អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

កូវីដ១៩៖ ចាប់តាំងពីចុងឆ្នាំ២០២០ រដ្ឋចំណាយប្រាក់ជិត៣ពាន់លានរៀលលើការធ្វើចត្តាឡីស័កនៅខេត្តជាប់ព្រំដែន

រាប់​ចាប់​តាំង​ពី​ការផ្ទុះឡើង​ជំងឺ​កូវីដ១៩​ នៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា ​ថៃ ​និង​ព្រំដែន​កម្ពុជា​វៀតណាម​ចុង​ឆ្នាំ​២០២០ ​រហូត​ដល់​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជាតិ​ជិត​ ៣​ពាន់​លាន​រៀល​ សម្រាប់​ផ្គត់​ផ្គង់​និង​ជួយ​សម្រួល​ដល់​ការចំណាយ​សម្រាប់​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​ជាប់​ព្រំដែន​ទាំង​នោះ​។ ថវិកា​ជិត​ ៣​ពាន់​លាន​រៀល​នេះ ​គឺ​ជា​កព្ចាប់​ថវិកា​ជាតិ​ដោយ​មិន​រាប់​បញ្ចូល​ថវិកា​ពី​សប្បុរស​ជន​ឡើយ​។

ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ចាំយាមក្នុងខេត្តកោះកុង (រូបតំណាង)
ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ចាំយាមក្នុងខេត្តកោះកុង (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

ថវិកាជិត៣ពាន់លានរៀល ត្រូវបានរដ្ឋាភិបាលកម្ពុជាទម្លាក់ជាបន្តបន្ទាប់ និងចែកចេញជាបួនដំណាក់កាល សម្រាប់ខេត្តជាប់ព្រំដែនខ្មែរ-ថៃ ចំនួន៧ រួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តនិងកោះកុង។ ក្នុងចំណោមនោះ ខេត្តដែលមានបន្ទុកទទួលពលករត្រឡប់​មកពីប្រទេស​ថៃជា​គំហុក​មាន​​ខេត្ត​បាត់ដំបង ​ប៉ៃលិន ​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ​។ ក្នុង​ចំណោម​នោះ ខេត្តដែលទទួលបានថវិកាច្រើនជាងគេ ចំនួនជាង៦០០លានរៀល គឺខេត្តប៉ៃលិន បន្ទាប់មកទៀតគឺ​ខេត្តឧត្តរមានជ័យទទួលបានថវិកាជិត៦០០លានរៀល។ ចំណែក​ខេត្ត២ទៀត ដែលមាន ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ទទួលបានថវិកាចំនួនជាង៤០០លានរៀល រួមនឹងសម្ភារៈគ្រឿងឧបភោគបរិភោគ មានទឹកសុទ្ធនិងមីកញ្ចប់ជាច្រើនពាន់កេសផងដែរ។

​ជាមួយគ្នានេះ ថវិកាចំនួន១៧០លានរៀល និងសម្ភារៈចំនួន៨០០កញ្ចប់ ត្រូវបានផ្តល់ទៅខេត្តចំនួន៦ទៀត ដែលជាប់ព្រំដែនកម្ពុជា វៀតណាម ក្នុងនោះខេត្តស្វាយរៀងទទួលបានថវិកាច្រើនជាងគេចំនួន៥០លានរៀល និងសម្ភារៈចំនួន៣០០កញ្ចប់។  បន្ទាប់មក ខេត្តតាកែវ និងព្រៃវែង ទទួលបានថវិកា៣០លានរៀល និងសម្ភារចំនួន១០០កញ្ចប់ ក្នុង​ពេល​ដែល​​ខេត្តចំនួនបីទៀតមាន ខេត្តកណ្តាល ត្បូងឃ្មុំ និងខេត្តរតនគិរី ទទួលបានថវិកាចំនួន២០លានរៀល និងសម្ភារៈចំនួន១០០កញ្ចប់។

បន្ថែមពីលើការទម្លាក់កញ្ចប់ថវិកា លោកហ៊ុន សែន ក៏បានណែនាំទៅដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនខ្មែរ-ថៃ និងព្រំដែនខ្មែរ-វៀតណាម។ នៅ​ព្រំដែនថៃ បើតាមលោក ហ៊ុន សែន ធ្លាប់អះអាងនា​ពេល​កន្លងមក​ថា ការគ្រប់គ្រងចលនាចេញចូលនៅទីនោះ​មិនទាន់បានល្អ ដូចការគ្រប់គ្រងនៅព្រំដែនខ្មែរ-វៀតណាមនៅឡើយទេ។

ជាមួយគ្នានេះ ខេត្តជាប់ព្រំដែនខ្មែរ-ថៃ ត្រូវពិនិត្យមើលចំនុចខ្វះខាតឡើងវិញ និងលើកសំណើមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័កឱ្យបានគ្រប់ចំនួន១៤ថ្ងៃត្រឹមត្រូវ និងអនុវត្តវិធានការក្តៅដោយ​ផាកពិន័យលើជនណាដែលមិនព្រមធ្វើចត្តាឡីស័ក។

សូមរម្លឹកជូនថា ការ​បទបញ្ជាក្តៅ​របស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន នៅពេលនេះ ដាក់​ចេញ​ព្រោះតែមានពលករខ្មែរម្នាក់បានជាន់មីនរងរបួសដាច់ជើង ដោយសារតែការលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា និងគេចពីការធ្វើចត្តាឡីស័ក កាលពីយប់ថ្ងៃអាទិត្យទី១៤កុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ