អានតួអត្ថបទ
កម្ពុជា-អឺរ៉ុប

ប្រធាន EuroCham សន្យាទាក់ទាញអ្នកវិនិយោគអឺរ៉ុបបន្ថែមទៀតចូលមកបណ្តាក់ទុននៅកម្ពុជា

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​(EuroCham)​អះអាង​ថា​នឹង​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​សមាជិក​របស់​ខ្លួន​ ដែល​បាន​បណ្តាក់​ទុន​ធ្វើ​ធុរកិច្ច​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា​ ឲ្យ​ចាប់​អារម្មណ៍​ងាក​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​។ ការ​លើក​ឡើង​របស់​សភា​ពាពិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា​ពេល​នេះ​ បាន​ធ្វើ​ឡើង​អំឡុង​ពេល​ជំនួប​ការងារ​មួយ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ ​នៅ​ក្រសួង​ការងារ​ រវាង​លោក​ អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា ​និង​លោក​ Tassilo BRINZER ​ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ​ដែល​ទើប​ទទួល​តំណែង​ថ្មី​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា © FB/ក្រសួងការងារ
ផ្សាយពាណិជ្ជកម្ម

លោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា(EuroCham) បានឯកភាពជាមួយនឹងសំណើររបស់រដ្ឋមន្ត្រី ក្រសួងការងារកម្ពុជាថា លោកនឹងប្រកាសកៀរគរអ្នកវិនិយោគ ដែលជាសមាជិករបស់សភាពាណិជ្ជកម្មអឺរ៉ុបទាំងឡាយ ពិសេសនៅប្រទេសជិតខាងកម្ពុជា មានប្រទេសថៃ វៀតណាមជាដើម ឱ្យចាប់អារម្មណ៍ងាកមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈបរិយាកាសវិនិយោគនៅកម្ពុជា ត្រូវលោកវាយតម្លៃថា ពិតជាមានភាពល្អប្រសើរ។

ប្រធាន EuroCham ថ្មីរូបនេះ អះអាងដូច្នេះ គឺជាការឆ្លើយតបជាបន្ទាន់មួយ ទៅកាន់លោក អ៊ិត សំហេង ដែលបានលើកឡើងពីការប្រឈមរបស់សេដ្ឋកិច្ចកម្ពុជានៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩។ លោករដ្ឋមន្ត្រីថា កម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសលើវិស័យការងារ ទេសចរណ៍ ការនាំចេញផលិតផល និងវិស័យមួយចំនួនទៀត។

សូមបញ្ជាក់ថា សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១១ រួមមានសមាគមពាណិជ្ជកម្មបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស មកទល់បច្ចុប្បន្នមានសមាជិកជាង ៣៥០ សហគ្រាស ក្រុមហ៊ុន ហើយចែកជា ៦សាខា នៅទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន ១១ប្រទេសពីសហភាពអឺរ៉ុប។

តាមការប៉ាន់ប្រមាណកាលពីពេលថ្មីៗនេះ ទុនវិនិយោគរបស់អឺរ៉ុបនៅកម្ពុជាមានប្រមាណពី ៦ទៅ៨% ខណៈ ប្រទេសចិន នៅតែជាប្រភព​ទុនវិនិយោគ​ផ្ទាល់​ពីបរទេស​ធំជាងគេបង្អស់​របស់កម្ពុជា ដែលមានចំណែក​រហូតដល់ទៅ​៤៣% បន្ទាប់មក​គឺកូរ៉េខាងត្បូង១១% វៀតណាម​៧% ជប៉ុន៦% សិង្ហបុរីមាន​៦% និងប្រទេស​ផ្សេងៗទៀត​មាន​២៧%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ