អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កូវីដ១៩៖ អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម ថាកំពុងត្រៀមខ្លួនទប់ស្កាត់បានល្អ ខណៈអ្វីដែលព្រួយបារម្ភគឺការចេញចូលតាមច្រករបៀង

អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​នៅ​តាម​បណ្តា​ខ្សែ​បន្ទាត់​ជាប់​ព្រំ​ប្រទល់​ជាមួយ​ប្រទេស​វៀតណាម​ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា​ ខ្លួន​បាន​រៀបចំ​វិធានការ​ទប់ស្កាត់​យ៉ាង​ខ្ជាប់ខ្ជួន​នៅ​ចំពោះ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ថ្មី​ពី​ប្រទេស​វៀតណាម​។ ការ​អះអាង​អំពី​វិធានការ​តឹងរឹង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ដាក់​ចេញ​បញ្ជា​ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​និង​ការ​អំពាវនាវ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​។

កូវីដ១៩៖អាជ្ញាធរថៃបិទទាំងស្រុងមិនឲ្យអាជីវករខ្មែរចូលទៅផ្សាររុងក្លឿចាប់ពីថ្ងៃទី១០មករា។
កូវីដ១៩៖អាជ្ញាធរថៃបិទទាំងស្រុងមិនឲ្យអាជីវករខ្មែរចូលទៅផ្សាររុងក្លឿចាប់ពីថ្ងៃទី១០មករា។ © FB
ផ្សាយពាណិជ្ជកម្ម

ក្រោយការផ្ទុះជំងឺកូវីដ១៩ប្រភេទថ្មីនៅប្រទេសវៀតណាម កាលពីពេលថ្មីៗកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាលបានអំពាវនាវឲ្យអាជ្ញាធរតាមបណ្តាខេត្តនៅជាប់ព្រំដែនជាមួយប្រទេសវៀតណាម មានចំណាត់ការឲ្យបានតឹងរ៉ឹងក្នុងការបង្ការហានិភ័យឆ្លងជំងឺនេះ ចូលមកកម្ពុជា ស្របពេលដែលពិធីបុណ្យចូលឆ្នាំវៀតណាមនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។

នៅចំពោះមុខការទប់ស្កាត់ លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា ខេត្តរតនគិរីបានចាត់ចែងវិធានការទប់ស្កាត់ តាំងពីជំងឺកូវីដ១៩បានយាយីកម្ពុជាពីឆ្នាំ២០២០មក។ ក៏ប៉ុន្តែនៅខណៈនេះ វិធានការមួយចំនួនបន្ថែម ដែលត្រូវដាក់ចេញបន្ថែម គឺការត្រួតពិនិត្យអ្នកដែលចេញទៅទទួលសេវាសុខាភិបាលនៅឯប្រទេសវៀតណាម និងណែនាំដល់ក្រុមហ៊ុនអាជីវកម្មវៀតណាមមួយចំនួនឲ្យមានការចូលរួមទប់ស្កាត់ការចម្លងជំងឺនៅពេលដឹកទំនិញចេញចូលកម្ពុជា-វៀតណាម តាមច្រកទ្វារអន្តរជាតិអូយ៉ាដាវ។ បើតាមអភិបាលរង អ្វីដែលគួរឲ្យព្រួយបារម្ភ និងទាមទារឲ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមនោះ គឺការចេញចូលនៅតាមច្រករបៀងតូចៗនៅក្នុងខេត្ត ធ្វើយ៉ាងដើម្បីទប់ស្កាត់ការចេញចូលនៅក្នុងពិធីបុណ្យចូលឆ្នាំវៀតណាមប៉ុន្មានថ្ងៃខាងមុខ។

លោក លី សាវេត អភិបាលខេត្តតាកែវ បានប្រាប់វិទ្យុបារាំងអន្តរជាតិឲ្យដឹងដែរថា អាជ្ញាធរខេត្តក៏បានរៀបចំទប់ស្កាត់ការឆ្លងជំងឺតាមខ្សែបន្ទាត់ព្រំដែននេះរយៈពេលមួយឆ្នាំមកហើយ តែក្រោយការផ្ទុះរាលដាលជាសហគមន៍នៅវៀតណាមពេលនេះ អាជ្ញាធរខេត្តបានដាក់វិធានការជាបន្តបន្ទាប់ដែរ។ លោក លី សាវេត បានគូសបញ្ជាក់ដែរថា យន្តការរបស់អាជ្ញាធរនៅពេលនេះ គឺទី១ ណែនាំឲ្យបញ្ឈប់សកម្មភាពអាជីវកម្មតាមទូកនិងរថយន្តឈ្នួលជាបណ្តោះអាសន្ន ទី២ បង្កើនកងកម្លាំងតាមខ្សែព្រំដែនដើម្បីត្រួតពិនិត្យការចេញចូលឲ្យបានម៉ត់ចត់ និងអ្វីដែលចាំបាច់នោះ គឺការត្រៀមមណ្ឌលចត្តាឡីស័កបន្ថែមទៀតនៅតាមបណ្តាស្រុកដែលនៅជាប់ព្រំដែនជាមួយវៀតណាម ខណៈដែលលំហូរអ្នកចេញចូលនៅឯច្រកអន្តរជាតិភ្នំដិន ស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។

ចំណែកឯខេត្តព្រៃវែងនិងខេត្តស្វាយរៀង ដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមដែរនោះ ក៏បានអះអាងស្ថានការណ៍នៅចំពោះមុខពេលនេះ អាជ្ញាធរបានរៀបចំចាត់ចែង និងដាក់ការត្រួតពិនិត្យបានម៉ត់ចត់ ក្រោយការអំពាវនាវពីប្រមុខរដ្ឋាភិបាលកម្ពុជា។ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា ស្ថានការណ៍នៅអំឡុងពេលប៉ុន្មានថ្ងៃនៅច្រកអន្តរជាតិបាវិត នៅមានសភាពជាប្រក្រតី តែយ៉ាងណាអាជ្ញាធរក៏បានរៀបចំត្រួតពិនិត្យ ព្រមទាំងដាក់អ្នកដំណើរមួយចំនួនដែលឆ្លងកាត់ឲ្យធ្វើចត្តាឡីស័ក ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល។ បើតាមលោក រស់ ផារិទ្ធ អ្នកដំណើរដែលឆ្លងកាត់ច្រកអន្តរជាតិបាវិត ភាគច្រើនជាសិក្ខាកាមដែលត្រូវទៅសិក្សានៅប្រទេសវៀតណាម និងបានចូលត្រលប់ចូលមកកម្ពុជាវិញ មួយរយៈក្រោយមកនេះ។

សូមបញ្ជាក់ជូនថា ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន ព្រមទាំងក្រសួងសុខាភិបាល កាលពីម្សិលមិញ បានអំពាវនាវឲ្យអាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែនជាមួយវៀតណាម មានការបង្កើនវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ថ្មី ក្រោយវៀតណាមផ្ទុះការឆ្លងនេះជាសហគមន៍។ ហើយកម្ពុជាមានខេត្តចំនួន៩ដែលជាប់ព្រំប្រទល់នឹងប្រទេសវៀតណាម រួមមាន ខេត្តកណ្តាល កំពត តាកែវ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ រតនគិរី និងមណ្ឌលគិរី ដែលត្រូវត្រៀមបង្ការការឆ្លងពីវៀតណាម ខណៈដែលពិធីបុណ្យចូលឆ្នាំចិន វៀតណាម នឹងធ្វើឡើងនៅថ្ងៃសុក្រទី១២សប្តាហ៍ក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ