អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នកសេដ្ឋកិច្ច៖ កសិកម្មជាវិស័យអាទិភាពជួយស្តារសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទកូវីដ១៩

ស្ថិត​ក្នុង​បរិបទ​កូវីដ១៩ ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ ពី​ធនាគារ​ពិភពលោក​បាន​សំអាង​ថា​កំណើន​សេដ្ឋកិច្ច​កម្ពុជា ​ក្នុង​ឆ្នាំ​២០២០​ ធ្លាក់​ចុះ​ត្រឹម​ដក​២% ​ប៉ុន្តែ​នឹង​ងើប​មក​វិញ​នៅ​ឆ្នាំ​២០២១ ចំនួន​ជិត​៤​%។ ដើម្បី​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​ងើប​ឡើងវិញ​ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ថា​ កម្ពុជា​គួរ​តែ​ផ្តើម​ពី​វិស័យ​កសិកម្ម​មុន​គេ​ ក្នុង​ចំណោម​វិស័យ​មួយ​ចំនួន​ដែល​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​កម្ពុជា​។  ព្រោះ​កម្ពុជា​ ដី​កសិកម្ម​មាន​ជីវជាតិ​ ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រមាណ​ពី​៦៥​ទៅ​៧៥​ភាគរយ​ កំពុង​ប្រកប​របរ​កសិកម្ម​ ។

រថយន្តកុងទ័រន័រកំពុងដឹកទំនិញនៅតាមកំពង់ផែ
រថយន្តកុងទ័រន័រកំពុងដឹកទំនិញនៅតាមកំពង់ផែ Reuters
ផ្សាយពាណិជ្ជកម្ម

អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោកបណ្ឌិតឆេង គឹមឡុង មើលឃើញថា ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ខណៈដែលកំពុងជួបវិបត្តិកូវីដ១៩ដូចនេះ វិស័យកសិកម្ម គឺជាវិស័យសំខាន់មួយមុនគេ ក្នុងចំណោមវិស័យចម្បងៗ ជាច្រើនទៀត ដែលអាចជួយស្តារសេដ្ឋកិច្ចកម្ពុជាបាន ព្រោះកម្ពុជាមានសក្តានុពលផ្នែកកសិកម្ម ដោយសារដីកសិកម្មមានជីវជាតិ អាចដាំដំណាំច្រើន និងគ្រប់ប្រភេទបានដូចជាដំណាំស្រូវ បន្លែ និងមានកត្តាអនុគ្រោះសំខាន់មួយទៀត គឺប្រព័ន្ធធារាសាស្រ្ត។ ថ្វីបើប្រព័ន្ធធារាសាស្រ្តកម្ពុជានេះមិនទាន់រីកចម្រើនពិតមែន តែកម្ពុជាអាចស្តារ និងពង្រីកឡើងវិញ ដើម្បីចែកចាយផ្គត់ផ្គង់ទឹក ក្នុងការបំរើឱ្យវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋកម្ពុជា នៅតាមទីជនបទភាគច្រើនប្រមាណពី ៦៥​ទៅ៧៥% ក៏កំពុងប្រកបរបរកសិកម្ម។ និង​ថា គឺមានតែរបរកសិកម្មនេះទេ ដែលអាចបំរើការផ្តត់ផ្គង់តម្រូវការម្ហូបអារហារប្រើប្រាស់ប្រចាំគ្រួសារ ក៏ដូចជាការប្រើក្នុងឧស្សហកម្មទេសចរណ៍ខ្នាតតូច និងមធ្យមជាដើម។

ទន្ទឹមនឹងនេះ កម្ពុជាក៏គួរតែផ្តោះប្តូរទំនាក់ទំនងបច្ចេកវិទ្យាជាមួយ-ចិន ជប៉ុន កូរ៉េ និងអាស៊ានជាដើម ក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា តាមបណ្តាប្រទេសជឿនលឿនមធ្យមនិងខ្លាំងទាំងនេះ ដើម្បីពង្រឹងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។  ក្រៅពីនេះ វិនិយោគអន្តរជាតិ ក៏ជាចំនុចបន្ទាប់ ដែលអាចជួយស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញដែរ ដូច​ជា​ការ​ភ្ជាប់ការវិនិយោគអន្តរជាតិ តាមរយៈវិស័យឯកជន និងឯកជន ដោយ​ក្នុង​នោះ​រដ្ឋជួយជំរុញឯកជន ដោយបង្កើននូវវិធានការ និងយុទ្ធសាស្រ្ត ជួយសម្រួលបែបបទ លិខិតបទដ្ឋានគត្តិយុទ្ធ និងកាត់បន្ថយការចំណាយក្រៅផ្លូវការ ដើម្បីលើកទឹកចិត្តដល់វិស័យឯកជនឲ្យ​ដាក់​ទុន​វិនិយោគនៅកម្ពុជា។

ចំពោះក្រសួងសេដ្ឋកិច្ចវិញ តាមរយៈអ្នកនាំពាក្យលោកមាស សុខសេនសាន អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ RFI ថា ក្រសួងនឹងអនុវត្តទៅតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ តាមរយៈយន្តការដែលមានស្រាប់ដដែល រួមមានការជួយដល់ប្រជាពលរដ្ឋក្រីក្រ  ការផ្តល់ថវិកាជួយដល់សហគ្រានធុនតូច និងមធ្យម សហគ្រាស ធនាគារអភិវឌ្ឍន៍កសិកម្មជនបទ និងកសិកម្ម ការអនុគ្រោះពន្ធ និងការបើកប្រាក់ពលកម្មឱ្យកម្មករជាដើម។  ជារួមលទ្ធផល ឃើញថាមានស្ថានភាពដំណើរការធម្មតាជាប្រក្រតី គឺលើកលែងតែបញ្ហាពីខាងក្រៅមានដូចជាទេសចរណ៍ ប៉ុន្តែក្រសួងក៏កំពុងបន្តដោះស្រាយជាបណ្តើរៗ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច​ លោក មាស សុខសេនសាន្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ