អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អាជ្ញាធរថៃរកឃើញពលរដ្ឋខ្មែរឆ្លងជំងឺកូវីដ១៩ ជាង១០០នាក់

អាជ្ញាធរ​ថៃ​ បាន​រក​ឃើញ​ពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ចំនួន​១០៨​នាក់​ គិត​ត្រឹម​ថ្ងៃ​ពុធ​ទី​០៦​ខែ​មករា​ម្សិលមិញ​។ នេះ​បើ​យោង​តាម​របាយការណ៍​ស្តី​ពី​ស្ថានភាព​ជំងឺ​កូវីដ១៩​ ចេញ​ផ្សាយ​ជា​ប្រចាំ​ថ្ងៃ​ដោយ​ក្រសួង​សុខាភិបាល​ថៃ​។ តែ​យ៉ាង​ណា​មិញ​ពលរដ្ឋ​ខ្មែរ​ទាំង​១០៨​នាក់​នោះ ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​អត្តសញ្ញាណ​ថា​ជា​ពលករ​ខ្មែរ​ទាំងអស់​ ឬ​ជា​អ្នក​ណា​ផ្សេង​ទៀត​ ពី​រដ្ឋាភិបាល​កម្ពុជា​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ ថា​ ស្ថានទូត​កម្ពុជា​និង​អាជ្ញាធរ​ថៃ ​កំពុង​ធ្វើការ​លើ​បញ្ហា​នេះ​។

ពលករដែលធ្វើការនៅខេត្តសាមុតសាខន ត្រូវបានដឹកទៅធ្វើតេស្ត
ពលករដែលធ្វើការនៅខេត្តសាមុតសាខន ត្រូវបានដឹកទៅធ្វើតេស្ត AP - Gemunu Amarasinghe
ផ្សាយពាណិជ្ជកម្ម

គេហទំព័រចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពជំងឺកូវីដ១៩ DDC របស់ក្រសួងសុខាភិបាលសាធារណៈថៃ បានបង្ហាញឲ្យដឹងថា មានពលរដ្ឋខ្មែរចំនួន១០៨នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ គិតត្រឹមការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅយប់ថៃ្ងទី០៦មករា ម្សិលមិញ។

ក្រៅតែពីការឃើញរកវិជ្ជមានជំងឺកូវីដ១៩ទៅលើពលរដ្ឋខ្មែរដែលស្នាក់នៅប្រទេសថៃចំនួន១០៨នាក់នោះ មានប្រជាជនថៃចំនួន៥៤៤៧នាក់ ភូមា៦២៣នាក់ ឥណ្ឌា៨២នាក់ និងជនជាតិផ្សេងៗទៀតជាង១០០០នាក់ ក៏ត្រូវបានរកឃើញថាមានវិជ្ជមានជំងឺកូវីដ១៩ដែរ។ នេះបើតាមរបាយការណ៍របស់ DDC។

នៅចំពោះមុខបញ្ហានេះ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅល្ងាចនេះ ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃកំពុងធ្វើការផ្ទៀងផ្ទាត់ករណីនេះជាមួយអាជ្ញាធរថៃ ហើយស្ថានទូតកំពុងតាមដាននិងយកចិត្តទុកដាក់បំផុតដល់ពលរដ្ឋខ្មែរ ក៏ដូចជាពលករខ្មែរទាំងអស់ដែលកំពុងស្ថិតនៅក្នុងប្រទេសថៃបច្ចុប្បន្ន។ ប្រសិនបើមានបញ្ហានេះមែន ពលករខ្មែរ ព្រមទាំងពលករបរទេសទាំងអស់នឹងទទួលបានការព្យាបាលដោយគ្មានការគិតថ្លៃដូចប្រជាជនថៃផងដែរ។ នេះជាការបញ្ជាក់របស់លោក កុយ គួង។

គិតមកទល់ថ្ងៃនេះ ករណីវិជ្ជមានជំងឺកូវី១៩នៅប្រទេសថៃ មានការកើនឡើងរហូតដល់ ៩៣៣១នាក់។ ការកើនឡើងនេះមានសន្ទុះខ្លាំងបន្ទាប់ពីករណីរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ១៩លើស្រ្តីម្នាក់នៅឯផ្សារបង្គារ ម៉ាហាឆៃ ខេត្តសាមុតសាខន កាលពីថ្ងៃទី១៧ធ្នូ ដែលអាជ្ញាធរថៃបានកំណត់ចង្អុលខ្ពស់ទៅលើពលករចំណាកស្រុកទៅធ្វើការនៅប្រទេសខ្លួន។

ក្រោយពីការផ្ទុះជាលក្ខណៈសហគមន៍នេះ មានពលករខ្មែរជាង៥០០០នាក់បានចូលមកកាន់ប្រទេសកម្ពុជាវិញ។ ហើយជាមួយគ្នានេះកម្ពុជាចាប់ផ្តើមរកឃើញពលករវិជ្ជមានកូវីដ១៩ ២ករណីនៅថ្ងៃទី៣១ធ្នូកន្លង និងមកដល់ថ្ងៃទី៧មករា ក្រសួងសុខាភិបាលកម្ពុជាមានរកឃើញពលករខ្មែរដែលត្រលប់មកពីថៃវិញ មានវិជ្ជមានកូវីដ១៩សរុបចំនួន២០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ