អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងការងារនិងស្ថានទូតខ្មែរព្រមានពលករមកថៃថានឹងត្រូវអស់លុយ១លានរៀលបើហ៊ានគេសវេះពីការធ្វើចត្តាឡីស័ក

ក្រសួង​ការងារ​ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ​បាន​ចេញ​មក​ព្រមាន​ដល់​ពលករ​ខ្មែរ​ដែល​ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ​ថា ​មិន​ត្រូវ​លួច​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ និង​ គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា​ឡើយ​។ ​ក្រសួង​ការងារ​ និង​ស្ថានទូត​កម្ពុជា​ព្រមាន​ទៀត​ថា​ បើ​សិន​ពួកគេ​ហ៊ាន​បំពាន​ នោះ​នឹង​ត្រូវ​រង​ការ​ពិន័យ​១​លាន​រៀល​តាម​ច្បាប់​របស់​កម្ពុជា​។ ​ការ​ព្រមាន​ទាំង​នេះ ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ នៅ​ព្រឹកមិញ​នេះ ​បាន​បង្ហាញ​ពី​បំណង​ចង់​ឱ្យ​មាន​ចាត់​វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​បាន​តឹងរឹង​បន្ថែម​ទៀត​លើ​អ្នក​ដែល​គេចវេស​មិន​ព្រម​ធ្វើ​ចត្តាឡីស័ក​។

ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ នៅក្នុងខេត្តបន្ទាយមានជ័យនាពេលកន្លងមក
ពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ នៅក្នុងខេត្តបន្ទាយមានជ័យនាពេលកន្លងមក © FB
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីប្រកាសព័ត៌មានពីរដាច់ដោយឡែកពីគ្នាប៉ុន្តែក្នុងន័យតែមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានអះអាងប្រាប់ដល់ក្រុមពលករខ្មែរថា មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាដែ​លអាចមានហានិភ័យខ្ពស់ចំពោះ អាយុជីវិតផ្ទាល់ខ្លួន និងការនាំជំងឺឆ្លងចូលមកប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ ពួកគេត្រូវអនុវត្តការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានសុខាភិបាលដោយមិនត្រូវគេចវេះជាដាច់ខាត​។ ក្រសួងការងារ និងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃបានព្រមានថា ក្នុងករណីដែលពួកគេហ៊ានគេចវេះមិនធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវទេនោះ  នឹងត្រូវទទួលរងការផាកពិន័យ១លានរៀល ឬច្រើនជាងនេះនិងទទួលទោសព្រហ្មទណ្ឌ​ថែមទៀត។

ជាមួយគ្នានេះ ក្រសួងការងារ និងស្ថានទូតកម្ពុជាក៏បានប្រាប់ពលករខ្មែរនៅថៃដែរថា ត្រូវសហការផ្តល់ព័ត៌មានដល់ស្ថានទូត ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំពួកគេឆ្លងដែនចេញ-ចូលដោយខុសច្បាប់មកកាន់ប្រទេសកម្ពុជា។ ចំណែក ស្ថានទូតកម្ពុជាបានប្រាប់បន្ថែមថា ពលករខ្មែរត្រូវគោរពអនុវត្ត និងចូលរួមសហការឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានាររបស់រដ្ឋាភិបាលថៃដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩។

ដោយឡែក ក្រសួងសុខាភិបាលកម្ពុជាវិញ ក៏បានក្រើនរំលឹកពីបញ្ហាផាកពិន័យនេះដល់អភិបាលរាជធានី-ខេត្តទាំងអស់នៅកម្ពុជា។ ក្រសួងសុខាភិបាលបានប្រាប់ដល់អភិបាលរាជធានី-ខេត្តទាំងអស់ឱ្យអនុវត្តនូវការផាកពិន័យនេះ ដែលតាមច្បាប់ គឺចន្លោះពី២០ម៉ឺនរៀល ទៅ១លានរៀលចំពោះអ្នកដែលគេសវេះពីការធ្វើចត្តាឡីស័ក។ ក៏ប៉ុន្តែ ការផាកពិន័យនេះ បើប្រៀបធៀបទៅនឹងប្រទេសក្បែរខាងកម្ពុជាវិញ គឺនៅកម្រិតមួយទាបខ្លាំងណាស់។

ជាក់ស្តែង នៅប្រទេសវៀតណាម រដ្ឋាភិបាលវៀតណាមបានកំណត់ថា ប្រសិនបើអ្នករត់ចេញ ឬខកខានមិនបានធ្វើចត្តាឡីស័ក គឺនឹងត្រូវពិន័យជាទឹកប្រាក់២០លានដុងឬប្រហែលជាង៨០០ដុល្លារអាមេរិក និងអនុវត្តទោសព្រហ្មទណ្ឌបើសិនបានចម្លងមេរោគកូវីដ១៩ទៅអ្នកដទៃ។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម។ បើតាមស្ថានទូតកម្ពុជា នៅវៀតណាម អ្នករំលោភវិធានការពារជំងឺកូវីដ១៩ អាចប្រឈមការជាប់គុក១២ឆ្នាំ ឯអ្នកមិនធ្វើសេចក្តីប្រកាសសុខភាព ឬប្រកាសក្លែងក្លាយនឹងត្រូវពិន័យដល់ទៅ១០០លានដុងឬប្រមាណជាង៤ពាន់ដុល្លារអាមេរិក ខណៈអ្នកមិនពាក់ម៉ាសនៅកន្លែងសាធារណៈនឹងត្រូវពិន័យ៣លានដុងឬ១៣០ដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ