អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អាជ្ញាធរនៅខេត្តជាប់ព្រំដែនពង្រឹងការធ្វើចត្តាឡីស័ក ក្រោយរកឃើញពលករខ្មែរមកពីថៃវិជ្ជមានវីរុសកូវីដ១៩

​ខេត្ត​នៅ​ជាប់​ព្រំដែន​កម្ពុជា​ថៃ​ ​ពង្រឹង​វិធានការ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ហ្មត់ចត់​ចំពោះ​ពលករ​ខ្មែរ​ ​ដែល​ត្រឡប់មក​ពី​ប្រទេស​ថៃ​ ​ក្រោយ​ពី​​​រក​ឃើញ​ពលករ​ខ្មែរ​ចំនួន​ ​១​២​នាក់​មាន​វិជ្ជមាន​កូ​វី​ដ​១​៩​ ​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​មករា​ ​ដើម​ឆ្នាំ​២​០​២​១​នេះ​។​ ​នៅចំពោះមុខ​ការ​ពង្រឹង​ការ​ធ្វើ​ច​ត្តាឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ​នេះ​ ​ខេត្ត​ទាំងនោះ​មាន​រៀបចំ​មណ្ឌល​សម្រាប់​ធ្វើ​ច​ត្តាឡី​ស័ក​គ្រប់គ្រាន់​ ​ដោយមាន​ការ​ជួយ​សម្រួល​ថវិកា​ ​ការរស់នៅ​ប្រចាំថ្ងៃ​ ​ចំពោះ​ពលករ​ដែល​បាន​ធ្វើ​ច​ត្តាឡី​ស័ក​។

ពលករខ្មែរកំពុងឈរតម្រង់ជួរ ដើម្បីចូលមកកាន់ទឹកដីកម្ពុជាវិញ នៅច្រកព្រំដែនកម្ពុជា-ថៃ អូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីពេលផ្ទុះកូវីដ១៩នៅខេត្តសាមុតសាខន លើកដំបូង
ពលករខ្មែរកំពុងឈរតម្រង់ជួរ ដើម្បីចូលមកកាន់ទឹកដីកម្ពុជាវិញ នៅច្រកព្រំដែនកម្ពុជា-ថៃ អូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីពេលផ្ទុះកូវីដ១៩នៅខេត្តសាមុតសាខន លើកដំបូង © FB
ផ្សាយពាណិជ្ជកម្ម

គិតត្រឹមថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២១នេះ ក្នុងចំណោមពលករខ្មែរមកពីប្រទេសថៃចំនួន ៦៩នាក់ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងមណ្ឌលចត្តាឡីស័ក នៅខេត្តប៉ៃលិន គឺមានពលករខ្មែរជាស្រី្តចំនួន ១០នាក់ ដែលមានវីរុសកូវីដ១៩។ លោកស្រីបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃនេះថា ក្នុងការដាក់ឱ្យធ្វើចត្តាឡីស័កចំពោះពលករដែលទើបត្រឡប់មកពីប្រទេសថៃ។ ខេត្តបានរៀបចំទីតាំងសម្រាប់មណ្ឌលធ្វើចត្តាឡីស័កគ្រប់គ្រាន់ហើយ ចំពោះមណ្ឌលធ្វើចត្តាឡីស័កត្រៀម ខណៈដែលនឹងមានពលករមកជាបន្តរបន្ទាប់ទៀតនោះ ក៏បានត្រៀមរួចរាល់ហើយដែរ។

ជាមួយគ្នានេះ ចំពោះកញ្ចប់ថវិកាដែលរដ្ឋាភិបាលកម្ពុជាបានទម្លាក់ទៅខេត្តជាប់ព្រំដែនខ្មែរ-ថៃ កាលពីពេលកន្លងមក សម្រាប់ការធ្វើចត្តាឡីស័កនោះ។ នៅចំពោះមុខខេត្តប៉ៃលិនមិនទាន់មានការខ្វះខាតនៅឡើយទេ ហើយក្រៅពីថវិការដ្ឋឧបត្ថម្ភ ខេត្តប៉ៃលិនក៏មានការជួយបរិច្ចាកពីសប្បុរសជនក្នុងខេត្តផងដែរ។

ស្របគ្នានេះ ខេត្តប៉ៃលិន បានអំពាវនាវឱ្យពលករខ្មែរដែលរស់នៅ ធ្វើការក្នុងប្រទេសថៃទាំងអស់ ប្រសិនជាមានបំណងត្រឡប់មកស្រុកកំណើតវិញ សូមកុំឱ្យមានការភ័យខ្លាចចំពោះ ការធ្វើចត្តាឡីស័កឱ្យសោះ។ សូមកុំជឿតាមការផ្សព្វផ្សាយព័ត៌មានមិនពិតមួយចំនួន ដែលថា មានការចាប់ខ្លួនអីនោះឱ្យសោះ។ ការធ្វើចត្តាឡីស័កនេះ គឺមានកន្លែងសម្រាកក្នុងសណ្ឋាគារទំនើបមួយក្នុងខេត្តប៉ៃលិន តែលោកស្រីអភិបាលខេត្តមិនបញ្ជាក់ឈ្មោះសណ្ឋាគារនោះទេ ហើយបន្តថា កន្លែងធ្វើចត្តាឡីស័កនោះ មានអារហារហូបចុកគ្រប់គ្រាន់ មិនមានការលំបាកអ្វីនោះឡើយ។

ចំពោះខេត្តបាត់ដំបងវិញ តាមរយៈលោកសឿម ប៊ុនរិទ្ធិ អ្នកនាំពាក្យសាលាខេត្តបាត់ដំបង មិនទាន់មានការឆ្លើយតបយ៉ាងណាទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែមិនមានអ្នកទទួល។

សូមរម្លឹកថា ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានរកឃើញពលករខ្មែរមកពីថៃជាស្រី្ត ចំនួន១២នាក់ ដែលមានវិជ្ជមានវីរុសកូវីដ១៩ ក្នុងចំណោមនោះមាន ពលករខ្មែរជាស្រី្ត ២នាក់មានទីលំនៅក្នុងខេត្តបាត់ដំបង និង១០នាក់ទៀតនៅខេត្តប៉ៃលិន។ ក្រោយពីលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ពលករទាងនោះ បានផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជារាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបាន ដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងខេត្តប៉ៃលិន។ សរុបអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួន ៣៧៨នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ១៦នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ