អានតួអត្ថបទ
កម្ពុជា-សង្គម

សមត្ថកិច្ចខេត្តព្រះសីហនុប្រើពេល៣ថ្ងៃសាកសួរជនជាតិចិនជាង៤០០នាក់សង្ស័យប្រព្រឹត្តបទល្មើសគ្រឿងញៀន

សមត្ថកិច្ច​ប៉ូលីស​ខេត្ត​ព្រះសីហនុ​មិន​ទាន់​បញ្ចប់​ការ​សួរ​នាំ​ទាំង​ស្រុង​ទៅ​លើ​ជនជាតិ​ចិន​ជាង​៤០០​នាក់​នៅ​ឡើយ​ទេ​ មក​ទល់​ពេល​នេះ​ ដើម្បី​ស្រាវជ្រាវ​ឲ្យ​ដឹង​ច្បាស់​តើ​អ្នក​ណា​ខ្លះ​សង្ស័យ​ថា​បាន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ និង​ការ​ជួញ​ដូរ​ផ្លូវភេទ​។ កាល​ពី​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០​ខែ​កញ្ញា ​សមត្ថកិច្ច​ចំរុះ​ខេត្ត​ព្រះសីហនុ​ បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ជន​ជាតិ​ចិន​ទ្រង់ទ្រាយ​ធំ​ នៅក្នុង​ភោជនីយដ្ឋាន​មួយ​ឈ្មោះ ​«ស៊ីនខាយសៀនមិន»ស្ថិត​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ​ ហើយ​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៤១១នាក់​ និង​ពលរដ្ឋ​ខ្មែរ​៤​នាក់​ផង​ដែរ​។ ក្រៅពី​នេះ​ប៉ូលីស​ក៏​បាន​រក​ឃើញ​អាវុធ​វែង​ ខ្លី​ និង​គ្រឿងញៀន​មួយ​ចំនួន​ដែរ។​ លោក​ឧត្តមសេនីយ៍ទោ​ ជួន ណារិន្ទ ស្នងការ​ប៉ូលីស​ខេត្ត​ព្រះសីហនុ​ បាន​ប្រាប់​វិទ្យុ​បារាំង​ RFI ​នៅថ្ងៃ​សុក្រ​នេះថា​ សមត្ថកិច្ច​កំពុង​ញែក​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​ចំណោម​មនុស្ស​ទាំង​ជាង​៤០០​នាក់​នេះ​ ថា​តើ​អ្នកណា​ខ្លះ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ ហើយ​ភ្ញៀវ​ណាខ្លះ​ទៀត​មិន​ពាក់ព័ន្ធ​។

ជនជាតិចិនដែលបង្រ្កាបបាននៅភោជនីយដ្ឋានមួយឈ្មោះ «ស៊ីនខាយសៀនមិន» ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងផ្លូវភេទ
ជនជាតិចិនដែលបង្រ្កាបបាននៅភោជនីយដ្ឋានមួយឈ្មោះ «ស៊ីនខាយសៀនមិន» ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងផ្លូវភេទ © FN
ផ្សាយពាណិជ្ជកម្ម
00:33

សូមស្តាប់ប្រសាសន៍លោកស្នងការ ជួន ណារិន្ទ រៀបចំដោយ ញឹម សុផល៖

សូមរំលឹកថាចាប់តាំងពីប្រទេសកម្ពុជាមានការបើកចំហរទទួលអ្នកវិនិយោគជនជាតិចិនចាប់តាំងពីឆ្នាំ២០១៨មក ខេត្តព្រះសីហនុត្រូវបានគេកត់សម្គាល់ថាជាជំរកដែលជនជាតិចិនមួយចំនួនជ្រកកោនដើម្បីប្រព្រឹត្តិបទល្មើសផ្សេងៗ ធ្វើឲ្យពលរដ្ឋខ្មែរមានការខ្លាចរអាបន្ថយការទៅលេងកម្សាន្តនៅលើទឹកដីដ៏ពិសិដ្ឋជាប់មាត់សមុទ្រមួយនេះ។ ក៏ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានតាំងចិត្តយ៉ាងមុតម៉ាំ ដោយរួមសហការជាមួយផ្នែកសន្តិសុខចិនថា នឹងចាត់វិធានការ មិនឲ្យមានរូបភាពអវិជ្ជមានណាមួយបង្កឡើងនាំឲ្យបាត់ស្ថិរភាព និងសន្តិសុខក្នុងខេត្តព្រះសីហនុនោះទេ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ