អានតួអត្ថបទ
កម្ពុជា-សង្គម

របាយការណ៍ស្ទង់មតិ៖ ក្រោយការបាត់បង់ចំណូល ពលករខ្មែរចាប់ផ្តើមមានបញ្ហាផ្លូវចិត្តនៅក្នុងបរិបទកូវីដ១៩

ពលករ​ខ្មែរ​មក​ពី​ប្រទេសថៃ​ មួយ​ចំនួន​ធំ​បាន​ត្អួញត្អែរ​ថា​ ពួកគេ​កំពុង​រង​នូវ​ផល​ប៉ះពាល់​ទាំង​ផ្នែក​សុខភាព​រាងកាយ​ និង​សុខភាព​ផ្លូវចិត្ត​ ក៏​ដោយសារ​ការ​បាត់បង់​ប្រាក់​ចំណូល​មួយ​ផ្នែក​របស់​ពួកគេ​។ បើ​តាម​របាយការណ៍​ស្ទង់​មតិ​មួយ​ស្តី​អំពី​ «ការវាយតម្លៃយ៉ាងឆាប់រហ័សទៅលើផលប៉ះពាល់សង្គមនិងសុខភាពនៃជំងឺកូវីដ១៩ ក្នុងចំណោមពលករដែលចូលមកកម្ពុជាវិញ» ចេញ​ផ្សាយ​ដោយ​អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន​ កាល​ពី​ថ្ងៃ​ទី​១៨​ធ្នូ​កន្លង​ទៅ​នេះ​។

ពលករខ្មែរពេលមកដល់ប្រទេសកម្ពុជាវិញ កាលពីខែមីនា ក្រោយការមានឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ
ពលករខ្មែរពេលមកដល់ប្រទេសកម្ពុជាវិញ កាលពីខែមីនា ក្រោយការមានឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ © FB
ផ្សាយពាណិជ្ជកម្ម

ក្រោយការត្រលប់មកកាន់កម្ពុជាវិញ ពលករចំណាកស្រុកទាំងនោះភាគច្រើនកំពុងជួបវិបត្តិហិរញ្ញវត្ថុ។ ដោយយោងតាមរបាយការណ៍ ដែលធ្វើការស្ទង់មតិពលករចំនួន១១០៨នាក់ បានបង្ហាញថា ពួកគេអាចរកប្រាក់់ចំណូលជាមធ្យមត្រឹម១៦៤ដុល្លារប៉ុណ្ណោះ ខុសពីការរកប្រាក់ចំណូលនៃឯប្រទេសថៃ ដែលអាចរកបានជាមធ្យម ២៩៤ដុល្លារក្នុងមួយខែ។ មិនតែប៉ុណ្ណោះ ពលករប្រមាណ៦៤៣នាក់ ក្នុងចំណោមពលករ១១០៨នាក់នោះ ក៏កំពុងជួបប្រទះនឹងភាពអត់ការងារធ្វើ ដែលនាំពួកគេគ្មានប្រភពចំណូលចូលគ្រួសារ និងជំពាក់បំណុលធនាគារទៀតផង។

ការណ៍នេះបានធ្វើឲ្យពលករដែលត្រលប់មកកម្ពុជាវិញទាំងនោះ បានបង្ហាញក្តីព្រួយបារម្ភអំពី ការរកចំណូលមិនបានគ្រប់គ្រាន់ ការប្រឈមនឹងភាពគ្មានការងារធ្វើ ការឆ្លងនូវជំងឺកូវីដ១៩ ការប៉ះពាល់ដល់បញ្ហាសុខភាព កង្វះអាហារប្រចាំថ្ងៃ ព្រមទាំងគ្មានលទ្ធភាពក្នុងការសងបំណុល។

បញ្ហាសុខភាព ពលករខ្មែរ១ភាគ៥ បង្ហាញថាពួកគេកំពុងជួបបញ្ហាសុខភាពផ្នែករាងកាយ ឯពលករ២ភាគ៥ បង្ហាញថាពួកគេកំពុងចាប់ផ្តើមមានបញ្ហាផ្លូវចិត្ត បើទោះបីរដ្ឋាភិបាលបាននិងកំពុងដោះស្រាយវិបត្តិកូវីដ១៩នេះក៏ដោយ ក៏ប៉ុន្តែបញ្ហាចំណូលជារឿងចាំបាច់សម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពពួកគេ។

សូមជម្រាបជូនថា ក្នុងចំណោមប្រទេសដែលមានពលករខ្មែរចំណាកស្រុកទៅធ្វើការនោះ គឺប្រទេសថៃស្ថិតនៅលំដាប់ទី១ ដោយមានពលករខ្មែរប្រមាណជិត៤០ម៉ឺនកំពុងធ្វើការនៅទីនោះ។ ភាគច្រើននៃពលករទាំងនោះប្រកបរបរក្នុងវិស័យសំណង់ (៤០.៤%) វិស័យឧស្សាហកម្មរោងចក្រ (១៧.៤%) និងវិស័យកសិកម្ម (១៥.៦%)។ នេះបើតាមរបាយកាណ៍ផលប៉ះពាល់សង្គមនិងសុខភាពនៃជំងឺកូវីដ១៩ទៅលើពលករខ្មែរ។

តែបន្ទាប់ពីមានការផ្ទុះជំងឺឆ្លងកូវីដ១៩កាលពីខែមីនាមក ពលករខ្មែរចំនួនជាង១១ម៉ឺននាក់បានត្រលប់មកកម្ពុជា។ ជាមួយគ្នានេះ ពលករខ្មែរជាច្រើនទៀតក៏កំពុងត្រលប់មកវិញជាបន្តបន្ទាប់ ក្រោយការរាលដាលជំងឺកូវីដ១៩ចូលសហគមន៍នៅខេត្តសាមុតសាខន ប្រទេសថៃ នាពេលថ្មីៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ