អានតួអត្ថបទ
កម្ពុជា-ពលករ

កូវីដ១៩៖ អាជ្ញាធរថៃអំពាវនាវឲ្យពលករទាំងអស់ចុះឈ្មោះធ្វើប័ណ្ណស្នាក់នៅស្របច្បាប់ក្នុងប្រទេសថៃ

អាជ្ញាធរ​ថៃបាន​អំពាវនាវ​ឲ្យ​ពលករ​ទាំងអស់​ ​រួម​ទាំង​ពលករកម្ពុជា​ផង​ ​ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ​ទៅ​ចុះឈ្មោះ​ធ្វើ​ប័ណ្ណ​ស្នាក់​នៅ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ ​ដើម្បី​ច្រៀ​ស​វាង​ការ​ដាក់ទោស​ពី​អាជ្ញាធរ​ថៃ​។​ ​ការ​ចេញ​មក​អំពាវនាវ​ជាថ្មី​ម្តងទៀត​នេះ​ ​គឺ​ធ្វើឡើង​ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​បន្ត​នូវ​ជំងឺ​កូ​វី​ដ​១​៩​នៅ​ក្នុង​ប្រទេស​ថៃ​ ​និង​ដើម្បីឲ្យ​អាជ្ញាធរ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​តាមដាន​សុខភាព​ពលករ​ទាំងនោះ​។​ ​នេះ​បើ​យោង​តាម​កាសែត​ ​បាងកក​ប៉ុស្តិ៍​ ​ចុះផ្សាយ​នៅ​ថ្ងៃចន្ទ​ទី​១​៨​មករា​នេះ​។​ 

ពលករដែលធ្វើការនៅខេត្តសាមុតសាខន ត្រូវបានដឹកទៅធ្វើតេស្ត
ពលករដែលធ្វើការនៅខេត្តសាមុតសាខន ត្រូវបានដឹកទៅធ្វើតេស្ត AP - Gemunu Amarasinghe
ផ្សាយពាណិជ្ជកម្ម

លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ស្ថានភាពកូវីដ១៩ថៃ កាលពីម្សិលមិញបានចេញមកអំពាវនាវឲ្យពលករទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសថៃ ទៅចុះឈ្មោះស្នើសុំប័ណ្ណស្របច្បាប់ពីក្រសួងការងារថៃ។

បើតាមអ្នកនាំពាក្យ ការធ្វើបែបនេះ គឺដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ជាបន្តដោយមិនដឹងប្រភព ព្រោះថាបើតាមការសន្និដ្ឋានមានពលករកំពុងធ្វើការនៅប្រទេសថៃ ប្រមាណជាង៥ម៉ឺននាក់ ជាពលករខុសច្បាប់ ដែលជាបញ្ហាបារម្ភរបស់អាជ្ញាធរថៃ ក្នុងការតាមដានពួកគេ។

ក្នុងចំណោមពលករខុសច្បាប់ទាំងអស់ រួមមានពលករមកពីប្រទេសកម្ពុជា ពលករមកពីប្រទេសភូមា និងប្រទេសឡាវ ត្រូវទៅធ្វើការចុះឈ្មោះសុំប័ណ្ណស្របច្បាប់ ចាប់ពីដើមខែមករាដល់ថ្ងៃទី១៣កុម្ភៈ ហើយអាជ្ញាធរនឹងមិនពិន័យ ឬដាក់ទោសទណ្ឌលើពួកគេនោះឡើយនៅក្នុងស្ថានការណ៍នៃជំងឺកូវីដ១៩។

បើតាមអ្នកនាំពាក្យដដែរ វិធានការបែបនេះ គឺដើម្បីគ្រប់គ្រងស្ថានការណ៍ឆ្លងនៃជំងឺកូវី១៩ឲ្យបានល្អប្រសើរ និងធ្វើឲ្យអាជ្ញាធរមានភាពងាយស្រួលនៅក្នុងការតាមដានសុខភាពពួកគេ។ ទន្ទឹមនេះដែរ ក្រោយពីការចុះឈ្មោះសុំភាពស្របច្បាប់រួច ពលករទាំងអស់នឹងអាចស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃដោយស្របច្បាប់ចំនួន២ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក Taweesilp Visanuyothin។

គិតមកទល់ពេលនេះ ក្រសួងសុខាភិបាលថៃ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ មានរហូតដល់ ១២ ០៥៤នាក់ ស្លាប់៧០នាក់ និងកាលពីថ្ងៃទី១៧ ខែមករា ម្សិលមិញ អាជ្ញាធរថៃបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ៣៧៤នាក់។

រាប់ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ១៩ជាសហគមន៍នៅខេត្តសាមុត សាខន កាលពីខែធ្នូកន្លងទៅ ពេលនេះខេត្តចំនួន៦១ទៀត ក៏ត្រូវបានរកឃើញថាមានអ្នកវិជ្ជមានជំងឺកូវី១៩ដែរ លើកលែងតែខេត្តចំនួន១៦ប៉ុណ្ណោះ មិនទាន់មានការរកឃើញ។

ជាមួយគ្នានេះ ពលករចំណាកស្រុកកម្ពុជា ក៏ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ផងដែរ ទាំងនៅក្នុងប្រទេសថៃ និងពលករដែលត្រលប់ចូលមកកម្ពុជាវិញ។ អាជ្ញាធរកម្ពុជា បានរកឃើញពលករខ្មែរចំនួន៦៩នាក់ បានឆ្លងជំងឺកូវីដ១៩ ក្រោយត្រលប់មកពីប្រទេសថៃ ចាប់តាំងពីមានការផ្ទុះកូវីដ១៩ជាសហគមន៍ នៅខេត្តសាមុត សាខន កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ