អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

អាជ្ញាធរខេត្តជាប់ព្រំដែនអះអាងពីការរឹតបន្តឹងការចេញចូល ក្រោយពីមានបទបញ្ជាថ្មីរបស់ប្រមុខរដ្ឋាភិបាល

អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ-ថៃ​ និងវៀតណាម ​អះអាង​ថា​កំពុង​បន្ត​វិធានការ​យ៉ាង​តឹងរឹង​ និង​ម៉ឹងម៉ាត់ ​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ​បន្ទាប់​ពី​មាន​ការ​ចេញ​បញ្ជា​ភ្លាមៗ​ របស់​ប្រមុខរដ្ឋាភិបាល​កម្ពុជា​លោក​ ហ៊ុន សែន ​នៅ​ថ្ងៃ​ចន្ទ ​នេះ​។ ​ជា​បទបញ្ជា​ថ្មី​តាម​រយៈ​សារ​ជា​សំឡេង​ ក្រោយ​ពី​រកឃើញ​ថា ​ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​មក​ពី​ប្រទេសថៃ ​នៅ​តែ​មាន​ចំនួន​ច្រើន​ ហើយ​អ្នកខ្លះ​បាន​គេចវេស​ពី​ការ​ធ្វើ​ចត្តាឡីស័ក​។

ពលករខ្មែរពេលមកដល់ប្រទេសកម្ពុជាវិញ កាលពីខែមីនា ក្រោយការមានឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ
ពលករខ្មែរពេលមកដល់ប្រទេសកម្ពុជាវិញ កាលពីខែមីនា ក្រោយការមានឆ្លងជំងឺកូវីដ១៩នៅប្រទេសថៃ © FB
ផ្សាយពាណិជ្ជកម្ម

ឆ្លើយតបនឹងការចេញបទបញ្ជាក្តៅ របស់ប្រមុខរដ្ឋាភិបាលនេះ លោក លី សារី អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ  RFI ថា ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ដែលមានការឆ្លងចេញពីខេត្តជាប់ព្រំដែនខ្មែរ-ថៃច្រើនជាងព្រំដែនខ្មែ-រវៀតណាមនោះ គឺដោយសារនៅពេលដែលប្រជាពលរដ្ឋមកដល់ភ្លាម ត្រូវបញ្ចូនបន្តទៅតាមខេត្តគោលដៅរៀងៗខ្លួន ដោយមិនបានឱ្យប្រជាពលរដ្ឋទាំងនោះ ធ្វើចត្តាឡីស័កនៅតាមច្រកព្រំដែន ដែលពួកគេមកដល់ភ្លាមៗនោះទេ។ មួយវិញទៀត មានប្រជាពលរដ្ឋមួយចំនួនព្យាយាមគេចវេស មិនព្រមធ្វើចត្តាឡីស័ក តាមការកំណត់ដែល ចំនុចនេះជាការលំបាកមួយ របស់ខេត្តជាប់ព្រំដែនដែរ ព្រោះមណ្ឌលចត្តាឡីស័ក មិនមានរបងគត់មត់នោះទេ បើទោះជាក្រុមត្រួតពិនិត្យប្រចាំការ២៤ម៉ោងក៏ដោយ។

ជាការគូសបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យខេត្តបន្ទាយមានជ័យថា ក្រោយការចេញនូវវិធានការនេះ ខេត្តមានការកោះប្រជុំជាមួយក្រសួងសុខាភិបាលភ្លាម ដើម្បីដោះស្រាយលើចំនុចចន្លោះប្រហោងទាំងនោះ។ ហើយក៏មានដែរ វិធានការអប់រំផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋយល់ និងព្រមសហការ ធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានអ្នកធ្វើចត្តាឡីស័កចំនួនជាង ៤ពាន់នាក់ហើយ ក្នុងនោះបានរកឃើញអ្នកជំងឺកូវីដ១៩ប្រមាណជាង២០នាក់ ដែលជាពលករឆ្លងដែនមកពីប្រទេសថៃ។ នេះបើតាម លោកលី សារី។

ជុំវិញវិធានការរឹតបន្តឹងនេះដែរ លោកលី សាវ៉េត អភិបាលរងខេត្តតាកែវវិញ បានថ្លែងថា ការដាក់ឱ្យអ្នកធ្វើដំណើរត្រឡប់មកពីប្រទេសថៃ វៀតណាមធ្វើចត្តាឡីស័ក គឺជាវិធានការចាំបាច់បំផុត។ ក្រៅពីនោះអាជ្ញាធរ បានចុះសាកសួរព័ត៌មានជាប្រចាំ ចំពោះគ្រួសារណា ដែលមានសមាជិកត្រឡប់មកពីប្រទេសជិតខាង ប្រសិនជាមានការសង្ស័យណាមួយ ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កក្នុងខេត្តភ្លាម។

គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈម្សិលម៉ិញ ខេត្តតាកែវមានចំនួនអ្នកធ្វើចត្តាឡីស័កចំនួន ៧៧នាក់ហើយ ក្នុងនោះមានអ្នកធ្វើដំណើរមកពីប្រទេសថៃចំនួន ២៤នាក់ និងអ្នកធ្វើដំណើរមកពីប្រទេសវៀតណាមចំនួន ៥៣នាក់ ដោយមិនមានរកឃើញអ្នកឆ្លងកូវីដ១៩នោះទេ។

សូមរម្លឹកជូនថា ការចេញបទបញ្ជាក្តៅ របស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នៅពេលនេះទៀត ក៏ព្រោះតែមានពលករខ្មែរម្នាក់ បានជាន់មីនរងរបួសដាច់ជើង ដោយសារតែការលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា និងគេចពីការធ្វើចត្តាឡីស័ក កាលពីយប់ថ្ងៃអាទិត្យទី១៤កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ