អានតួអត្ថបទ
កម្ពុជា-ព្រំដែន

អតីតបក្សប្រឆាំងប្រកាសមិនទទួលស្គាល់លទ្ធផលប្រជុំសភារឿងព្រំដែន តែគណៈកម្មការព្រំដែនថាជាសមិទ្ធផលប្រវត្តិសាស្ត្រ

អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ចន្ទ​ទី​០២​ខែ​វិច្ឆិកា​នេះ​ បាន​ប្រកាស​មិន​ទទួល​ស្គាល់​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់​ព្រម​លើ​ពិធី​សារ​ខណ្ឌសីមា​ និង​បោះ​បង្គោល​ព្រំដែន​គោក​ រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​។ ការ​ចេញ​មក​ប្រកាស​ទាត់​ចោល​របស់​អតីត​បក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ពេល​នេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​ជាតិ​កម្ពុជា​ បាន​ប្រជុំ​ពិភាក្សា​ និង​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​នេះ​ចប់​សព្វ​គ្រប់​នៅ​ថ្ងៃ​នេះ​ដែរ​។

ការបោះបង្គោលព្រំដែន របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នាពេលកន្លងមក
ការបោះបង្គោលព្រំដែន របស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា នាពេលកន្លងមក © FB
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ អតីតគណបក្សសង្គ្រោះជាតិ បានចាត់ទុកការអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងប្រទេសកម្ពុជា និងវៀតណាមថាជាការយល់ព្រមកាត់ទឹកដីខ្មែរទៅឲ្យប្រទេសវៀតណាមជាផ្លូវការ។

លើសពីនេះ សេចក្តីថ្លែងការណ៍របស់អតីតគណបក្សប្រឆាំង បានប្រកាសមិនទទួលស្គាល់នូវច្បាប់ដែលទាក់ទងទៅនឹងបញ្ហាព្រំដែនមួយនេះ ដោយបញ្ជាក់ថាពួកគេនឹងសើរើឡើងវិញនូវរាល់ច្បាប់ និងសន្ធិសញ្ញាខុសច្បាប់ទាំងឡាយ ដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយវៀតណាម ពាក់ព័ន្ធទៅនឹងបូរណភាពទឹកដី និងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នាពេលកន្លងមក នៅពេលដែលអតីតគណបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាល។

ក៏ប៉ុន្តែលោកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានលើកឡើងនៅលើទំព័រហ្វេសប៊ុកលោកស្រី នៅថ្ងៃនេះដែរ ដោយបានចាត់ទុកថាលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភាលើរបៀបវារៈមួយនេះគឺជា សមិទ្ធផល​ប្រវត្តិសាស្រ្ដ​ ដែល​​ខ្មែរ​គ្រប់​ជំនាន់​កន្លងមក​ ស្រមៃ​ចង់​បាន​ គឺ​ខ្មែរ​មាន​ព្រំដែន​ច្បាស់​លាស់​ជាមួយ​ប្រទេស​ជិតខាង​ ដើម្បីការពារ​ទឹកដី​ បញ្ចប់​ជម្លោះ​ព្រំដែន​​ដ៏​ស្មុគស្មាញ​ និង​រ៉ាំរ៉ៃ​ និងបង្កើតព្រំដែន​សន្តិភាព​ និងការ​អភិវឌ្ឍ​។ លោកស្រីថា ខេត្តចំនួន៣ រួមមានខេត្តក្រចេះ ត្បូងឃ្មុំ និងខេត្តព្រៃវែង ត្រូវបានបញ្ចប់ការបោះបង្គោលព្រំដែនទាំងស្រុង ខណៈដែលព្រំដែននៅតាមបណ្តាខេត្តចំនួន៦ទៀត ដែលនៅសេសសល់ គឺរដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តដោះស្រាយបញ្ចប់នៅពេលខាងមុខ។

សូមរំលឹកថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសកម្ពុជា និងវៀតណាម ដែលមាន៣មាត្រា ត្រូវបានភាគីទាំងពីរទទួលបន្ទុកកិច្ចការព្រំដែនចុះហត្ថលេខា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅប្រទេសវៀតណាម។ ក៏ប៉ុន្តែការចុះហត្ថលេខានេះ បានរងនូវការរិះគន់យ៉ាងខ្លាំងពីអ្នកនយោបាយប្រឆាំង និងគណបក្សមួយចំនួននៅក្រៅរដ្ឋាភិបាល។

សូមបញ្ជាក់ដែរថា កម្ពុជា ​និង​វៀតណាម​ មាន​ព្រំដែន​គោក​រួមគ្នា​ប្រវែង ១២៧០គីឡូម៉ែត្រ ​ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​សម្រេចកិច្ចការបោះបង្គោលព្រំដែនបានចំនួន៨៤%ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ