អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរខ្មែរជាប់ព្រំដែនថៃបង្កើនការរឹតបន្តឹងការឆ្លងកាត់ព្រំដែន ខណៈកូវីដ១៩ផ្ទុះខ្លាំងនៅខេត្តសាមុតសាខន

អាជ្ញាធរខ្មែរ​នៅជាប់​ព្រំដែនប្រទេស​ថៃ​បាន​បង្កើន​ការ​រឹត​បន្តឹង​ការ​ចេញ-ចូល​របស់​ពលរដ្ឋ​ នៅថ្ងៃចន្ទនេះ ខណៈ​ដែល​ជំងឺកូវីដ១៩​បានផ្ទុះឡើង​ចូល​ទៅ​សហគមន៍​ក្នុង​ខេត្ត​សាមុត​សាខន ​ដែលមានចម្ងាយប្រមាណ៣០០​គីឡូម៉ែត្រ​ពីកម្ពុជា។ ការ​រឹត​បន្តឹង​ការ​ឆ្លង​កាត់​ព្រំដែន​នេះ គឺបន្ទាប់ពីមានបទបញ្ជាជាបន្ទាន់មួយ​របស់​ប្រមុខ​រដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញឲ្យ​អាជ្ញាធរខ្មែរ​​ត្រៀម​លក្ខណៈ​ទទួល​ពលករ​ខ្មែរ​ដែល​មកពីថៃវិញ​ដើម្បី​ធ្វើ​ចត្តាឡីស័ក្ត១៤ថ្ងៃ។

ពលករខ្មែរកំពុងឈរតម្រង់ជួរ ដើម្បីចូលមកកាន់ទឹកដីកម្ពុជាវិញ នៅច្រកព្រំដែនកម្ពុជា-ថៃ អូរស្មាច់ ខេត្តឧត្តរមានជ័យ
ពលករខ្មែរកំពុងឈរតម្រង់ជួរ ដើម្បីចូលមកកាន់ទឹកដីកម្ពុជាវិញ នៅច្រកព្រំដែនកម្ពុជា-ថៃ អូរស្មាច់ ខេត្តឧត្តរមានជ័យ © FB
ផ្សាយពាណិជ្ជកម្ម

លោក លី សារី អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅព្រឹកថ្ងៃចន្ទនេះថា ​បន្ទាប់ពី​មានការ​ផ្ទុះ​ជំងឺកូវីដ១៩​នៅ​ខេត្តសាមុត​សាខន អាជ្ញាធរ​ព្រំដែន​កម្ពុជា​និង​ថៃ​ បាននិង​កំពុង​ចាត់​វិធាន​ការ​រឹត​បន្តឹង​ខ្លាំង​លើ​ការ​ឆ្លង​កាត់ព្រំដែនប្រទេសទាំងពីរ ដូចជា នៅច្រក​ម៉ាឡៃ បឹង​ត្រកួន និង​ច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត​​ជាដើម។

បើតាម​អ្នក​នាំពាក្យ​រូបនេះ​​ ក្រៅពី​ច្រកទ្វារ​ផ្លូវ​ការសំខាន់ៗទាំង៣នេះ នៅតាម​ច្រក​របៀង​តូចៗ ក៏អាជ្ញាធរ​មាន​ការ​រឹតបន្តឹង​ខ្លាំងដែរ​ ជាមួយនឹងការ​ត្រៀម​ជាស្រេចនូវ​កន្លែង​ធ្វើ​ចត្តាឡីស័ក្ត សម្រាប់​ពលករ​ដែល​​វិល​ត្រ​ឡប់​មកពីថៃវិញ។ តែលោក​មិនអាច​បញ្ជាក់បានទេពីចំនួន​ពលករ​ខ្មែរ​ដែល​វិល​មកពីថៃវិញនៅពេល​នេះ បន្ទាប់​ពី​ថៃ​ផ្ទុះ​ជំងឺកូវីដ១៩​ឆ្លង​​ចូល​សហគមន៍​ដែលបាន​រក​ជាង៥០០ករណី​តែ​ក្នុង​មួយថ្ងៃនោះ។

ការ​រាលដាលកូវីដទៅក្នុង​សហគមន៍​នៅប្រទេសថៃពេល​នេះ បានគំរាមកំហែង​ដល់ពលករ​បរទេស​ជាច្រើន​ដែលកំពុងធ្វើ​ការនៅទីនោះ រាប់ទាំងពលករ​ខ្មែរ​ និងភូមាផងដែរ។

នៅចំពោះមុខនេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០​ធ្នូ បានបញ្ជាឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ចេញរថយន្តយោធាចំនួន៤៥គ្រឿងឆ្ពោះទៅកាន់គោលដៅព្រំដែនចំនួនពីរ គឺទៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យចំនួន៣០គ្រឿង និងច្រកដូងខេត្តបាត់ដំបងចំនួន១៥គ្រឿង ដើម្បីត្រៀមដឹកពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃវិញ ដើម្បី​ធ្វើ​ចត្តាឡីស័ក្ត​១៤ថ្ងៃ។ តែជាមួយគ្នានោះ លោក​ប្រមុខ​រដ្ឋា​ភិបាល​ក៏បានអំពាវនាវ​ផងដែរ កុំឲ្យ​ពលករខ្មែរ​​មានការ​តក់​ស្លុត ហើយ​សម្រុក​វិល​មក​កម្ពុជាវិញ ដោយ​ធ្វើ​យ៉ាងណា​បន្ត​ស្នាក់​នៅ​ប្រទេស​ថៃតទៅទៀត​ និង​​ធ្វើ​ចត្តាឡីស័ក្ត​ទៅតាម​ការ​រៀប​ចំរបស់​អាជ្ញាធរថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ