អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងបរិស្ថានបង្ក្រាបបទល្មើសធនធានធម្មជាតិកើនឡើង៣០% ក្នុងឆ្នាំ២០២០

ក្រសួង​បរិស្ថាន​បាន​បង្ហាញ​ពី​មោទនភាព​ ដោយ​កាល​ពី​ឆ្នាំ​២០០០​ កន្លង​ទៅ​ថ្មីៗ​នេះ ​ក្រសួង​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ មាន​លទ្ធផល​ជា​វិជ្ជមាន​ច្រើន​ គឺ​កើន​លើស​ឆ្នាំ​២០១៩ ​ប្រមាណ​ជា​៣០%​។ លទ្ធផល​ដែល​ក្រសួង​បរិស្ថាន​សម្រេច​បាន​ដូច្នេះ ​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​នេះ​ បញ្ជាក់​ថា​ ជា​ការ​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ ​និង​ការ​ជម្រុញ​ការងារ​អភិរក្ស​ដ្ឋាន​កាន់​តែ​ប្រសើរ​ឡើង​។

បទល្មើសកាប់ព្រៃឈើដែលមន្រ្តីបរិស្ថានបង្រ្កាបបាន
បទល្មើសកាប់ព្រៃឈើដែលមន្រ្តីបរិស្ថានបង្រ្កាបបាន © FB
ផ្សាយពាណិជ្ជកម្ម

ទាំងចំនួនល្បាត និងចំនួនបទល្មើសដែលបង្ក្រាបបានសុទ្ធតែមានការកើនឡើងដូចគ្នា ដោយពេញមួយឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន បង្ក្រាបបានបទលើ្មសចំនួនជាង៨៩០០ករណី គឺមានការកើនឡើងចំនួន៣៤៤២ករណី ធៀបនឹងឆ្នាំ២០១៩ ដែលមានត្រឹម ជាង៥៤០០ករណីប៉ុណ្ណោះ។ ក្នុងចំណោមបទល្មើសទាំងនេះ មាន៦០៥ករណី ត្រូវបានបញ្ជូនទៅកាន់តុលាការ និងមានការផាកពិន័យអន្តរការណ៍ចំនួនជាង៨០០ករណី ព្រមទាំងរឹបអូសបានសម្ភារៈធ្វើសកម្មភាពប្រព្រឹទ្ធបទល្មើសជាច្រើនទៀត។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ការបង្ក្រាប និងទប់ស្កាត់បទល្មើសមានការកើនឡើង គឺជាការបង្ហាញពីការអនុវត្តច្បាប់ កាន់តែមានប្រសិទ្ធភាព និងបង្ហាញពីការខិតខំរបស់មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិ ក្នុងការការពារព្រៃឈើ និងជីវៈចម្រុះ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បញ្ជាក់ថាបទល្មើសដែលសមត្ថកិច្ចបរិស្ថានបង្ក្រាបបានទាំងនេះ ភាគច្រើនជាបទល្មើសលួចកាប់ឈើ ការទន្រ្ទានកាន់កាប់ដីព្រៃខុសច្បាប់ ការបរបាញ់សត្វ និងការដាក់អន្ទាក់ចាប់សត្វ។

ដោយឡែក លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលដើម្បីកម្ពុជា(NGOs Forum) ថ្លែងថា លោកគាំទ្រដល់ការប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ក៏ប៉ុន្តែលោក វណ្ណារ៉ា ស្នើឲ្យរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន ផ្តល់ការគាំទ្រ និងផ្តល់ជំនួយបន្ថែមទៀត ដល់សហគមន៍ប្រជាពលរដ្ឋដែលមានយន្តការស្រាប់ ដូចជាសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ សហគមន៍នេសាទ អេកូទេសចរណ៍ និងសហគមន៍ចុះបញ្ជីដីធ្លីជនជាតិដើមភាគតិច។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ ក្រសួងបរិស្ថានបានដាក់ពង្រាយមន្ត្រីឧទ្យានុរក្សរបស់ខ្លួនចំនួន១២០០នាក់ ដែលបំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ បានធ្វើការចុះល្បាតតំបន់ការពារធម្មជាតិសរុបចំនួន ជាង២៧ ០០០លើក កើនឡើងលើសឆ្នាំ២០១៩ ជាង៣៥០០លើក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ