អានតួអត្ថបទ
កម្ពុជា-សង្គម

ពលករខ្មែរនៅថៃនឹងប្រឈមបញ្ហាផ្លូវច្បាប់ ខណៈដែលការចុះបញ្ជីពលករស្របច្បាប់ជិតផុតកំណត់

ពលករ​ខ្មែរ​នៅ​ថៃ​ប្រមាណ​១៣​ពាន់​នាក់​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ច្បាប់​ ពី​អាជ្ញាធរ​ថៃ​តាមរយៈ​ការ​ចាប់​ឃុំឃាំង​ ឬ​អាច​នឹង​បញ្ជូន​មក​កម្ពុជា​វិញ​ ប្រសិន​បើ​ពួកគេ​មិន​បាន​ចុះ​ឈ្មោះ​ធ្វើ​ប័ណ្ណ​ស្រប​ច្បាប់​តាម​ការ​កំណត់​របស់​រដ្ឋាភិបាល​ថៃ​។ មន្រ្តី​ទទួល​បន្ទុក​ផ្នែក​អន្តោប្រវេសន៍​ Central​ ឲ្យ​ដឹង​ថា​ ពលករ​ខ្មែរ​នឹង​ត្រូវ​ប្រឈម​បញ្ហា​ទាំង​នោះ​ ​បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​អនុវត្ត​គោលការណ៍​លើ​ពលករ​ខុស​ច្បាប់​ក្រោយ​ថ្ងៃ​ទី​១៣​កុម្ភៈ​ខាង​មុខ​។

ពលករបរទេសនៅប្រទេសថៃត្រូវបានយកទៅធ្វើតេស្តកូវីដ១៩ ក្រោយផ្ទុះកូវីដ១៩ជាសហគមន៍នៅខេត្តសាមុតសាខន កាលពីថ្ងៃទី១៧ធ្នូ
ពលករបរទេសនៅប្រទេសថៃត្រូវបានយកទៅធ្វើតេស្តកូវីដ១៩ ក្រោយផ្ទុះកូវីដ១៩ជាសហគមន៍នៅខេត្តសាមុតសាខន កាលពីថ្ងៃទី១៧ធ្នូ AP - Chalida Ekvitthayavechnukul
ផ្សាយពាណិជ្ជកម្ម

គិតមកដល់ថ្ងៃទី៩កុម្ភៈនេះ ការកំណត់នៃការចុះឈ្មោះធ្វើប័ណ្ណបញ្ជីស្របច្បាប់នៅសល់តែចំនួន៥ថ្ងៃទៀតប៉ុណ្ណោះ ដែលកាលនោះអាជ្ញាធរបានកំណត់ពេលឲ្យពលករទាំងអស់ធ្វើការចុះឈ្មោះពីថ្ងៃទី១៥មករា ដល់ត្រឹមថ្ងៃទី១៣កុម្ភៈ។ លោកលឹង សុផុន មន្ត្រីទទួលបន្ទុកកិច្ចការអន្តោប្រវេសន៍នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) បានប្រាប់វិទ្យុបារាំងអន្តរជាតិពីខេត្តឆុនបុរីប្រទេសថៃថា ក្នុងរយៈពេលជាងមួយខែមកនេះ មានពលករខ្មែរប្រមាណជិត១១ម៉ឺននាក់ (១០,៩៣៩២) បានចុះឈ្មោះស្នើសុំប័ណ្ណស្របច្បាប់ពីអាជ្ញាធរថៃ។ ក៏ប៉ុន្តែនៅមានពលករខ្មែរប្រមាណជាង១៣ពាន់នាក់ (១៣៤៣៤) នៅមិនទាន់បានធ្វើការចុះឈ្មោះធ្វើប័ណ្ណស្របច្បាប់នេះនៅឡើយទេ។

ពលករប្រមាណជាង១៣ពាន់នាក់នោះ នឹងអាចប្រឈមបញ្ហាផ្លូវច្បាប់ មានដូចជាការចាប់ខ្លួន ការឃុំឃាំង និងការបញ្ជូនត្រលប់មកកម្ពុជាវិញ ប្រសិនបើអាជ្ញាធរថៃរកឃើញថា ពួកគេជាពលករខុសច្បាប់។ បើតាមលោកលឹង សុផុន អាជ្ញាធរថៃនឹងចាត់វិធានការទៅតាមគោលការណ៍របស់រដ្ឋាភិបាលថៃ ក្រោយតែរយៈពេល១ខែនៃការចុះបញ្ជីស្របច្បាប់ដល់ពេលកំណត់។

យ៉ាងណាក្តីទោះជាមានការចុះបញ្ជីស្របច្បាប់ ក៏ពលករខ្មែរមួយចំនួនទៀតនៅបន្តមានបញ្ហាគ្មានការងារធ្វើនៅឡើយ។ មន្ត្រីផ្នែកអន្តោប្រវេសន៍ដដែរ បានបញ្ជាក់ថា ពលករខ្មែរប្រមាណជិត១១ម៉ឺននាក់ដែលបានចុះឈ្មោះរួចរាល់ គឺពួកគេក៏មានថៅកែចាំទទួលយកទៅធ្វើការវិញដែរ។ តែពលករប្រមាណជាង១៥ពាន់នាក់ផ្សេងទៀត នៅមិនទាន់មានថៅកែទទួលពួកគេចូលធ្វើការ បើទោះពួកគេបានចុះបញ្ជីស្របច្បាប់នោះរួចហើយក្តី។

នៅថ្ងៃនេះដែរ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ឲ្យដឹងថា ក្រសួងការងារកំពុងបន្តតាមដានយន្តការរបស់អាជ្ញាធរថៃនៅពេលនេះ តែយ៉ាងណាក្រសួងនៅតែបន្តអំពាវនាវឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ គោរពទៅតាមគោលការណ៍របស់រដ្ឋាភិបាលថៃ និងធ្វើយ៉ាងណាចុះឈ្មោះស្នើសុំបញ្ជីស្របច្បាប់ឲ្យទាន់ពេលវេលាដែលភាគីថៃកំណត់ ដើម្បីចៀសវាងពីបញ្ហាប្រឈមណាមួយ។

សូមជម្រាបជូនថា រដ្ឋាភិបាលថៃបានដាក់ចេញនូវគោលការណ៍ផ្តល់ប័ណ្ណស្របច្បាប់ចំនួន២ឆ្នាំ កាលពីថ្ងៃទី២៩ធ្នូកន្លងទៅ ដល់ពលករទាំងអស់ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ រួមមានពលករខ្មែរផងដែរ។ នេះក៏ដោយសារ បញ្ហាផ្ទុះជំងឺកូវីដ១៩ជាសហគមន៍នៅខេត្តសាមុតសាខន នៅថ្ងៃទី១៧ធ្នូ ហើយរដ្ឋាភិបាលថៃបានកំណត់អត្តសញ្ញាណខ្ពស់នៃការឆ្លងទៅលើពលករបរទេសដែលកំពុងធ្វើការក្នុងប្រទេសខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ