អានតួអត្ថបទ
កម្ពុជា-សង្គម

ពលករខ្មែរប្រមាណជិត១០០០នាក់ ត្រូវបានអាជ្ញាធរថៃដាក់បម្រាមមិនឲ្យចាកចេញពីខេត្តខនកេន

ពលករ​ចំណាក​ស្រុក​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ប្រមាណ​ជាង​១០០០​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ហាម​មិន​ឲ្យ​ចាកចេញ​ពី​ខេត្ត​ខនកេន​ ទៅ​កាន់​ខេត្ត​ណា​មួយ​ផ្សេង​ឡើយ​។ ការ​ហាម​ឃាត់​នេះ​ គឺ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ ដែល​កំពុង​ផ្ទុះ​ជា​សហគមន៍​និង​រាលដាល​ដល់​២៥​ខេត្ត​នៅ​ប្រទេស​ថៃ​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្ត៍​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣​ធ្នូ​ម្សិលមិញ​។

ការត្រួតពិនិត្យសីតុណ្ហភាពពលករធ្វើការនៅខេត្តខនកេន
ការត្រួតពិនិត្យសីតុណ្ហភាពពលករធ្វើការនៅខេត្តខនកេន © Internet
ផ្សាយពាណិជ្ជកម្ម

ពលករខ្មែរចំនួន ៨៣៨នាក់ ក្នុងចំណោមពលករដែលបានចុះឈ្មោះធ្វើការដោយស្របច្បាប់ សរុប៧១៤០នាក់ នឹងត្រូវដាក់បម្រាមមិនឲ្យចាកចេញពីខេត្តខនកេន ពីសំណាក់អាជ្ញាធរថៃ បន្ទាប់ពីមានករណីផ្ទុះកូវីដ១៩ក្នុងសហគមន៍នៅខេត្តសាមុតសាខន ចម្ងាយ៤០០គីឡូម៉ែតពីខេត្តខនកេន។ ក្នុងចំណោមពលករទាំងអស់ ពលករចំណាកស្រុករបស់ប្រទេសមីយ៉ាន់ម៉ា មានចំនួន ៣៨៣៤នាក់ និងពលករឡាវ ២៤៦៨នាក់ ក៏កំពុងធ្វើការនៅខេត្តខនកេនដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី Penwadee Rattakul ប្រធានផ្នែកការងារប្រចាំខេត្តខនកេន។

លោកស្រី Penwadee Rattakul បន្ថែមថា ការដាក់បម្រាមមិនឲ្យធ្វើការចល័តចេញពីខេត្តខនកេន គឺដើម្បីធានាបាននូវការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ជាបន្តបន្ទាប់នៅក្នុងសហគមន៍ និងដើម្បីធានាបាននូវសុវត្ថិភាពដល់ប្រជាពលរដ្ឋ។

ក្រៅពីការហាមឃាត់មិនឲ្យមានការចល័តពលករចេញពីខេត្តមួយទៅខេត្តមួយនេះ អាជ្ញាធរថៃក៏បានហាមដាច់ខាតមិនឲ្យថៅកែរោងចក្រក្នុងខេត្តខនកេន ធ្វើការជួលពលករមកធ្វើការដោយខុសច្បាប់ ព្រោះថាវាជាការប្រឈមនឹងហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩។ នេះបើយោងតាមបាងកកប៉ុស្ត៍។

អាជ្ញាធរថៃក៏បាននិងកំពុងធ្វើការយ៉ាងជិតដិតជាមួយក្រុមពលករ ដើម្បីធ្វើយ៉ាងណាឲ្យស្ថានការណ៍ជំងឺកូវីដ១៩អាចគ្រប់គ្រងបាន ហើយសម្រាប់យន្តការបន្ត អាជ្ញាធរថៃនឹងបញ្ជូនមន្រ្តីជំនាញទៅធ្វើការត្រួតពិនិត្យចំពោះសហគ្រាសតូចៗ និងការដ្ឋានសំណង់នានា ដើម្បីឲ្យពួកគេចូលរួមទប់ស្កាត់ការចម្លង។ នេះបើតាមប្រធានផ្នែកការងារប្រចាំខេត្តខនកេន លោកស្រី Penwadee Rattakul។

សូមជម្រាបជូន ចាប់តាំងពីការផ្ទុះជំងឺកូវីដ១៩ជាសហគមន៍ នៅឯផ្សារលក់បង្គា ឈ្មោះថា Mahachai នៅឯខេត្តសាមុតសាខន កាលពីថ្ងៃទី១៧ធ្នូមក ខេត្តចំនួន២៥ផ្សេងទៀត ក៏ដូចជាខេត្តខនកេន កំពុងស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្ននៃការរាតត្បាតជំងឺកូវីដ១៩ពីហេតុការណ៍នេះ។ តែយ៉ាងណាខេត្តខនកេន មិនទាន់រកឃើញករណីវិជ្ជមានពីហេតុការណ៍សហគមន៍នៅប្រទេសថៃនេះនៅឡើយទេ ក្រៅពីមួយករណីវិជ្ជមានដែលរកឃើញកាលពីថ្ងៃទី១៧មីនាកន្លងទៅ។ នេះបើតាមកាសែតអនឡាញក្នុងស្រុករបស់ថៃ The Nation។

សូមសរុបជូនថា គិតមកដល់ថ្ងៃទី២៤ធ្នូ ករណីវិជ្ជមានកូវីដ១៩នៅប្រទេសថៃមានចំនួន ៥៧៦២នាក់ ស្លាប់៦០នាក់ និងព្យាបាលជាសះស្បើយចំនួន ៤០៩៥នាក់។ លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ស្ថានភាពកូវីដ១៩ថៃ ថ្លែងថា ក្រៅពីហេតុការណ៍សហគមន៍នៅខេត្តសាមុតសាខនពីថ្ងៃទី១៧ធ្នូមក អាជ្ញាធរថៃបានរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មី ចំនួន៣៩នាក់ នៅឯខេត្តផ្សេងៗទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ