អានតួអត្ថបទ

កាត់បឹងតាមោក៖ បក្សប្រជាធិបតេយ្យមូលដ្ឋានថាស្ថាប័នរដ្ឋខ្វះគណនេយ្យភាពចំពោះម្ចាស់ឆ្នោត

​តាម​រយៈលិខិត​របស់​​ទីស្តី​គណៈរដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថារាជ​រដ្ឋាភិបាល​បាន​កាត់​ផ្ទៃ​បឹងតា​មោក​ជាង​២០០ហិក​តា​ទៀត ទៅ​ឲ្យ​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ​។ ការកាត់​ដីបឹង​តាមោក ត្រូវ​បាន​គណបក្ស​ក្រៅសភា នៅថ្ងៃទី​២៨ ខែ​ធ្នូ រិះគន់​ថា ស្ថាប័ន​ពាក់ព័ន្ធ​ខ្វះ​គណនេយ្យ​ភាព​ចំពោះ​ម្ចាស់​ឆ្នោត​។

អង្គការសមាគមធាងត្នោតរកឃើញថា បឹងនៅភ្នំពេញ ជិតត្រូវបានបាត់បង់ទាំងស្រុង
អង្គការសមាគមធាងត្នោតរកឃើញថា បឹងនៅភ្នំពេញ ជិតត្រូវបានបាត់បង់ទាំងស្រុង @សហការី
ផ្សាយពាណិជ្ជកម្ម

យោងតាម​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ចុះថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២០ រាជ​រដ្ឋាភិបាល​បាន​សម្រេច ធ្វើប្រទានកម្ម​ជូន​លោក លន់ ហាក់ និង​អ្នកស្រី ឈុន ចាន់ធី នូវ​ផ្ទៃដី​បឹង​តាមោក ទំហំ​២០ហិកតា ស្ថិតនៅសង្កាត់​គោករកា ខណ្ឌព្រែព្នៅ រាជធានីភ្នំពេញ ហើយ​លោក លន់ ហាក់ និង​អ្នកស្រី ឈុន ចាន់ធី ត្រូវ​ប្រគល់​ផ្ទៃដីកម្ម​សិទ្ធិ​ទំហំ​ជាង ១ ៥៧១ម៉ែត្រ​ក្រឡា ស្ថិត​នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ ឲ្យ​ទៅ​រដ្ឋាភិបាល​វិញ។

បើតាម​លិខិត​ដដែល​នេះ ការដោះដូរ គឺ​ដើម្បី​សាងសង់​អគារ​ទី​បញ្ជាការ​ស្រាល​ទំហំ​២១,៧ម៉ែត្រ​គុណ​នឹង​៤២ម៉ែត្រ កម្ពស់​៣ជាន់ នៅ​លើដី​របស់​លោក លន់ ហាក់ និង​អ្នក​ស្រី​ឈុន ចាន់ធី ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

លិខិត​ទី២ ចុះថ្ងៃទី២៤ ខែធ្នូ ដែល​គណៈរដ្ឋ​មន្ត្រី​ផ្ញើទៅ​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បានយល់​ព្រម​អនុញ្ញាត​ឲ្យ​ឆ្វៀល​ដីទំហំ ជាង​១៩៦ហិកតា ស្ថិត​នៅក្នុង​សង្កាត់​ពញាពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចេញ​ពី​ផ្ទៃដី​សរុប​នៃ​បឹងតាមោក ដើម្បី​ធ្វើ​ប្រទានកម្ម​ជូន​លោកស្រី អ៊ុយ បូវី និង​លោកស្រី គង់ សុធី។  

ក្នុង សជណ ទាំងពីរ​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដែល​មាន​ហត្ថលេខា​រដ្ឋលេខាធិការ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី លោក កែន សត្ថា គឺមិន​មាន​បញ្ជាក់​ពីតួនាទី​របស់​បុគ្គល​ទាំង​៤នាក់​ខាងលើ ដែល​រាជរដ្ឋាភបាល​កាត់​ផ្ទៃបឹងតាមោក​ឲ្យជា កម្មសិទ្ធិ​នោះ​ទេ។

អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិថា លោក​មិន​មានព័ត៌មាន​ខាង​លើ​នេះ​ទេ ប៉ុន្តែ​ថា​ការ​កាត់ដីណាមួយ​មិន​មែន​ធ្វើ​ដោយ​អត្តនោម័តិ​នោះ​ទេ ពោល​គឺ​ជា​ការសម្រេច​របស់​អន្តរ​ក្រសួង​។ លោក​បន្ថែម​ថា​ការ​សម្រេច​របស់​រដ្ឋាភិបាល គឺ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​របស់​រដ្ឋាភិបាល ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​របស់​សាធារណៈ។  

កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩​កន្លង​ទៅ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ធ្លាប់​បាន​ដាក់​សំណើ​សុំ​ឲ្យ​រដ្ឋសភា បំភ្លឺ​ទាក់ទងទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​បឹងតាមោក តែ​គម្រោង​ការ​ច្បាស់លាស់ និង​ប្រកប​ដោយ​តម្លាភាព​មិនទាន់​មាន​នៅ​ឡើយ​។ បើ​តាម​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នេះ​បង្ហាញ​ថា​ទាំង​រដ្ឋសភា​ដែល​មាន​តំណាង​រាស្រ្ត​១២៥រូប រួមទាំង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ខ្វះ​នូវ​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។

យោងតាម​ទិន្នន័យ​របស់​អង្គការ​សមាគមធាងត្នោត​ផ្ទៃ​បឹង​តាមោក ឬបឹង​កប់​ស្រូវ​ទំហំ​ជាង ៥១១ហិកតា ត្រូវបាន​កាត់ ខណៈ​ដែល​បឹង​នេះ​មាន​ទំហំ​សរុប​ជាង ៣ ២៣៩ហិកតា​។ បឹងតាមោក ឬបឹង​កប់ស្រូវ គឺ​ជា​បឹង​ធម្មជាតិធំជាង​គេ​នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​នៅ​ភាគ​ខាង​លិច​ឈៀង​ខាង​ជើង​តាម​បណ្តោយ​មហាវិថីឈ្នះឈ្នះ លាត​សន្ធឹង​លើ​ខណ្ឌ​ចំនួន ២ សង្កាត់ចំនួន ៦ និងភូមិចំនួន ២៥៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ