អានតួអត្ថបទ
កម្ពុជា-សង្គម

ខួប៨ឆ្នាំការសោយទិវង្គេតសម្តេចសីហនុ៖អ្នកដឹកនាំនយោបាយធំៗសុទ្ធតែសម្តែងការដឹងគុណពីវីរភាពរបស់ព្រះអង្គ

ថ្ងៃ​ទី​១៥​ ខែ​តុលា​នេះ​ គឺ​ជា​គម្រប់​ខួប​៨​ឆ្នាំ​នៃ​ការ​យាង​ចូល​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា​ ព្រះបាទ ​សម្តេច ​នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​បរម​រតនកោដ្ឋ​។ នៅ​ថ្ងៃ​នេះ​ក៏​ដូច​ជា​រៀង​រាល់​ឆ្នាំ​ដែរ​ គឺ​ថ្នាក់​ដឹកនាំ​ស្ថាប័ន​តូច​ធំ​បាន​ថ្វាយ​កម្រង​ផ្កា ​និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​នៅ​មណ្ឌល​តម្កល់​ព្រះ​បរមរូប​ នៅ​សួន​ច្បារ​វិមានឯករាជ្យ​។ ជាមួយ​គ្នា​នេះ​ ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​ និង​មេ​ដឹកនាំ​អតីត​គណបក្ស​សង្រ្គោះជាតិ​ក៏​បាន​សម្តែង​ការ​គោរព​ និង​ដឹង​គុណ​ពី​វីរភាព​របស់​ព្រះអង្គ​ចំពោះ​ជាតិ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​។

ព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ
ព្រះឆាយាល័ក្ខណ៍ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ AP - Wong Maye-E
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃខួប៨ឆ្នាំនៃការយាងចូលព្រះទិវង្គតនៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុនេះ  លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជាតាមរយៈទំព័រហ្វេសប៊ុក បានលើកឡើងថា ប្រជារាស្រ្តខ្មែរទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ បានសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះអង្គដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

ចំពោះ លោកឧបនាយករដ្ឋមន្រ្តីស ខេង​ ដែលជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃវិញ លោកបានដឹកនាំគណៈប្រតិភូក្រសួងមហា​ផ្ទៃថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដោយផ្ទាល់នៅមណ្ឌលតម្កល់ព្រះបរមរូប ស្ថិតនៅសួនច្បារវិមានឯករាជ្យ រាជធានីភ្នំពេញ។ បន្ថែមលើនេះ លោកស ខេង ក៏បានសម្តែងនូវការដឹងគុណចំពោះព្រះអង្គ ជាពិសេស គឺការទាមទារបានមកវិញនូវឯករាជ្យពីបារាំងជូនជាតិ និង ប្រជាពលរដ្ឋកម្ពុជា។

ដោយឡែក លោកកឹម សុខា ដែលជាប្រធានអតីតគណបក្សសង្រ្គោះជាតិ និងកំពុងជាប់រឿងក្តីក្តាំនៅតុលាការផងនោះ ក៏បានសម្តែងនូវការគោរពចំពោះព្រះបរមវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ​ ព្រះបរមរតនកោដ្ឋតាមរយៈទំព័រហ្វេសប៊ុករបស់លោកផងដែរនៅថ្ងៃព្រហស្បតិ៍នេះ។ លោកកឹម សុខា មិនបាននិយាយអ្វីច្រើននោះទេ ក្រៅពីសម្តែងនូវការគោរពនេះ។

សូមជម្រាបជូនថា ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះ​មហា​វីរក្សត្រ​​ ព្រះ​បរម​រតនកោដ្ឋ ទ្រង់យាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។ ការយាងសោយទិវង្គតរបស់ព្រះអង្គបានក្លាយជាទុក្ខសោកសៅយ៉ាងខ្លាំងដល់ប្រជារាស្រ្តខ្មែរទាំងមូល។ ប្រជារាស្រ្តខ្មែរតែងចងចាំមិនភ្លេចនូវព្រះរាជស្នាព្រះហស្ថដ៏មានតម្លៃបំផុតជាប្រវត្តិសាស្រ្តរបស់ព្រះអង្គចំពោះជាតិមាតុភូមិកម្ពុជានោះ គឺ ព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យជូនប្រជាជាតិខ្មែរពី អាណានិគមបារាំង រហូតទទួលបានជោគជ័យនូវឯករាជ្យទាំងស្រុង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ និង ការដឹកនាំប្រទេសមានការរីកចម្រើនខ្លាំងក្នុងសម័យសង្គមរាស្ត្រនិយម។

ជាការតបស្នងចំពោះពលីកម្មរបស់ព្រះអង្គ រាជរដ្ឋាភិបាលបានសម្រេចកំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខនៃការយាងសោយព្រះទិវង្គតរបស់ព្រះអង្គ ដោយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេសតែងប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌលតម្កល់ព្រះបរមរូបស្ថិតនៅសួនច្បារវិមានឯករាជ្យ និងនៅតាមក្រសួង ស្ថាប័ន អង្គភាព វត្តអារាម និងមណ្ឌលសាសនានានានៅទូទាំងប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ