អានតួអត្ថបទ
កម្ពុជា-សង្គម

លោក អ៊ួច ឡេង និងសកម្មជនបរិស្ថាន៤នាក់ទៀតត្រូវបានដោះលែងវិញហើយនៅថ្ងៃនេះ

នៅទីបំផុត លោក អ៊ួច ឡេង និងសកម្មជន​បរិស្ថាន​ចំនួន​៤នាក់​ទៀត ត្រូវបាន​ដោះលែង​វិញ​ហើយ​នៅព្រឹក​ថ្ងៃ​ចន្ទនេះ បន្ទាប់ពីបានឃាត់ខ្លួនអស់រយៈពេល៧២ម៉ោង។ ការដោះលែង​នេះ​គឺក្រោយពី​តុលការ​បានធ្វើ​ការសាកសួរ និង​ឲ្យពួកគេធ្វើ​កិច្ច​សន្យា​ដូចកាលពីឆ្នាំមុនដែរ ពោលតម្រូវឲ្យលោក អ៊ួច ឡេង ត្រូវ​ទៅ​ចុះបញ្ជីអង្គការ​របស់ខ្លួននៅក្រសួងមាន​សមត្ថកិច្ចជាមុនសិន មុននឹងធ្វើ​សកម្មភាព ហើយការចុះ​ធ្វើ​សកម្មភាព គឺត្រូវ​មាន​ការ​សហការ​ពីមន្ត្រី​បរិស្ថាន។

លោក អ៊ួច ឡេង និងសកម្មជនបរិស្ថានចំនួន៤នាក់ទៀត ត្រូវបានដោះលែងពាក់ព័ន្ធនឹងបញ្ហាព្រៃឈើ
លោក អ៊ួច ឡេង និងសកម្មជនបរិស្ថានចំនួន៤នាក់ទៀត ត្រូវបានដោះលែងពាក់ព័ន្ធនឹងបញ្ហាព្រៃឈើ © សហការី
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក សឹង សែនករុណា ដែល​បានតាម​ដាន​យ៉ាង​ដិតដល់​ករណីឃាត់ខ្លួន សកម្មជនបរិស្ថានទាំង៥នាក់នេះ ប្រាប់វិទ្យុ​បារាំងអន្តរជាតិRFIថា តំណាង​អយ្យការ​មិន​បាន​ចោទ​ប្រកាន់​អ្នកទាំងនោះក្នុង​បទល្មើសណាមួយទេ ពោលអនុញ្ញាតឲ្យពួកគេ​មានសេរីភាព​​ពេញ​លេញ។ ប៉ុន្តែ​លោកថា សកម្មជនបរិស្ថាន រួមទាំង លោក អ៊ួច ឡេង គឺត្រូវបាន​តុលាការ​តម្រូវ​ឲ្យ​ចុះ​កិច្ច​សន្យា​ជាមួយមន្ត្រី​បរិស្ថាន និង​តំណាង​អយ្យការ ដោយ​ត្រូវ​សហការគ្នា និងហាមមិនឲ្យចូលទៅតំបន់​អភិរក្ស​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយមិន​ត្រូវ​យក​សម្ភារៈទៅថតរូបភាពនៅតំបន់ការពារ និងត្រូវទៅ​ចុះបញ្ជីអង្គការជាមុនសិនមុននឹងធ្វើ​សកម្មភាព។

បើតាម​មន្ត្រីសិទ្ធិមនុស្សរូបនេះ ការ​ឃាត់​ខ្លួនសកម្មជនទាំងនោះ អស់រយៈពេល​៧២ម៉ោងជាលើកទី២នេះ គឺធ្វើ​ឲ្យ​បាក់ទឹក​ចិត្ត​ដល់​យុវជនផ្សេងទៀត ​ដែលពួកគេ​ស្រឡាញ់​បរិស្ថាន ហើយធ្វើការ​ល្បាត​ព្រៃ​ដោយ​​ស្ម័គ្រចិត្ត​តែបែរជារងការ​ស្តី​បន្ទោសទៅវិញ។

យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ បាន​ថ្លែងថា ការ​សម្រេច​ដោះលែង​សកម្មជន​ទាំង៥នាក់នោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។

ប៉ុន្តែតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃទី៧កុម្ភៈអ្នកនាំពាក្យក្រសួងបរិស្ថានបានហៅសកម្មជន​បរិស្ថាន៥នាក់នោះថាក្រុមជនល្មើស និងថាបានធ្វើសកម្មភាពផ្សេងៗក្នុងតំបន់ការពារធម្មជាតិដោយគ្មានច្បាប់អនុញ្ញាតដើម្បីផលិតរូបភាពផ្សេងៗ និងធ្វើរបាយការណ៍ បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាដើម្បីស្វះស្វែង​រកជំនួយដើម្បីក្រុមបក្ខពួកខ្លួន។

សូមបញ្ជាក់ថា ក្នុង​រយៈ​ពេលមិនដល់​​១ឆ្នាំផង លោក អ៊ូច ឡេង ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង ប្រជាសហគមន៍​ព្រៃ​ឡង់ ត្រូវបាន​ឃាត់​ខ្លួនជាលើកទី២។ កាលពី​ថ្ងៃ​ទី១៣ ខែ​មីនា២០២០ លោក អ៊ូច ឡេង និងសកម្មជន៣នាក់ទៀតក៏ត្រូវបានសន្តិសុខក្រុមហ៊ុនស៊ីងបាយអូថេក​ឃាត់​ខ្លួននៅ​គ្រា​ដែល​ពួកគេ​ចុះ​ស៊ើបអង្កេត​អាជីវកម្ម​ឈើក្នុង​តំបន់​ព្រៃឡង់ រួចបញ្ជួនទៅ​កាន់តុលាការនៅ​​ថ្ងៃ​ទី១៥ខែ​មីនា។ មួយថ្ងៃក្រោយមក ពួកគេត្រូវបាន​ដោះលែង​វិញ ដោយធ្វើកិ​ច្ច​សន្យា តម្រូវឱ្យលោក ​អ៊ូច ឡេង ទៅចុះបញ្ជីអង្គការនៅក្រសួងជាមុ​ន​សិន មុននឹងធ្វើសក​ម្មភាព​ប​ន្តទៀ​ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ