អានតួអត្ថបទ
កម្ពុជា-ពលករ

កម្ពុជា និងថៃ ឯកភាពគ្នាឲ្យពលករខ្មែរបន្តការងារ២ឆ្នាំទៀតរហូតដល់កូវីដ១៩អាចគ្រប់គ្រងបាន

ប្រទេស​កម្ពុជា​ និង​ថៃ​ បាន​ឯកភាព​គ្នា​ឲ្យ​ពលករ​ខ្មែរ​បន្ត​កិច្ច​សន្យា​ការងារ​រយៈ​ពេល​២ឆ្នាំ​បន្ថែម​ទៀត​ ចំពោះ​ពលករ​ដែល​បាន​បញ្ជូន​តាម​រយៈ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា ​ហើយ​ត្រូវ​បញ្ចប់​កិច្ច​សន្យា​ការងារ​៤ឆ្នាំ​ ចាប់​ពី​ថ្ងៃ​ទី​១​វិច្ឆិកា​២០២០​ រហូត​ដល់​កូវីដ១៩​អាច​គ្រប់​គ្រង​បាន​ ដោយ​ពុំ​ចាំ​បាច់​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កម្ពុជា​វិញ​។ ការ​ឯកភាព​គ្នា​នេះ​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ប្រជុំ​តាម​វីដេអូ ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​កម្ពុជា​ លោក​ អ៊ិត សំហេង ​និង​អនុរដ្ឋមន្ត្រី​ការងារ​ថៃ​ លោក​ Surachai Chaitrakulthong ​កាលពី​ម្សិលមិញ​។

ពលករខ្មែរដែលធ្លាប់បញ្ជូនមកខ្មែរវិញ នាពេលកន្លងមក
ពលករខ្មែរដែលធ្លាប់បញ្ជូនមកខ្មែរវិញ នាពេលកន្លងមក AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារបន្តរយៈពេល២ឆ្នាំរួចហើយ ពលករទាំងនោះ​នឹងត្រូវ​ត្រឡប់​មកកម្ពុជា​វិញ ដោយ​មិនអនុញ្ញាតឲ្យបន្ត​កិច្ចសន្យាការងារទៀតឡើយ។ នេះជាការគូសបញ្ជាក់នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការងារថ្ងៃទី៥វិច្ឆិកា២០២០។ ចំណែក​ការបញ្ជូន​និងទទួល​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើការ​ងារនៅខេត្តជាប់ព្រំដែន ភាគីទាំងពីរ​កំពុងរៀបចំសុំគោលការណ៍ពីរដ្ឋាភិបាល​រៀង​ៗខ្លួន​ដើម្បី​បើក​ច្រក​ព្រំដែនសម្រាប់បញ្ជូន និងទទួលពលករ​ឲ្យ​ស្របតាម​វិធានសុខាភិបាល។

បើតាមក្រសួងការងារ ភាគីកម្ពុជា និងថៃក៏បានពិភាក្សាគ្នាផងដែរ ​ពីនីតិវិធី​នៃជ្រើស​រើស និងការ​បញ្ជូន​ពលករ​ខ្មែរទៅធ្វើ​ការនៅថៃនៅក្នុងគ្រា​កូវីដ១៩នេះ។ ជាមួយគ្នានោះភាគីទាំងពីរអះអាងថា រួមគ្នា​ទប់​ស្កាត់​ភាព​មិន​ប្រក្រតី​នៃការ​ផ្តល់ភាព​ស្រប​ច្បាប់ជូន​ពលករ និង​ទប់​ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ខណៈ​ការ​បន្តសុពលភាព​លិខិតធ្វើ​ដំណើរពលករកម្ពុជា​ធ្វើ​ការ​នៅបរទេស ជូនពលករ​កម្ពុជា​ដែល​កំពុង​ស្នាក់​នៅ​ និង​ធ្វើ​ការ​នៅប្រទេសថៃ នឹងផ្តល់តាមប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្មនៅពេល​ខ្លី​ខាងមុខ។

កាលពីឆ្នាំ២០១៩ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ជាង ​១៤.០០០ ​នាក់ មក​កម្ពុជា​វិញ ដោយ​អាជ្ញាធរ​ថៃ​ចាត់​ទុក​ថា​ អ្នកទាំងនោះរស់​នៅ​ខុស​ច្បាប់ ​បើ​ទោះ​ពួកគេ​មួយ​ចំនួន​មាន​លិខិត​ឆ្លង​ដែន​ក៏​ដោយ។ចំណែកនៅឆ្នាំ២០២០នេះ ​ពលករ​ខ្មែរ​ជាង​៩​ម៉ឺន​នាក់​ ក្នុងចំណោមពលករខ្មែរជាង១លាននាក់ បាន​សម្រុក​មក​កម្ពុជាវិញ នៅគ្រាដែល​ថៃ​បិទ​ប្រទេសរបស់ខ្លួន​ ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ​១៩។ នេះ​បើតាម​ក្រសួងមហាផ្ទៃកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ