អានតួអត្ថបទ
កម្ពុជា-សង្គម

ពលករចំណាកស្រុកខ្មែរ ឡាវ និងភូមា ត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះធ្វើការស្របច្បាប់២ឆ្នាំនៅប្រទេសថៃ

ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​មក​ពី​ប្រទេស​កម្ពុជា ​ឡាវ​ និង​ភូមា ​ត្រូវ​រដ្ឋាភិបាល​ថៃ​ចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើការ​ និង​ស្នាក់នៅ​ដោយ​ស្រប​ច្បាប់​រយៈពេល​២​ឆ្នាំ​ នៅ​ក្នុង​ប្រទេស​ថៃ​ រួម​ជាមួយ​នឹង​កូនៗ​របស់​ពួកគេ​ផង​ដែរ​។ ការ​សម្រេច​ចិត្ត​របស់​អាជ្ញាធរ​ថៃ​ដូច្នេះ ​គឺជា​ផ្នែក​មួយ​ធ្វើឡើង​ដើម្បី​គ្រប់គ្រង​ និង​តាមដាន​ការ​រីករាលដាល​ នៃ​ជំងឺ​កូវីដ១៩​ ដែល​ពេល​នេះ​ កំពុង​ផ្ទុះ​ចេញ​ពី​ក្នុង​ចំណោម​ពលករ​ចំណាក​ស្រុក​នៅ​ខេត្ត​សាមុតសាខន​។

ការត្រួតពិនិត្យសីតុណ្ហភាពពលករខ្មែរធ្វើការនៅខេត្តខនកេន
ការត្រួតពិនិត្យសីតុណ្ហភាពពលករខ្មែរធ្វើការនៅខេត្តខនកេន © Internet
ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១ ពលករចំណាកស្រុកបរទេសខុសច្បាប់ ទាំង៣សញ្ជាតិ មានកម្ពុជា ឡាវ និងភូមា នឹងត្រូវបានអនុញ្ញាតឲ្យដាក់ពាក្យសុំធ្វើការងារ និងស្នាក់នៅស្របច្បាប់ក្នុងប្រទេសថៃរយៈពេល២ឆ្នាំ តាមរយៈនិយោជករបស់ពួកគេ។

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin អំឡុងពេលសន្និសីទកាសែតមួយនាដើមសប្តាហ៍នេះ បានថ្លែងថាការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ គឺធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមរយៈការធ្វើឲ្យប្រសើរឡើងនៃសុខភាពរបស់ពលករចំណាកស្រុក ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃម្សិលមិញ។

ទាក់ទងទៅនឹងចំណាត់ការរបស់អាជ្ញាធរថៃដូច្នេះ អ្នកនាំពាក្យក្រសួងការងារកម្ពុជា លោក ហេង សួរ បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ជាយន្តការមួយដែលមានការស្វាគមន៍ និងស្របតាមការស្នើសុំរបស់ក្រសួងការងារកម្ពុជាផងដែរ។

តាមការប្រកាសរបស់អាជ្ញាធរថៃ ពលករត្រូវឆ្លងកាត់ការពិនិត្យសុខភាពរកកូវីដ១៩ ទិញធានារ៉ាប់រងតម្លៃ២ពាន់បាត ក្នុងម្នាក់រយៈពេល១ឆ្នាំ និងត្រូវបង់ថ្លៃចុះឈ្មោះប័ណ្ណការងារជិត២ពាន់បាតទៀត ដែលជាបន្ទុករបស់និយោជក។

សូមបញ្ជាក់ថាប្រទេសកម្ពុជាបានខកខានបញ្ជូនពលករតាមកិច្ចព្រមព្រៀង MOU ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២០កន្លងមក នៅពេលដែលប្រទេសថៃបានបិទព្រំដែន ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩។ ទោះយ៉ាងណា ពលករខុសច្បាប់ខ្មែរ នៅតែអាចចេញចូលបានទៅក្នុងប្រទេសថៃ តាមច្រករបៀងផ្សេងៗជាប់ព្រំដែនជាមួយថៃ ដោយពលករខ្លះត្រូវបានថៃចាប់បញ្ជូនមកកម្ពុជាវិញ។ ហើយចុងក្រោយនេះ ពលករខ្មែរជិត២០ បានឆ្លងកូវីដ១៩ ក្រោយការផ្ទុះនៅក្នុងខេត្តសាមុត សាខន ប្រទេសថៃ កាលពីសប្តាហ៍កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ