អានតួអត្ថបទ
កម្ពុជា-ហុងគ្រី

ប្រមុខការទូតកម្ពុជា៖ហុងគ្រី គឺជាមិត្តដ៏ជិតស្និតមួយទៀតដែលជួយគាំទ្រកម្ពុជានៅក្នុងបញ្ហាEBA

លោក​ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តី​ការបរទេស​ និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុងគ្រី​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​ដើម្បី​បំពេញ​ទស្សនកិច្ច​ដ៏​កម្រ​នៅ​កម្ពុជា​។ នៅ​ព្រឹក​នេះ​ លោក​ភីធើ ស៊ីចាតូ (Péter Szijjártó)បាន​ជួប​ប្រជុំ​ការងារ​ទ្វេភាគី​ជាមួយ​លោក​ប្រាក់ សុខុន ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​។ សម្រាប់​កម្ពុជា ​លោក​ប្រាក់ សុខុន ​បាន​គូស​បញ្ជាក់ថា​ ហុងគ្រី ​គឺជា​មិត្ត​ដ៏​ជិត​ស្និត​មួយទៀត​ដែល​បាន​ជួយ​គាំទ្រ​កម្ពុជា ​ដើម្បី​ស្វែងរក​យុត្តិធម៌​នៅ​ក្នុង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​។

លោកភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស កម្ពុជា
លោកភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស កម្ពុជា © FB/Ministry of Foreign Affair Cambodia
ផ្សាយពាណិជ្ជកម្ម

«ហុងគ្រី គឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា»។ នេះ គឺជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកប្រាក់ សុខុន នៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ជំនួបជាមួយរដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី។ ការចាត់ទុកបែបនេះ បើតាមលោកប្រាក់ សុខុន គឺដោយសារតែប្រទេសហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលដែលកម្ពុជាកំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ពីងើបផុតពីភ្លើងសង្រ្គាមនៃរបបខ្មែរក្រហម។ ក្នុងនោះ កងទ័ពមួកខៀវហុងគ្រីក៏បានបញ្ជូនមកកម្ពុជាក្រោមឆត្រ័របស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាហៅកាត់ថា UNTAC ថែមទៀត។

បន្ថែមពីលើបញ្ហានេះ លោករដ្ឋមន្រ្តីការបរទេសកម្ពុជាក៏លើកឡើងពីទឹកចិត្តរបស់ហុងគ្រីដែលមានចំពោះកម្ពុជានៅក្នុងបញ្ហាប្រព័ន្ធអនុគ្រោះEBAផងដែរ។ តាមលោកប្រាក់ សុខុន ជំហររបស់ហុងគ្រីលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទា​ហរណ៍មួយទៀតដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជាឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ថា នៅក្នុងភាពចម្រូងចម្រាសនៃបញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAរវាងកម្ពុជា និងសហភាពអឺរ៉ុប ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសហុងគ្រីបានបង្ហាញជំហរឈរនៅខាងកម្ពុជា។ កាលពីពាក់កណ្តាលឆ្នាំ២០១៩កន្លងទៅ លោកនា​យករដ្ឋមន្រ្តីហ៊ុន សែន បានទៅបំពេញទស្សនកិច្ចដោយផ្ទាល់នៅក្នុងប្រទេសហុងគ្រី។ នៅទីនោះ បញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAរបស់សហភាពអឺរ៉ុបនេះ ត្រូវបានថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរលើកទៅពិភាក្សាគ្នាយ៉ាងល្អិតល្អន់។

ប៉ុន្តែបើទោះជាមានការជួយគាំទ្រពីប្រទេសហុងគ្រីដែលជាសមាជិកមួយនៃសហភាពអឺរ៉ុបក៏ដោយ ក៏ចុងក្រោយគណៈកម្មការអឺរ៉ុបនៅតែសម្រេចដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជាដោយចាប់អនុវត្តជាផ្លូវការកាលពីថ្ងៃទី១២ ខែសីហាកន្លងទៅ។ ការសម្រេចនេះ គឺប៉ះពាល់ដល់ទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុបប្រមាណ២០% ប៉ុន្តែកម្ពុជានៅតែអាចបន្តនាំចេញទំនិញទាំងនេះបាន តែក្នុងលក្ខខណ្ឌត្រូវបង់ពន្ធ។ ចំណែក ទំនិញរបស់កម្ពុជា៨០%ទៀត គឺនៅតែអាចបន្តនាំចេញទៅអឺរ៉ុបដោយមិនបង់ពន្ធដដែល។ ទំនិញដែលប៉ះពាល់ដោយសារបាត់ផ្នែកខ្លះនៃEBAនេះ គឺមាន៤០មុខ ភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរដែលនាំទៅអឺរ៉ុបក្នុងតម្លៃ១ពាន់លានអឺរ៉ូជារៀងរាល់ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ