ​កស្រីឯកអគ្គរដ្ឋទូតសហភា​ពអឺរ៉ុបបានប្រាប់លោកកឹម សុខា ថាអឺរ៉ុបនៅតែចង់ជួយប្រជាពលរដ្ឋខ្មែរ​ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យនានា។ ចំណែក លោកកឹម សុខាវិញ ក៏បានសម្តែងនូវការចង់ឃើញកម្ពុជា និងអឺរ៉ុប បន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកស្ទួយ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននេះ និងទៅអនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ