អានតួអត្ថបទ
កម្ពុជា-សង្គម

ខេត្តកណ្តាល៖ មិនមានការឆ្លងដែន ឬចរាចរចេញចូលតាមព្រំដែន ខ្មែរ-វៀតណាមខុសច្បាប់ទេ អំឡុងបុណ្យចូលឆ្នាំចិន និងវៀតណាម

អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​អះអាង​ថា ​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ចិន​ វៀតណាម​ នេះ ​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​ កម្ពុជា-វៀតណាម ​មិន​មាន​ការ​ចេញ​ចូល​ទៅ​មក​រក​គ្នា​នោះ​ទេ​ ដោយ​សារ​តែ​ជំងឺ​កូវីដ១៩​បម្លែង​ខ្លួន​ថ្មី​កំពុង​មាន​ការ​រីករាលដាល​ ក្នុង​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​វៀតណាម​។ ​ការ​ដែល​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ មាន​ការ​ឆ្លង​ព្រំដែន​ប្រទេស​ទាំង​ពីរ​ គឺ​ដោយសារ​អាជ្ញាធរ​ បាន​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​តឹងរ៉ឹង​ និង​ម៉ឺងម៉ាត់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូវីដ១៩​នេះ ​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្នុង​កម្ពុជា​។

ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ចាំយាមក្នុងខេត្តកោះកុង (រូបភាពតំណាង)
ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ចាំយាមក្នុងខេត្តកោះកុង (រូបភាពតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី១២ ខែកុម្ភៈនេះ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា មិនមានការឆ្លងដែនខុសច្បាប់ ឬចរាចរចេញចូលតាមព្រំដែនខ្មែរ-វៀតណាមទេ ខណៈពីធីបុណ្យចូលឆ្នាំចិន និងវៀតណាមកំពុងតែបន្តនៅឡើយ។ ការដែលមិនមានការចរាចរណ៍បែបនេះ ក៏ព្រោះតែខេត្តជាប់ព្រំដែន និងអាជ្ញាធរវៀតណាម មានការរឹតបន្តឹងយ៉ាងតឹងរ៉ឹង ក្នុងការទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩ បម្លែងខ្លួនថ្មី ពីវៀតណាមចូលមកកម្ពុជា។ កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ វៀតណាមបាន រកឃើញមានការឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៤៩ករណីបន្ថែមទៀត។

លោកអភិបាលខេត្តដដែលបន្តថា ការរឹតបន្តឹងច្រកព្រំដែនកម្ពុជា វៀតណាមនេះ ធ្វើឡើងចំពោះតែការចរាចរមនុស្សចេញចូលប៉ុណ្ណោះ មិនប៉ះពាល់ដល់ផ្លូវសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ដែលនៅតែមានដំណើរការចេញចូលជាប្រក្រតី ដោយមានការពិនិត្យសុខភាព អ្នកនាំទំនិញចេញចូល ឬអ្នកបើកបរដឹកទំនិញជាដើម។

ជាការកត់សម្គាល់ ការទប់ស្កាត់ការនាំចូលនូវវីរុសបម្លែងខ្លួនថ្មី ពីប្រទេសវៀតណាមនេះ អាជ្ញាធរខេត្តកណ្តាលបានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ ចំនួន ៦០ប៉ុស្តិ៍ នៅតាមច្រកព្រំដែនខ្មែរ វៀតណាម ទាំងច្រកតូចនិងច្រកធំ។ ក្រៅពីនេះ ក៏មានរៀបចំនូវមណ្ឌលចត្តាឡីស័កចំនួន ១១មណ្ឌល ក្នុងនោះមានមណ្ឌលច័ត្តាឡីស័កធំៗចំនួន៣ ដែលស្ថិតនៅក្នុងស្រុកកោះធំ លើកដែក និងពញ្ញាឮ ដែលអាចទទួលផ្ទុកអ្នកធ្វើចត្តាឡីស័ក បានចន្លោះពី៣០០ ទៅ៥០០នាក់។

គិតចាប់ពីថ្ងៃផ្ទុះឡើងជំងឺកូវីដ១៩បម្លែងខ្លួនថ្មី នៅក្នុងប្រទេសវៀតណាមមក ខេត្តកណ្តាលទទួលបានអ្នកធ្វើចត្តាឡីស័កចំនួន ១៣នាក់ហើយ ក្នុងចំណោមនោះមិនមានរកឃើញអ្នកផ្ទុកវីរុសកូវីដ១៩បម្លែកខ្លួនថ្មីនោះទេ។  ចំពោះប្រជាពលរដ្ឋកម្ពុជា/វៀតណាមទាំងចំនួន ១៣នោះ មាន៣នាក់ ជាអ្នកធ្វើដំណើរត្រឡប់មកពីប្រទេសថៃ និង១០នាក់ផ្សេងទៀត ជាអ្នកដែលមានប័ណ្ណស្នាក់នៅក្នុងប្រទេសកម្ពុជា ហើយបានឆ្លងចូលមកពីវៀតណាម តាមច្រកព្រំដែន និងកំពុងដាក់ឱ្យធ្វើចត្តាឡីស័ក នៅក្នុងមណ្ឌលចត្តាឡីស័ករួចរាល់ហើយ។ នេះបើតាមលោកគង់ សោភ័ណ្ឌ។

នៅថ្ងៃសុក្រនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ប្រាក់បន្ថែម ចំពោះបណ្តាខេត្ត ដែលកំពុងមានប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នូវថវិកាចំនួន១៧០លានរៀល និងសម្ភារចំនួន ៨០០កញ្ចប់ ចំពោះខេត្តចំនួន៦ រួមមាន ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តតាកែវ ជាដើម។

សូមរម្លឹកថា កាលពីទី០៤ ខែកុម្ភៈកន្លងទៅ ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដោយណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ នៅបណ្តាខេត្តជាប់ព្រំដែនទាំង៩ មានខេត្តកណ្តាល កំពត តាកែវ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ រតនគិរី និងមណ្ឌលគិរី ត្រូវទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ