អានតួអត្ថបទ
កម្ពុជា-ចិន

អ្នកវិភាគ៖EBAរបស់អឺរ៉ុប និងFTAរបស់ចិនសុទ្ធតែមានសារៈសំខាន់ខ្លាំងដូចគ្នាសម្រាប់កម្ពុជា

ម្សិលមិញ​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA)​រវាង​កម្ពុជា ​និង​ចិន​ត្រូវ​បាន​ចុះ​ហត្ថលេខា​ជា​ផ្លូវការ​ហើយ​ក្រោម​វត្តមាន​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ និង​ លោក​វ៉ាង យី ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ចិន​។ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ព្រមព្រៀង​FTA​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​ចិន​ ដោយ​អះអាង​ថា ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​អាច​បាត់​បង់​នៅ​ថ្ងៃ​ណា​មួយ​ តែ​កិច្ច​ព្រមព្រៀង​FTA​ជាមួយ​ចិន​នេះ​ គឺ​នៅ​ជា​រៀងរហូត​។ ប៉ុន្តែ​ អ្នក​វិភាគ​នៅ​កម្ពុជា​មើល​ឃើញ​ថា​ កិច្ច​ព្រមព្រៀង​ទាំង​ពីរ​នេះ​សុទ្ធ​តែ​មាន​សារៈសំខាន់​ដូចគ្នា​សម្រាប់​ប្រទេស​កម្ពុជា​។

រូបភាពតំណាង
រូបភាពតំណាង © សហការី
ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិតគិន ភា អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ និង ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ​បណ្ឌិ​ត្យសភាកម្ពុជាបានលើកឡើងថា ប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេ​ភា​គីFTAជាមួយចិន សុទ្ធតែមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ដូចគ្នាដល់ប្រទេសកម្ពុជា។ ប៉ុន្តែ លោកបានគូសបញ្ជាក់ថា គេមិនអាចយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីFTAជាមួយចិនមកជំនួសប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុបបានទេ។ ដូច្នេះហើយ លោកបណ្ឌិតគិន ភា ចង់ឱ្យរដ្ឋាភិបាលកម្ពុជាធ្វើយ៉ាងណារក្សាឱ្យបាននូវកិច្ចព្រមព្រៀងទាំងពីរនេះ ដើម្បីផ្តល់ប្រយោជន៍ច្រើនដល់កម្ពុជា។

ចំណែក លោកបណ្ឌិតប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាវិញ ក៏បានមើលឃើញពីសារៈសំខាន់នៃកិច្ចព្រមព្រៀងទាំងពីរនេះផងដែរ។ ប៉ុន្តែបើឱ្យប្រៀបធៀបគ្នា លោកថា ប្រព័ន្ធអនុគ្រោះពន្ធEBA របស់សហភាពអឺរ៉ុបផ្តល់ផលប្រយោជន៍ធំជាងដល់ប្រ​ទេសកម្ពុជា។ តាមលោកបណ្ឌិតប៉ា ច័ន្ទរឿន នេះ គឺដោយសារតែប្រព័ន្ធអនុគ្រោះពន្ធEBA គឺជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋជិត១លាននាក់ ហើយអ្នកដែលទទួលបានផលពី EBA នេះ ក៏មានដល់ទៅពី៣ទៅ៥លាននាក់ឯណោះ។ លោកបណ្ឌិតគិន ភា ក៏ឯកភាពដែរក្រោមហេតុផលថា ប្រព័ន្ធអនុគ្រោះពន្ធEBAបានអនុវត្តជាក់ស្តែង ហើយផ្តល់ផលជាក់ស្តែងរួចហើយដល់កម្ពុជា ខណៈ FTAជាមួយចិនទើបតែបានចុះហត្ថលេខា។

សូមជម្រាបជូនថា កាលពីថ្ងៃចន្ទ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិន ត្រូវបានចុះហត្ថលេខាជាផ្លូវការហើយដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរក្រោមវត្តមានលោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន។ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាលោកប៉ាន សូរស័ក្តិ បានអះអាងថា ការចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ គឺបង្ហាញពីការរឹតបន្តឹងចំណងទាក់ទងឱ្យកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេសពីរ និងជាគូសបង្ហាញពីព្រឹត្តិការណ៍សំខាន់ថ្មីនៃទំនាក់ទំនងរវាងកម្ពុជា និងចិន។ កិច្ចព្រមព្រៀងនេះ នឹងជួយលើកស្ទូយដល់ភាពជាដៃគូរសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ លោកប៉ាន សូរស័ក្តិ ក៏បានប្តេជាជំរុញឱ្យភាគីទាំងពីរបញ្ចប់នូវនីតិវិធីផ្ទៃក្នុងសំខាន់ៗ ដើម្បីអាចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិនអាចអនុវត្តបាននៅដើមឆ្នាំ២០២១។

លោកចុង ស្សាន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចិនវិញ បានគូសបញ្ជាក់ថា ការចុះហត្ថលេខាកិច្ចព្រមព្រៀងពា​ណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន គឺព្រឹត្តិ​ការណ៍សំខាន់ថ្មីមួយនៃការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ។ លោកថា ប្រទេសចិនបានត្រៀមខ្លួនជានិច្ចក្នុងបន្តសហការយ៉ាងជិតស្និតជាមួយប្រទេសកម្ពុជា ដើម្បីធ្វើយ៉ាងណាជំរុញឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរអាចអនុវត្តបានលឿន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ