អានតួអត្ថបទ
កម្ពុជា-អឺរ៉ុប

ការ​នាំ​​អង្ករ​ទៅ​អឺរ៉ុប៖ ​បណ្ដឹង​​កម្ពុជា​នៅ​តុលាការ​អឺរ៉ុប​បាន​ជោគជ័យ​មួយ​ជំហាន

តុលាការ​អឺរ៉ុប​បាន​ច្រានចោល​សំណើ​របស់​គណៈកម្មការអឺរ៉ុប (EC) ដែល​ទាមទារ​ឲ្យ​ទាត់​ចោល​បណ្តឹង​របស់​​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សហភាពអឺរ៉ុប​ដែល​តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​បង់​ពន្ធ​គយ​លើ​ការ​នាំ​ចេញ​អង្ករ​ទៅ​លក់​នៅ​ទី​ផ្សារ​ប្រទេស​លោក​សេរី។​ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​អាទិត្យ​ទី​០៤​តុលា​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សង្ឃឹម​ថា​ សហភាព​អឺរ៉ុប​នឹង​ដក​ចេញ​នូវសេចក្តី​សម្រេច​របស់​អឺរ៉ុប ដែល​អាច​ឲ្យ​កម្ពុជា​នាំ​អង្ករ​ទៅ​អឺរ៉ុប​ដោយ​​រួច​ពន្ធ​ដូច​ពី​មុន​វិញ​។ 

យុវតី​ម្នាក់​រែង​អង្ករ នៅ​កន្លែង​លក់​អង្ករ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ
យុវតី​ម្នាក់​រែង​អង្ករ នៅ​កន្លែង​លក់​អង្ករ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ REUTERS
ផ្សាយពាណិជ្ជកម្ម

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​ទី​០៤​តុលា​នេះ បាន​សម្ដែង​ក្ដី​សង្ឃឹម​លើ​បណ្ដឹង​របស់​ខ្លួន​ទៅ​កាន់​តុលាការ​អឺរ៉ុប នៅ​ក្នុង​សំណុំ​រឿង​នាំ​អង្ករ​ខ្មែរ​ទៅ​លើ​នៅ​អឺរ៉ុប​។ សេចក្ដី​សង្ឃឹម​នេះ​លេច​ឡើង​បន្ទាប់​ពី​តុលាការ​ស៊ីវិល​អឺរ៉ុប កាលពីថ្ងៃទី១០​កញ្ញា២០២០ បាន​ទាត់​ចោល​បណ្តឹង​របស់​គណៈកម្មការ​អឺរ៉ុប ពោលរក្សា​ទុក​បណ្តឹង​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ឲ្យ​នៅ​មាន​សុពលភាព​ដដែល។ នេះ​បើ​តាម​លោក ហ៊ុន ឡាក់ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

សូម​រំឭក​ថា ការ​សម្រេច​របស់​តុលាការ​អឺរ៉ុប​នា​ពេល​នេះ ធ្វើ​ឡើង​ពីរ​ឆ្នាំ​បន្ទាប់​ពី​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​បាន​ពាក្យ​បណ្តឹង​មួយ​ទៅ​កាន់​តុលាការស៊ីវិល​អឺរ៉ុប នៅ​ខែ​មេសា​ឆ្នាំ​២០១៩ ​ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប (EC) ដែល​តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​តែ​បង់​ពន្ធ​គយ​លើ​ការ​នាំ​អង្ករ​របស់​កម្ពុជា​ទៅ​លក់​នៅ​លើ​ទី​ផ្សារ​ប្រទេស​លោក​សេរី​តំបន់​អឺរ៉ុប​ដែល​មាន​ជិត​៣០​ប្រទេស។ ជា​ពាក្យ​បណ្ដឹង​ដែល ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប​ដាក់​បណ្តឹង​តប​វិញ​ភ្លាម​ៗ​។

ចំពោះ​​សេចក្ដី​សម្រេច​របស់​តុលាការ​អឺរ៉ុប​ចុង​ក្រោយ​នេះ លោក ហ៊ុន ឡាក់ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចាត់​ទុក​ថា វា​ជា​ជោគជ័យ​មួយ​ជំហាន​របស់​កម្ពុជា ហើយលោក​សង្ឃឹម​ថា នៅ​ជំហាន​ខាង​មុខ​បន្ត​បន្ទាប់​ទៀត​ សហភាព​​អឺរ៉ុប​​នឹង​​ដក​​ចេញ​នូវ​សេចក្តីសម្រេច​របស់​ខ្លួន​ពី​មុន ដែល​នឹង​អាច​ឲ្យ​កម្ពុជានាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​អឺរ៉ុប​ដោយ​​រួចពន្ធដូច​ពី​មុន​ឡើងវិញ។

យ៉ាង​ណា​ក៏​ដោយ​​នៅ​ក្នុង​​ដំណាក់​កាលបច្ចុប្បន្ន​ដែល​បណ្តឹង​​របស់​ភាគី​ទាំងពីរ​​នៅ​មិន​​ទាន់​​ត្រូវ​បាន​​តុលាការ​ស៊ី​វិល​អឺរ៉ុប​ចេញ​សាលក្រម​ជា​ចុង​ក្រោយ​នោះ ការ​នាំ​អង្ករ​របស់​កម្ពុជា​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​គឺ​ត្រូវ​បង់​ពន្ធ​ជាបន្ត​បន្ទាប់ ដោយ​ក្នុង​មួយ​តោន​ត្រូវ​បង់​ពន្ធ​ចំនួន​១៧៥​អឺរ៉ូ ឬ​ស្មើ​នឹង​២០១ដុល្លារ នៅ​ឆ្នាំ​ទី​១​នៃ​សេចក្តី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​ចូល​ជា​ធរមាន។ ប៉ុន្តែ​ការ​បង់​ពន្ធ​គយ​នេះ នឹង​ត្រូវ​ថយ​ចុះ​ជា​បន្ត​បន្ទាប់ ពោល​ឆ្នាំ​ទី​២ គឺ​ត្រូវ​បង់​ពន្ធ​ចំនួន​១៥០​អឺរ៉ូ ហើយ​នៅ​ឆ្នាំ​ទី​៣ ត្រូវ​បង់​ពន្ធ​តែ​១២៥​អឺរ៉ូ​តែ​ប៉ុណ្ណោះ​៕។

ការ​ដែល​គណៈកម្មការ​អឺរ៉ុប តម្រូវ​ឲ្យ​កម្ពុជា​បង់​ពន្ធ​លើ​ការ​នាំ​អង្ករ​ទៅ​លក់​នៅ​ប្រទេស​ជា​សមាជិក​របស់​ខ្លួននោះ ដោយ​សំអាង​ថា កម្ពុជា​មិន​បាន​បំពេញ​នូវ​តម្រូវ​ការ​ដូច​មាន​ចែង​ក្នុង​មាត្រា ២៦៣ នៃ​សន្ធិសញ្ញា​ស្តីពី​មុខងារ​របស់​សហភាព​អឺរ៉ុប (TFEU)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ