អានតួអត្ថបទ

កូវីដ១៩៖អាជ្ញាធរថៃបិទទាំងស្រុងមិនឲ្យអាជីវករខ្មែរចូលទៅផ្សាររោងក្លឿចាប់ពីថ្ងៃទី១០មករា

ចាប់ពីថ្ងៃ​១០​មករានេះតទៅ ​អាជ្ញាធរថៃ​បានបិទទាំងស្រុង​មិនឲ្យអាជីវករ​ខ្មែរ​បើករថយន្ត​ចូលទៅ​ដឹកជញ្ជូន​ និង​ត្រួតពិនិត្យ​ទំនិញ​នៅផ្សាររោងក្លឿ​ទៀតឡើយ​ ក្រោម​ហេតុផល​កូវីដ១៩​កំពុងផ្ទុះឡើង​នៅក្នុង​សហគមន៍​ប្រទេសថៃ​។​ វិធានការ​តឹងរឹង​របស់អាជ្ញាធរថៃ​បែបនេះ ​ធ្វើឡើង​មិនមាន​តុល្យភាព​ជាមួយភាគីកម្ពុជា​ឡើយ​។ បើតាម​មន្ត្រី​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ​ប្រចាំខេត្ត​បន្ទាយមានជ័យ ​រថយន្តដឹកទំនិញ​របស់ភាគីថៃ​នៅតែ​អាច​ចូលកម្ពុជា​បានរាប់រយ​គ្រឿងក្នុង​មួយថ្ងៃៗ​។

កូវីដ១៩៖អាជ្ញាធរថៃបិទទាំងស្រុងមិនឲ្យអាជីវករខ្មែរចូលទៅផ្សាររុងក្លឿចាប់ពីថ្ងៃទី១០មករា។
កូវីដ១៩៖អាជ្ញាធរថៃបិទទាំងស្រុងមិនឲ្យអាជីវករខ្មែរចូលទៅផ្សាររុងក្លឿចាប់ពីថ្ងៃទី១០មករា។ © FB
ផ្សាយពាណិជ្ជកម្ម

ការដែល​អាជ្ញាធរថៃ​បិទ​ទាំងស្រុង​មិនឲ្យ​អាជីវករខ្មែរ​ចូលទៅផ្សាររោងក្លឿ​ក្នុងទឹកដី​ថៃ​នៅពេលនេះ​គឺ​ធ្វើឲ្យប៉ះពាល់​កាន់ធ្ងន់ធ្ងរ​ថែមមួយ​កម្រិត​ទៀត ​ដល់សេដ្ឋកិច្ច​របស់​ពលរដ្ឋខ្មែរ​ដែលរស់​នៅតាម​បន្ទាត់ព្រំដែន​។​ នេះជាការព្រួយបារម្ភ​របស់ ​លោក ឌិន ពុទ្ធី ​ប្រធាន​​សមាគម​ពង្រឹង​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធកម្ពុជា​។

​នេះមិន​មែនជាលើកទី១​ទេ ​ដែលអាជ្ញាធរ​ថៃបា​ន​បិទទាំងស្រុង​មិន​ឲ្យ​អាជីវករ​ខ្មែរចូលទៅ​ផ្សាររោងក្លឿ​។​ កាលពី​ខែមីនា​ឆ្នាំ២០២០​រហូតដល់​ខែកក្កដា ​ទំនិញ​របស់​អាជីវករ​ខ្មែរ​ ត្រូវបាន​ជាប់គាំង​នៅផ្សារ​ជាប់ព្រំដែន​មួយនេះ ​ដោយសារតែការ​បិទព្រំដែន​ក្រោមហេតុផល​កូវីដ១៩​។​ ​ប៉ុន្តែនៅ​ពាក់កណ្តាល​ខែកក្កដា២០២០​ អាជ្ញាធរកម្ពុជា​បានចរចា​ជាមួយ​ភាគីថៃ​សុំបើក​ព្រំដែន​ឡើងវិញ​។ ​តែភាគី​ថៃ​នៅតែ​មិន​ព្រមបើកព្រំដែន​ទាំងស្រុង​ឡើយ​ ពោល​គឺភាគី​ថៃ​អនុញ្ញាត​ឲ្យរថយន្ត​ដឹកទំនិញ​របស់អាជីវករ​ខ្មែរតែ​ចំនួន​៥០​គ្រឿងប៉ុណ្ណោះ​ចូលទឹក​ថៃក្នុង​មួយថ្ងៃ។​

លោក ​ឌិន ពុទ្ធី ​ហៅវិធានការ​តឹងរឹង​របស់​អាជ្ញាធរថៃ​ចាប់ពីថ្ងៃ​១០​មករានេះ​ទៅថា ​ធ្វើឡើង​មិន​មានតុល្យភាព​ជាមួយ​ភាគី​កម្ពុជា​ឡើយ​។​ បើតាម​មន្ត្រី​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធរូបនេះ ​រថយន្តដឹកទំនិញ​របស់​ភាគីថៃ​នាពេល​កន្លងទៅ ​បានចូលមក​កម្ពុជា​រាប់រយគ្រឿង​ក្នុងមួយថ្ងៃៗ ​ក្នុងរយៈចំងាយ​ពី​៥​ទៅ​១០​គីឡូម៉ែត្រ ហើយ​ថែមទាំង​មានជនជាតិ​ថៃជាអ្នកបើក​រថយន្ត​ចូលដោយ​ផ្ទាល់ទៀតផង​។

យ៉ាងណាក៏​ដោយ​ លោក លី សារី ​អ្នកនាំពាក្យ​សាលាខេត្ត​បន្ទាយមានជ័យ​ អះអាង​ថា ​រថយន្តថៃ​អាច​ចូលកម្ពុជា​បានត្រឹម​កន្លែងដោះដូរ​ទំនិញ​នៅតាម​ព្រំដែន​ ហើយជា​ទំនិញ​ដូចជា ​ដែក ​និង​ស៊ីម៉ង់ ​ប៉ុណ្ណោះ។ ​នៅក្រោមហេតុផល​កូវីដ១៩​ដែល​អាជ្ញាធរថៃ​ផ្អាកទាំងស្រុង​មិន​ឲ្យ​រថយន្ត​របស់​អាជីវករ​ខ្មែរ​៥០​គ្រឿង​ចូលទៅផ្សារ​រោងក្លឿ​នៅពេលនេះ ​អ្នកនាំពាក្យ​ដដែលយល់​ថា​ វិធានការ​នេះគឺ​មិនមានពេល​កំណត់ទេ ​តែលោក​ថាយ៉ាងយូរ​បិទត្រឹមរយៈ​១​ខែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ