អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

កូវីដ​១៩៖ រដ្ឋា​ភិបាល​កម្ពុជា ​ដាក់​ចេញ​ចំណាត់​ការ​បន្ទាន់​ពង្រឹង​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ព្រំដែន​ថៃ​

រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​នេះ បាន​ចាត់​វិធាន​ការ​ពង្រឹង​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​ខ្មែរ នៅតាម​ព្រំដែន​ថៃ ក្នុង​ខេត្ត​ចំនួន​៧ ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ​១៩​​។ ​​ វិធានការ​បន្ទាន់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មាន​ការ​ផ្ទុះ​ករណី​វិជ្ជមាន​កូវិដ១៩​ដែល​មិន​ធ្លាប់​មាន ក្នុង​ខេត្ត​សាមុត​សាខន​របស់​ប្រទេស​ថៃ ក្បែរ​ខាង​កម្ពុជា ដែល​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​១៩​ជាង​ ៥០០​ករណី ​ក្នុង​១​ថ្ងៃ កាល​ពី​ម្សឹល​មិញ​នេះ។ 

ពលករ​នាំគ្នា​រង់ចាំ​នៅស្ថានីយ៍រថយន្តក្រុង​ដើម្បី​ធ្វើដំណើរ​ត្រលប់ទៅផ្ទះវិញ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ហាង ផ្សារទំនើបនៅបាងកក ដោយសារ​កូវីដ ១៩
ពលករ​នាំគ្នា​រង់ចាំ​នៅស្ថានីយ៍រថយន្តក្រុង​ដើម្បី​ធ្វើដំណើរ​ត្រលប់ទៅផ្ទះវិញ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​ហាង ផ្សារទំនើបនៅបាងកក ដោយសារ​កូវីដ ១៩ © REUTERS
ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០​ធ្នូ​នេះ បាន​ដាក់​ចេញ​ចំណាត់​ការ​បន្ទាន់ ទៅ​អាជ្ញាធរ ខេត្ត​​ទាំង ៧​ជាប់​ព្រំដែន​នៃ​ប្រទេស​ថៃ​ ឲ្យ​ពង្រឹង​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​ ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ រយៈ​ពេល​១៤​ថ្ងៃ​ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​កូវីដ​១៩​ចូល​កម្ពុជា ស្រប​ពេល​ដែរ អាជ្ញាធរ​ថៃ នៅ​ថ្ងៃ​ម្សិលមិញ បាន​ប្រកាស​ពី​ករណី​វិជ្ជមាន​កូវីដ​១៩​ថ្មី ទ្រង់ទ្រាយ​ធំ​លើ​មនុស្ស​ចំនួន ៥៤៨​នាក់ ក្នុង​ខេត្ត​សាមុត​សាខន រហូត​ដល់​មាន​ការ​បិទ​ខ្ទប់​ខេត្ត​មួយ​នេះ​ទាំង​ស្រុង​ចំនួន​១៤ថ្ងៃ​  ដែល​នេះ​ពុំ​ធ្លាប់កើត​មាន​ឡើង​នោះ​ទេ រាប់​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​ករណី​ដំបូង​នៅ​ក្នុង​ប្រទេស​ថៃ ​កាល​ពី​ដើម​ខែ​មករាឆ្នាំ​២០២០​កន្លង​ទៅ។

​តាម​រយៈ​ក្រសួង​សុខា​ភិបាល បាន​ឲ្យ​ដឹង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​​បរិច្ចាគ​ទឹកប្រាក់​ចំនួន ​៣៥០​លាន​រៀល​ដល់​ខេត្ត​ចំនួន​៧​នោះ រួម​មាន ខេត្តបាត់ដំបង​ បន្ទាយមានជ័យ​ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ​ ​ពោធិ៍សាត់ និង​កោះកុង ដោយ​អាជ្ញាធរ​ខេត្ត​និមួយៗ​នឹង​ទទួល​បាន​ប្រាក់​ចំនួន ៥០​លាន​រៀល​ ដើម្បីរៀប​ចំ​ដោះស្រាយ​នូវ​បញ្ហា​ចំពោះ​មុខ​​ ដើម្បី​ទប់​ស្កាត់​ការចម្លង​កូវីដ១៩​ពី​ប្រទេស​ថៃ​នៅ​ពេលនេះ។

បើ​តាម​ក្រសួង​មហា​ផ្ទៃ ពលករ​ខ្មែរ​ជាង​៩​ម៉ឺន​នាក់ ក្នុង​ចំណោម​ពលករ​ខ្មែរ​ជាង​១​លាន​នាក់​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​វិញ នៅ​គ្រា​ដែល​ថៃ​បិទ​ប្រទេស​ខ្លួន​ដោយសារ​ជំងឺ​កូវីដ​១៩ កាល​ពី​ខែ​មិនា​កន្លង​ទៅ​នេះ។

សូម​ជម្រាប​ជូន​ថា ​រដ្ឋា​ភិបាល​ថៃ គិត​ត្រឹម​ថ្ងៃ​នេះ​ បាន​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស​ជិត​១៥០០​នាក់ នៅ​ក្នុងខេត្ត​សាមុត​សាខន​នេះ លទ្ធផល​វិជ្ជមាន​៥៧៦​ ដែល​ភាគ​ច្រើន​ជា​ពលករ​ចំណាក​ស្រុក​មក​ពី​ប្រទេសភូមា ដែល​ក្នុង​នោះ​ មាន​១៩​ករណី​ជា​ករណី​ឆ្លង​ចូល​សហគមន៍។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បាំងកក​ប៉ុស្តិ៍​ចុះ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២០​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ