អានតួអត្ថបទ
កម្ពុជា-សង្គម

ការនាំចេញពីកម្ពុជាទៅអង់គ្លេសនឹងមានកំណើន ឬថយចុះ ត្រូវពឹងលើសេដ្ឋកិច្ចអង់គ្លេស

​ក្រសួង​ពាណិជ្ជកម្ម​នៅ​ថ្ងៃ​ទី​២​៤​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​បាន​អំពាវនាវ​ឱ្យ​ផលិតករ​ ​និង​អ្នកនាំ​ចេញ​ទាំងអស់​នៅ​កម្ពុជា​ ​រៀបចំ​នីតិវិធី​នៃ​ការ​ស្នើសុំ​ ​និង​ការ​ចេញ​វិញ្ញា​បន​ប​ត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​គ្រប់​ទម្រង់​ ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​។​ ​ការ​អំពាវនាវ​នេះ​ ​បាន​ធ្វើឡើង​ក្រោយ​ពី​ការ​ចេញផ្សាយ​អំពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ ​និង​អង់គ្លេស​ដែល​បាន​ធ្លាក់ចុះ​ជាង​ ​១​៧​% ​គិត​ត្រឹម​រយៈពេល​១​១​ខែ​នៃ​ឆ្នាំ​២​០​១​៩​ ​និង​១​១​ខែ​នៃ​ឆ្នាំ​២​០​២​០​។

ការនាំចេញនូវទំនិញកម្ពុជា
ការនាំចេញនូវទំនិញកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

លោកកាំង ម៉ូនីកា អគ្គលេខាធិការ​រង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៥ ខែធ្នូនេះថា សេចក្តីជូនដំណឺងនេះ គឺក្រសួងពាណិជ្ជកម្ម ចង់ទាក់ទាញចំណាប់អារម្មណ៍បន្ថែមពីផលិតករ និងអ្នកនាំចេញទាំងអស់។  ក្នុងការត្រៀមខ្លួនបំពេញលក្ខខ័ណ្ឌ ដើម្បីផ្តល់ភស្តុតាងបញ្ជាក់អំពីប្រភពដើមនៃទំនិញដែលបានផលិត និងនាំចេញពីប្រទេសកម្ពុជាដោយក្រសួងពាណិជ្ជកម្ម។  ​ ការបញ្ជាក់ដោយចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតមុខទំនិញគ្រប់ទម្រង់នេះ នាំឱ្យគយនៅប្រទេសអង់គ្លេសផ្តល់ការអនុគ្រោះលើកលែងពន្ធដល់ទំនិញទាំងនោះ ហើយក៏ជាការចៀសវាងនូវការនាំចូលពីប្រទេសផ្សេងៗ ដែលយកលេសថា នាំចេញពីប្រទេសកម្ពុជា។

ជាមួយគ្នានេះ ការនាំចេញទំនិញចម្បងៗ ពីកម្ពុជាទៅកាន់ប្រទេសអង់គ្លេសកន្លងមកមានដូចជា សំលៀកបំពាក់ និង ស្បែកជើង ក្នុងចំណោមផលិតផលប្រើប្រាស់ផ្សេងៗទៀត ដែលរួមមាន កង់ កាបូប និងផលិតធ្វើដំណើរជាដើម។  ការនាំចេញទៅប្រទេសអង់គ្លេស សម្រាប់ដើមឆ្នាំ២០២១នេះ លោកម៉ូនីកាមើលឃើញថា អាចនឹងល្អប្រសើរបាន គឺពឹងអាស្រ័យលើសេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេស បើមានការបញ្ជារទិញច្រើន ទើបមានការនាំចេញខ្ពស់ដែរ ព្រោះកន្លងមក អង់គ្លេសក៏បានទទួលរងពីវិបត្តិកូវីដ១៩ដែរ។  នៅចំពោះមុខ អ្វីដែលកម្ពុជាគួរតែផ្តោត គឺការប្រកួតប្រជែងផ្ទៃក្នុង ដោយរាប់បញ្ចូលទាំងតម្លៃពលកម្ម កម្រិតផលិតភាពការងារ តម្លៃគ្រប់គ្រងឥវ៉ាន់ តម្លៃអគ្គីសនី និងការផ្គត់ផ្គង់វត្ថុធាតុដើម។ ជាមួយគ្នានេះ បើការបញ្ជារទិញវត្ថុធាតុដើមមិនឆ្លើយតបតម្រូវការភ្លាមៗទេ នោះការផលិតក៏មិនទាន់ តាមតម្រូវការទីផ្សារដែរ។ ហើយចំណុចទាំងនេះ កម្ពុជាត្រូវតែយកចិត្តទុកដាក់ និងគ្រប់គ្រងឱ្យបាន នេះបើតាមលោកកាំង ម៉ូនីកា។

គួររម្លឹកដែរថា កម្ពុជាទទួលបានការអនុគ្រោះពន្ធ EBA នេះ តាំងពីអង់គ្លេសឋិតនៅជាសមាជិក របស់សហភាពអឺរ៉ុបមកម្ល៉េះ គឺមានរយៈពេលយូរមកហើយ។ ទើបតែក្នុងខែសីហាកន្លងមក ក្រោមការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ទើបតម្រូវឱ្យមានការដកនូវមុខទំនិញខ្លះចេញ ហើយចាប់ពីដើមឆ្នាំ២០២១ទៅ អង់គ្លេសនឹងអនុវត្តគោលនយោបាយពាណិជ្ចកម្មឯករាជ្យរបស់ខ្លួន ដោយផ្តល់ឱ្យកម្ពុជានាំចេញគ្រប់ផលិតផលលើកលែងតែអាវុធជាតិផ្ទុះប៉ុណ្ណោះ។

កន្លងមកយោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេស បានធ្លាក់ចុះចំនួនជាង ១៧% ដោយគិតត្រឹម១១ខែ ឆ្នាំ២០២០ ធៀបនឹង១១ខែ ឆ្នាំ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ