អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោក ហ៊ុន សែន បញ្ជាឲ្យពង្រាយកងកម្លាំងប្រដាប់អាវុធក្រោមហេតុផលរឹតបន្តឹងការធ្វើចត្តាឡីស័ក

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ប្រមុខ​រដ្ឋាភិបាល​ លោក​ ហ៊ុន សែន ​បាន​ដាក់​ចេញ​បទបញ្ជា​ក្តៅៗ​ចំនួន​២​ដង ​ដោយ​បញ្ជា​ឲ្យ​មេទ័ព​ មេកងរាជអាវុធហត្ថ​ និង​មេប៉ូលីស ​ត្រូវ​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន ដើម្បី​រឹត​បន្តឹង​ការ​ធ្វើ​ចត្តាឡីស័ក​។ ​បទបញ្ជា​នេះ​កើត​ឡើង​​ស្រប​ពេល​ដែល​កម្ពុជា​ទើប​រក​ឃើញ​ករណី​កូវីដ១៩​បំប្លែង​ខ្លួន​ថ្មី​ចំនួន​៣​ករណី​ដែល​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ ខណៈ​ពលករ​មក​ពី​ក្រៅ​ប្រទេស​មួយ​ចំនួន​គេចវេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន AFP/File
ផ្សាយពាណិជ្ជកម្ម

ក្នុងសារជាសំឡេងតាមតេឡេក្រាម​រយៈពេល២៤វិនាទី​ដែល​អ្នក​កាសែត​ទទួលបាន​ព្រឹក​ថ្ងៃទី១៦​កុម្ភៈ​២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាចំៗឈ្មោះ​ដល់លោក វង្ស ពិសេន អគ្គមេបញ្ជាការ​កងយុទ្ធពល​ខេមរៈភូមិន្ទ លោក សៅ សុខា មេបញ្ជាកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស និង​លោក ហ៊ុន ម៉ាណែត មេបញ្ជាកងទ័ពជើងគោក ត្រូវ​ពង្រាយ​កងទ័ព ក្រោម​ហេតុ​ផល​រឹត​បន្តឹង​ការ​ធ្វើ​ចត្តាឡីស័ក។ ជាមួយគ្នានោះ លោក ហ៊ុន សែន ក៏បញ្ជាឲ្យ​​លោក នេត សាវឿន អគ្គស្នងការ​នគបាលជាតិ​ត្រូវ​តាម​ដាន​មេប៉ូលីស​មួយចំនួន​ដែលលោក​សង្ស័យថាពាក់​ព័ន្ធនឹងអំពើពុករលួយ​ក្នុងការ​ដោះលែង​មេខ្យល់​ដែល​នាំពលករ​ឆ្លង​ដែន​ខុស​ច្បាប់ ហើយថាអភិបាលខេត្តនីមួយៗត្រូវទទួល​ខុស​ត្រូវចំពោះ​មុខ​នាយក​រដ្ឋមន្ត្រី។

បើតាម​លោក​ប្រមុខ​រដ្ឋាភិបាល ករណីពលករ​​ឆ្លង​ដែន​ខុស​ច្បាប់ និង​គេចវេះ​ពីការ​ធ្វើ​ចត្តាឡីស័កនេះ​គឺជារឿង​គ្រោះ​ថ្នាក់ដល់​ប្រទេសជាតិ ខណៈកម្ពុជា​ទើប​រក​ឃើញករណី​កូវីដ១៩​បំប្លែង​ខ្លួន​ថ្មី ចំនួន៣ករណីដែលនាំចូល​ពីក្រៅប្រទេស។ ​

គិត​ត្រឹម​យប់​ថ្ងៃទី១៤ ខែកុម្ភៈ មាន​ពលករ​ឆ្លងដែន​មក​ពី​ប្រទេស​ថៃ ដែលបាន​ចូល​ធ្វើ​ចត្តាឡីស័​កមាន​ចំនួន ៣៥ ៦៦៥នាក់ ក្នុង​នោះ​អ្នក​កំពុង​ធ្វើ​ចត្តាឡីស័​កនៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ទាំង៧ មាន​ចំនួន ១១ ៨៥៧នាក់។ក្នុងចំណោម​អ្នក​ឆ្លងដែន​ពី​ប្រទេស​ថៃ​នេះ កម្ពុជាបាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ សរុប​ចំនួន៨៩នាក់​។ នេះបើ​តាម​លោក ហ៊ុន សែន។

ក្រៅពីការឆ្លងកូវីដ១៩ ក៏មាន​ពលករ​ខ្មែរ​ម្នាក់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ជាន់​មីន​របួសជើងម្ខាងក្រោយពី​បាន​លួច​ឆ្លង​ពី​ប្រទេស​ថៃ​មក​កម្ពុជា តាម​តំបន់​ព្រៃភ្នំ ជាយក្រុង​ប៉ោយប៉ែត កាលពី​​យប់ ថ្ងៃទី១៤ ខែកុម្ភៈ ដើម្បី​គេច​ចេញពី​ការ​ធ្វើ​ចត្តាឡីស័​ក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ