អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

World Bank៖សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញក្នុងឆ្នាំ២០២១ ទំនងមកពី FTA និងកំណើននាំចេញនៃរោងចក្រ១ចំនួន

កំណើន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ​ត្រូវបាន​ធនាគារ​ពិភពលោក​(World Bank)​ព្យាករ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ នឹង​រួញ​ទំហំ​ប្រមាណ​ -២% ​ក្នុង​ឆ្នាំ​២០២០ ​ប៉ុន្តែ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ងើប​ឡើង​វិញ​ ហើយ​លូតលាស់​បាន​ប្រហែល​ជិត​៤%​ក្នុង​ឆ្នាំ​២០២១​។ ការ​ព្យាករ​របស់​ធនាគារ​ពិភពលោក​ដូច្នេះ​ ធ្វើ​ឡើង​ខណៈ​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រង​ការ​វាយ​ប្រហារ​ដោយសារ​ជំងឺ​កូវីដ១៩​ ដូចជា​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​ដែរ​។

ទិដ្ឋភាពអគារខ្ពស់កំពុងត្រដែតខ្លួននៅទីក្រុងភ្នំពេញ
ទិដ្ឋភាពអគារខ្ពស់កំពុងត្រដែតខ្លួននៅទីក្រុងភ្នំពេញ © សហការី
ផ្សាយពាណិជ្ជកម្ម

​​របាយ​ការណ៍របស់ធនាគារពិភពលោកឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវ​បានផ្សព្វផ្សាយ​នៅ​ថ្ងៃនេះ បង្ហាញថា លំហូរនៃការវិនិយោគផ្ទាល់​ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និង​ទៅ​ក្នុង​វិស័យ​កសិកម្មនៅ​តែ​បន្ត​កើនឡើង ទំនង​ជា​ដោយ​សារ​ភាពទាក់​ទាញ​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី(FTA) ​ដែលកម្ពុជា​កំពុងធ្វើ​​ជាមួយ​ប្រទេស​នានា​ក្នុងតំបន់។

ទោះបីជា​ការនាំចេញ​សរុបនៃផលិតផលកមន្តសាល​បាន​រង​ការ​ប៉ះទង្គិច​ពី​ការ​រាត​ត្បាតជំងឺកូវីដ១៩ ក៏ដោយ ក៏កំណើន​នៅ​តែ​បន្ត​មាន​ក្នុង​ការនាំចេញ​ផលិតផល​រោងចក្រដទៃទៀត រួមមាន​កង់ គ្រឿងបង្គុំអគ្គិសនី ​គ្រឿងបន្លាស់រថយន្ត​ និង​គ្រឿង​ផ្សំ​នានា ហើយ​ការ​នាំចេញអង្ករ​ និងផលិតផល​កសិកម្មផ្សេងទៀត​​នៅ​មាន​សន្ទុះ​ខ្លាំងក្លា។ ជាមួយ​គ្នានេះ ទេសចរណ៍​ក្នុង​ស្រុកបាន​ជួយ​មួយ​ផ្នែក ​ក្នុង​ការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍ ​និង​ការ​ធ្វើ​ដំណើរ កម្រើក​ឡើងវិញ។ នេះបើតាម​ World Bank។

លោកស្រី អ៊ីងហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក បានថ្លែងថាចក្ខុវិស័យកំណើនរបស់កម្ពុជា​នៅប្រឈម​នឹង​ភាពមិនប្រាកដប្រជាច្រើនណាស់។ គោលដៅដ៏សំខាន់បំផុតនៃគោលនយោបាយនាពេលនេះគឺ ជា​បន្ទាន់ ​ត្រូវ​ធ្វើ​យ៉ាងណា​ស្តារ​ឡើងវិញ​នូវ​ការ​ងារ​ដែលបាត់បង់​ ឬ​ដែល​ត្រូវព្យួរ​ដោយ​សារ​តែ​​ការរាលដាលជំងឺនេះ។  លោកស្រី​ ដូប្រាចាបន្តថា ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ ដែលត្រូវ​ជំរុញ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ស្រុក​ និង​ពីបរទេស​ឱ្យ​ទាញយកផលចំណេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ និង​ក្នុង​តំបន់ដែលត្រូវ​បាន​បង្កើតឡើងកាលពីពេលថ្មីៗនេះ។

របាយការណ៍របស់ធនាគារពិភពលោក ក៏បានបង្ហាញដែរពី​ភាពចាំបាច់​បំផុត ​នៃការ​រៀបចំបង្កើត​ឱ្យមានហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំមួយ សម្រាប់​វ៉ាក់សាំងកូវីដ១៩ ក៏ដូចជា​ការ​តាម​ដាន​ឱ្យ​បាន​ដិត​ដល់​ផង​ដែរ​ នូវ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋ​កិច្ច​ ដែល​អាច​បង្ក​ដោយ​កំណើនអូសបន្លាយ​យូរពេករបស់​វិស័យសំណង់​ និង​អចលនទ្រព្យ។

តាមធនាគារពិភពលោក ការ​បាត់​បង់​ចំណូល​នៅតែ​មានទំហំធំធេងនៅឡើយ បើទោះជា​ការធ្លាក់ចុះចំណូល​គ្រួសារ​ថយល្បឿនបន្តិចវិញ​ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ដាក់ចេញកម្មវិធីថ្មីមួយ​សម្រាប់​ផ្ទេរសាច់ប្រាក់ទៅជួយ​គ្រួសារក្រីក្រ និង​ងាយ​រងគ្រោះ។ ការ​ស្ទង់មតិ​បង្ហាញថា ជិត៩០ភាគរយនៃក្រុមគ្រួសារ ដែលត្រូវ​បានកំណត់អត្តសញ្ញាណថាជា​អ្នក​ក្រ បាន​រាយការណ៍ថា​បាន​ទទួល​ប្រាក់​សង្គ្រោះ​នៅក្នុង​ខែ​សីហា និង​កញ្ញា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ