អានតួអត្ថបទ
កម្ពុជា-សង្គម

អង់គ្លេសនិងអៀឡង់ខាងជើងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់ដល់កម្ពុជា

ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រកាស​ថា​ ប្រទេស​អង់គ្លេស​និង​អៀឡង់​ខាងជើង​ នឹង​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ​ដល់​កម្ពុជា​ ចាប់​ពី​ដើម​ឆ្នាំ​២០២១​ខាង​មុខ​នេះ​។ ពី​ចំណែក​កម្ពុជា​វិញ​ បាន​សម្តែង​ការ​ត្រេកអរ​ និង​បាន​ចាត់​ទុក​ថា​ ការ​សម្រេច​ចិត្ត​នេះ​ គឺ​ជា​ដំណឹង​ល្អ​សម្រាប់​កម្មករ​កម្ពុជា​ នៅ​ពេល​ដែល​ពួកគេ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ពី​មហន្តរាយ​នៃ​ជំងឺ​កូវីដ-១៩​។​

កិច្ចប្រជុំរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្ រីTina Redshaw ឯកអគ្គរាជទូតអង់គ្លេសនិងអៀឡង់ខាងជើងប្រចាំនៅកម្ពុជា
កិច្ចប្រជុំរវាងលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងលោកស្ រីTina Redshaw ឯកអគ្គរាជទូតអង់គ្លេសនិងអៀឡង់ខាងជើងប្រចាំនៅកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

ដំណឹងនេះ ត្រូវបានប្រកាសឡើង បន្ទាប់ពីមានជំនួបមួយរវាងប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន និងលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសនិងអៀឡង់ខាងជើងប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ១៦ ធ្នូ ឆ្នាំ ២០២០ នេះ។ តាមរយៈជំនួបនេះ លោកស្រីឯកអគ្គរាជទូតអង់គ្លេសបានប្រាប់សមភាគីកម្ពុជាថា រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេស បានឯកភាពគ្នាថា នឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតនោះទេ។ មូលហេតុ គឺដោយសារថា អង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ។ បើតាមលោកស្រីឯកអគ្គរាជទូតអង់គ្លេសរូបនេះ ចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះតទៅ អង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យមួយ។

សូមបញ្ជាក់ថា អង់គ្លេសនឹងចាកចេញពីសមាជិកសហភាពអឺរ៉ុប នៅចុងឆ្នាំ២០២០នេះ។ សហភាពអឺរ៉ុប តាមរយៈគណៈកម្មការ​អឺរ៉ុប ​កាល​ខែសីហា ឆ្នាំ​២០២០កន្លងទៅ បាន​សម្រេច​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​ ​ដោយសារតែកម្ពុជា​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​លក្ខណៈ​ប្រព័ន្ធ​។ ប៉ុន្តែទោះជាយ៉ាងនេះក្តី មិនមែនមានន័យថា អង់គ្លេសនឹងមិនខ្វល់ខ្វាយពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពផ្សេងៗនៅកម្ពុជានោះទេ។ អង់គ្លេសកំពុងរិះរកវិធីដើម្បីបង្កើតកិច្ចសន្ទនាជាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី ១៧ ធ្នូ។

ពីចំណែកកម្ពុជាវិញ តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានសម្តែងការកើតសរសើរយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់អង់គ្លេស និងបានចាត់ទុកថា ជាការជំរុញ និងលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជា ហើយថា ការសម្រេចចិត្តនេះ គឺពិតជាដំណឹងល្អសម្រាប់កម្មករកម្ពុជា នៅពេលដែលពួកគេកំពុងទទួលរងផលប៉ះពាល់ពីមហន្តរាយនៃជំងឺកូវីដ-១៩។ ទន្ទឹមគ្នានេះ ប្រមុខការទូតកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ